(ប៉េកាំង)៖ សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងវិញក្នុងល្បឿនលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទី៣ ប៉ុន្តែការស្ទុះងើបឡើងវិញដែលរឹងមាំជាងនេះក្នុងរយៈពេលវែង នឹងត្រូវប្រឈមនឹងវិធានការទប់ទល់នឹងជំងឺកូវីដ-១៩ ការធ្លាក់ចុះជាបន្តនៃវិស័យអចលនទ្រព្យ និងហានិភ័យនៃការធ្លាក់ចូលក្នុងការដើរថយក្រោយនៃសេដ្ឋកិច្ចសកល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យផ្លូវការដែលចេញផ្សាយនៅថ្ងៃចន្ទថា ដោយសារមានជំនួយពីវិធានការនានារបស់រដ្ឋាភិបាល សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះបានកើនឡើង ៣,៩% ក្នុងត្រីមាសទី៣ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើននេះមានកម្រិតខ្ពស់ជាង ៣,៤% នៅក្នុងការស្ទង់មតិរបស់រ៉យទ័រ និងខ្ពស់ជាង កំណើន ០,៤នៅក្នុងត្រីមាសទីពីរ។
ទោះជាយ៉ាងណា តម្រូវការក្នុងស្រុកបានធ្លាក់ចុះរហូតដល់ចុងត្រីមាសទី៣ ដោយសារការផ្ទុះឡើងនៃករណីឆ្លងជំងឺកូវីដដែលបាននាំឱ្យមានការបិទខ្ទប់ ខណៈពេលដែលកំណើននៃការនាំចេញបានថមថយ ហើយវិស័យអចលនទ្រព្យដ៏សំខាន់បានធ្លាក់ចុះបន្ថែមទៀត ដែលបង្ហាញឱ្យឃើញពីការស្ទុះងើបឡើងវិញសេដ្ឋកិច្ចដ៏គួរឱ្យបារម្ភ។
ដោយមានចក្ខុវិស័យដ៏ងងឹត ប្រទេសចិនមើលទៅហាក់ដូចជាដើរបន្តទៅមុខទៀតជាមួយនឹងគោលនយោបាយទប់ស្កាត់កូវីដដ៏តឹងរ៉ឹងបំផុតរបស់ខ្លួន ដែលគាំទ្រដោយបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច ដែលបានបញ្ចប់ការរុះរើថ្នាក់ដឹកនាំកំពូលរបស់ខ្លួនកាលពីថ្ងៃអាទិត្យជាមួយនឹងការបន្តកាន់អំណាចអាណត្តិទី៣ របស់លោកប្រធានាធិបតី ស៊ី ជីនពីង។
ទីភ្នាក់ព័ត៌មានរ៉យទ័របានរាយការណ៍ថា ការប្រើប្រាស់របស់អតិថិជនមានចំណែក ២,១ភាគរយនៃកំណើន ផ.ស.ស ដែលមាន ៣,៩% ខណៈពេលដែលការបង្កើតដើមទុន (ការវិនិយោគ) និងការនាំចេញសុទ្ធមានចំនួន ០,៨ភាគរយ និង ១,២ភាគរយរៀងគ្នា។
សេដ្ឋកិច្ចចិនត្រូវបានជំរុញដោយការផលិត ខណៈទិន្នផលឧស្សាហកម្មក្នុងខែកញ្ញាបានកើនឡើង ៦,៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលលើសពីការរំពឹងទុកដែលថាមានតែ ៤,៥% និងកើនឡើងពីខែសីហាដែលមានតែ ៤,២%៕