(សិង្ហបុរី)៖ ការនាំចូលប្រេងរបស់ចិនពីប្រទេសរុស្ស៊ីបានកើនឡើង ២២ភាគរយនៅក្នុងខែកញ្ញាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែនៅមានកម្រិតទាបជាងការនាំចូលពីប្រទេសអារ៉ាប៊ីសាអូឌីត ខណៈដែលក្រុមហ៊ុនចម្រាញ់ឯករាជ្យបានទិញប្រេងឥន្ធនៈរុស្ស៊ីក្នុងតម្លៃទាបបន្ថែមទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលគយចិនកាលពីថ្ងៃចន្ទថា ការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី រួមទាំងប្រេងដែលបូមតាមបំពង់បង្ហូរប្រេងនៅមហាសមុទ្រស៊ីបេរីប៉ាស៊ីហ្វិក និងការដឹកជញ្ជូនតាមសមុទ្រពីកំពង់ផែអឺរ៉ុប និងចុងបូព៌ារបស់រុស្ស៊ី មានចំនួនសរុប ៧,៤៥លានតោន។

បរិមាណនេះស្មើនឹង ១,៨២លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ដែលបានថយចុះពី ១,៩៦លានបារ៉ែលក្នុងមួយថ្ងៃក្នុងខែសីហា និងធៀបទៅនឹងកម្រិតខ្ពស់បំផុតជិត ២លានបារ៉ែលក្នុងខែឧសភា។

ការនាំចូលប្រេងឆៅពីប្រទេសផ្គត់ផ្គង់កំពូលអារ៉ាប៊ីសាអូឌីតបានកើនឡើងដល់ ៧,៥៣លានតោន ឬ ១,៨៣លានបារ៉ែលក្នុងមួយថ្ងៃ ធៀបនឹងខែសីហាដែលមាន ១,៩៩លានបារ៉ែលក្នុងមួយថ្ងៃ និងទាបជាង ៥,៤ភាគរយធៀបនឹងបរិមាណដែលបាននាំចូលក្នុងខែកញ្ញាកាលពីឆ្នាំមុន។

ក្នុងរយៈពេលប្រាំបួនខែដំបូងនេះ អារ៉ាប៊ីសាអូឌីតបានកាន់កាប់តំណែងកំពូលជាមួយនឹងការលក់ប្រេងចំនួន ៦៥,៨៤លានតោនទៅឱ្យប្រទេសចិន ពោលគឺធ្លាក់ចុះ ១ភាគរយធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បរិមាណរបស់រុស្ស៊ីដែលនាំចេញទៅចិនបានកើនឡើងជិត ៩ភាគរយដល់ ៦៤,២៦លានតោន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕