(បាងកក)៖ ធនាគារកណ្តាលរបស់ប្រទេសថៃបានឱ្យដឹងនៅចុងសប្តាហ៍មុនថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់ទៅលើប្រាក់បាតដែលធ្លាក់ចុះថ្លៃខ្លាំង ក្នុងគ្រាដែលមានការប្រែប្រួលហិរញ្ញវត្ថុសកល ប៉ុន្តែមិនទាន់មានសញ្ញាចលនាមូលធនមិនធម្មតានៅឡើយទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សារមួយរបស់ធនាគារកណ្តាលថៃដែលផ្ញើទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីមានការធ្លាក់ចុះថ្លៃប្រាក់បាតយ៉ាងឆាប់រហ័សកាលពីពេលថ្មីៗនេះថា ការធ្លាក់ចុះថ្លៃរបស់រូបិយប័ណ្ណថៃត្រូវបានជំរុញជាចម្បងដោយសារការឡើងថ្លៃប្រាក់ដុល្លារអាមេរិក។

លោកស្រី Chayawadee Chai-Anant ជំនួយការទេសាភិបាលធនាគារកណ្តាលថៃបានឱ្យដឹងនៅក្នុងសារនេះថា មានភាពមិនច្បាស់លាស់ផងដែរអំពីការបន្ធូរបន្ថយវិធានការបិទខ្ទប់របស់ប្រទេសចិន ដែលអាចប៉ះពាល់ដល់ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍របស់ប្រទេសថៃ។

ប្រាក់បាតបានធ្លាក់ថ្លៃដល់កម្រិតទាបក្នុងរយៈពេល ១៦ឆ្នាំធៀបនឹងប្រាក់ដុល្លារ។ រូបិយប័ណ្ណនេះបានធ្លាក់ថ្លៃ ១៣ភាគរយធៀបនឹងប្រាក់ដុល្លាររហូតមកដល់ពេលនេះនៅឆ្នាំនេះ។

អ្នកស្រីបានថ្លែងថា វិនិយោគិនបរទេសនៅតែបានទិញទ្រព្យសកម្មថៃប្រហែល ១១០ពាន់លានបាត (២,៩ពាន់លានដុល្លារ) នៃទ្រព្យសកម្មថៃរហូតមកដល់ពេលនេះក្នុងឆ្នាំនេះ មានការទិញសុទ្ធនៃភាគហ៊ុនជាង ១៤០ពាន់លានបាត និងការលក់សុទ្ធនៃមូលបត្របំណុលចំនួន ៣០ពាន់លានបាត។

លោកស្រី Chayawadee បានបន្ថែមថា ធនាគារកណ្តាលថៃកំពុងជំរុញឱ្យវិស័យឯកជនគ្រប់គ្រងហានិភ័យរូបិយប័ណ្ណ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលទីផ្សារហិរញ្ញវត្ថុ ខណៈដែលភាពមិនច្បាស់លាស់នៅតែមានកម្រិតខ្ពស់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕