(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃវិស័យមូលបត្រ និងវិស័យអចលនទ្រព្យ គាំទ្រឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ឈានជើងចូលទីផ្សារភាគហ៊ុន ដើម្បីប្រមូលទុនពីទីផ្សារនេះ សម្រាប់អភិវឌ្ឍន៍វិស័យអចលនទ្រព្យ ខណៈរយៈពេលជាង២ឆ្នាំមកនេះ វិស័យអចលនទ្រព្យនៅកម្ពុជា បានរងផលប៉ះពាល់ ដោយសារវិបត្តិជំងឺកូវីត១៩ និងឥទ្ធិពលនៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បាន​​លើកទឹកចិត្តឱ្យក្រុមហ៊ុនអចលនទ្រព្យផ្សេងៗទៀត ដែលត្រូវការទុនសម្រាប់អភិវឌ្ឍន៍អចលនទ្រព្យរបស់ខ្លួន ទៅ​ចុះបញ្ជីនៅក្នុងផ្សារហ៊ុន​ ដោយបច្ចុប្បន្ននេះមានក្រុមហ៊ុនអចលនទ្រព្យមួយហើយ ដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ដើម្បីកៀរគរទុនពីសាធារណជន។ ​

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ជារួមយើងចង់ឱ្យវិស័យអចលនទ្រព្យ យកទីផ្សារមូលបត្រជាកន្លែង ដែលគាត់ប្រមូលដើមទុន ដើម្បីធ្វើការអភិវឌ្ឍន៍វិស័យអចលនទ្រព្យបន្ត។ បច្ចុប្បន្ននេះ មានក្រុមហ៊ុនអចលនទ្រព្យមួយហើយ ដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា គឺក្រុមហ៊ុន ជេអេសលែន ហើយយើងលើកទឹកចិត្តឱ្យក្រុមហ៊ុន អចលនទ្រព្យផ្សេងៗទៀត ចុះបញ្ជីនៅក្នុងផ្សារហ៊ុន។ មានន័យថា ក្រៅពីដើមទុនដែលគាត់បានមកពីភាគហ៊ុនិករបស់គាត់ ឬដើមទុនដែលគាត់បានមកពីវិស័យធនាគារ ហើយឥឡូវនេះ គាត់អាចមករកដើមទុនពីវិស័យមូលបត្របានផងដែរ ដើម្បីអភិវឌ្ឍន៍វិស័យអចលនទ្រព្យ»

លោកស្រី អាន សុធីតា អ្នកជំនាញអចលនទ្រព្យ និងជានាយិកាគ្រប់គ្រងក្រុមហ៊ុន PropNex (Cambodia) បាន​ជំរុញឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា ទៅចុះបញ្ជីនៅក្នុងផ្សារហ៊ុន ឱ្យបានកាន់តែច្រើន ដើម្បីទទួលបានទុនបន្ថែម និងទំនុកចិត្តពីអតិថិជន។

លោកស្រីលើកឡើងទៀតថា «លើកទឹកចិត្តឱ្យគាត់ចុះ នៅក្នុងផ្សារហ៊ុនឱ្យបានច្រើន ហើយពេលនេះ គឺជាពេលវេលាដែលការប្រកួតប្រជែងកាន់តែខ្លាំង ធ្វើឱ្យគាត់រៀបចំខ្លួន បានកាន់តែល្អជាងមុន ដើម្បីចុះបញ្ជីនៅក្នុងផ្សារហ៊ុន ដើម្បីឱ្យឈ្មោះរបស់គាត់ កាន់តែទទួលស្គាល់ពីអតិថិជន»

​ដើម្បីអភិវឌ្ឍន៍វិស័យ​អចលនទ្រព្យ និងវិស័យមូលបត្រ ឱ្យកាន់តែរីកចម្រើន លោក ស៊ូ សុជាតិ បានឱ្យដឹងផងដែរថា និយ័តករមូលបត្រកម្ពុជា កំពុងពិនិត្យមើលលទ្ធភាព បង្កើតផលិតផលថ្មីមួយទៀត ដែលផ្សារភ្ជាប់រវាងវិស័យអចលនទ្រព្យ និងវិស័យមូលបត្រ​ ដោយបច្ចុប្បន្ននិយ័តករមូលបត្រកម្ពុជា​ កំពុងសិក្សា​រៀបចំបទបញ្ញត្តិបំពេញបន្ថែមមួយ ​គឺការអនុញ្ញាតឱ្យក្រុមហ៊ុនបង្កើតកញ្ចប់​គ្រប់គ្រងមូលនិធិទាក់ទងនឹងការអភិវឌ្ឍន៍អចលនវត្ថុ ​(Property Fund) ដើម្បីឱ្យក្រុមហ៊ុនប្រមូលសាច់ប្រាក់ ពីសាធារណជនយកទៅវិនិយោគ។

លោកបានឱ្យដឹងថា ផលិតផលថ្មីនេះ នឹងចាប់ផ្តើមសិក្សារៀបចំ នៅចុងឆ្នាំ២០២២នេះ និងអាចឈានទៅដល់ការចាប់ផ្តើមជួញដូរ ក្នុងផ្សារមូលបត្របាននៅក្នុងឆ្នាំ២០២៣។

ជុំវិញការបង្កើតផលិតផលថ្មី ដែលផ្សារភ្ជាប់រវាងវិស័យអចលនទ្រព្យ និងវិស័យមូលបត្រនេះ លោក ជូ វណ្ណៈ ​អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ​មានប្រសាសន៍ថា ​លោកនឹងផ្តល់ការសហការ និងសុំការគិតគូរណែនាំពីថ្នាក់ដឹកនាំ ដើម្បីជំរុញការ​រីកចម្រើននៃវិស័យទាំងពីរ​ ដោយសារតែបច្ចុប្បន្ន វិស័យអចលនទ្រព្យ មានកំណើនតិចតួច បន្ទាប់ពីរងឥទ្ធិពលពីវិបត្តិកូវីដ១៩ និងសង្រ្គាមរបស់រុស្ស៊ី និងអ៊ុយក្រែន។ ​

លោកមានប្រសាសន៍បន្ថែម​ថា «កាលណាយើងមានទំនាក់ទំនងគ្នា ​រវាងសាច់ប្រាក់ និងការប្រមូលផ្តុំសាច់ប្រាក់ ពីវិនិយោគិនលើវិស័យអចលនទ្រព្យកាន់តែ​ល្អ ព្រោះការរីកចម្រើនវិស័យអចលនទ្រព្យសព្វថ្ងៃនេះ គឺយើងបានពីការប្រមូលទុនរបស់វិនិយោគិន ពីអ្នកទិញ ពីធនាគារ ប៉ុន្តែនៅថ្ងៃក្រោយប្រភពទុន គឺយើងអាចបានពីទីផ្សារមូលបត្រ»

លោកបន្ថែម ប្រសិនបើសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានគ្រប់គ្រងបាននឹងជំរុញឱ្យវិស័យអចលនទ្រព្យស្ទុះឡើងវិញ នៅក្នុងឆ្នាំ២០២៣ និង២០២៤។

គួរជម្រាបថា ក្រុមហ៊ុន ជេអេសលែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដំបូងគេ ដែលបើកឆាកចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជានៅ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដែលបានបោះផ្សាយលក់ភាគហ៊ុនជិត២៦លានភាគហ៊ុន ដោយ១ភាគហ៊ុនមានតម្លៃ១ពាន់៩រយរៀល។ ផ្សារមូលបត្រកម្ពុជា(CSX) រំពឹងថាការឈានជើងចូលទីផ្សារហ៊ុនរបស់ក្រុមហ៊ុននេះ នឹងទាក់ទាញក្រុមហ៊ុនអចលទ្រព្យផ្សេងទៀត ចូលទីផ្សារភាគហ៊ុន បានកាន់តែច្រើន៕