(ភ្នំពេញ)៖ លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានឱ្យដឹងថា សហគ្រិនខ្មែរបានលើកកម្ពស់សកម្មភាពសហគ្រិន តាមរយៈការរៀបចំវេទិកាពិភាក្សា ស្តីពីប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ហើយវេទិកាមួយនេះ បានប្រមូលផ្តុំដៃគូពាក់ព័ន្ធ ដើម្បីពិភាក្សា និងឆ្លុះបញ្ចាំងពីការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីរបស់កម្ពុជា ទៅលើបញ្ហាប្រឈម និងកាលានុវត្តភាព និងមានគោលដៅកំណត់នូវកិច្ចការរួមគ្នា ដែលអាចធ្វើទៅបានដោយ ផ្អែកលើធនធាន និងជំនាញ របស់ដៃគូរនីមួយៗ។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានលើកឡើងយ៉ាងដូចនេះនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នាឱកាសដែលសហគ្រិនខ្មែរ បានរៀបចំវេទិកាពិភាក្សា ស្តីពីប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ ដែលបានធ្វើឡើងក្រោមវត្តមានលោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍសហគ្រិនភាព និងមានការចូលរួមពីភ្ញៀវកិត្តិយសប្រមាណ ១០០នាក់ មកពីស្ថានប័នគាំទ្រសហគ្រិន ក្រុមហ៊ុនវិនិយោគ ដៃគូអាជីវកម្ម និងក្រុមធុរកិច្ចថ្មី។

វេទិកាពិភាក្សាស្តីពីប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព មានគោលបំណងបង្ហាញអំពីស្ថានភាពបច្ចុប្បន្ន នៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា និងគិតគូរអំពីគោលដៅសហការបន្ថែមជាមួយស្ថាប័នគាំទ្រ សហគ្រិន សំដៅជំរុញឲ្យមានបរិយាកាសកាន់តែ អំណោយផលដល់ការលូតលាស់របស់សហគ្រាស ធុនតូច និង មធ្យម និងធុរកិច្ច ថ្មី។

នៅក្នុងកម្មវិធីនេះ មានរៀបចំសកម្មភាពជាច្រើនដូចជា ការធ្វើបទបង្ហាញ, ការពិភាក្សាជាក្រុមស្តីពីហិរញ្ញវត្ថុគាំទ្រដល់សហគ្រាសធុនតូច និង មធ្យម និងធុរកិច្ច ថ្មី ,និងវេទិកាវិនិយោគិន (VC Night) ដើម្បីតភ្ជាប់បណ្តាញទំនាក់ទំនងរវាងវិនិយោគិន និងធុរកិច្ចថ្មី ដែលមានសក្តានុពល។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានបន្ថែមទៀតថា សហគ្រិនខ្មែរ រំពឹងទុកថាកម្មវិធីនេះនឹងបង្កើតបានជា គំនិតផ្តួចផ្តើមជាច្រើន ដើម្បីបំពេញតម្រូវការផ្សេងៗរបស់សហគ្រិន។ សហគ្រិនខ្មែរក៏មាន សេចក្តីសោមនស្សរីករាយ ក្នុងការជម្រាបជូនអំពីការពង្រីកវិសាលភាពការងារទៅតាមបណ្តាខេត្តនានា និងជំរុញឲ្យមានការសហការបន្ថែមជាមួយដៃគូអន្តរជាតិ ដែលផ្តល់ជាប្រយោជន៏ដល់សហគ្រិន និងប្រព័ន្ធអេកូឡូស៊ីកម្ពុជា កាន់តែច្រើន។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានបន្ថែមថា វេទិការវិនិយោគិន (VC Night) ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីសំខាន់ៗរបស់សហគ្រិនខ្មែរដែលបាន ផ្តល់ឱកាសសម្រាប់ធុរកិច្ចថ្មី ដើម្បីធ្វើបទបង្ហាញអាជីវកម្មដល់វិនិយោគិន និងដៃគូរអាជីវកម្មផ្សេងៗ។ ក្នុងនោះ Workingna ជាក្រុមធុរកិច្ចថ្មីជ័យលាភីដែលទទួលបានគាំទ្រច្រើនបំផុត ពីអ្នកចូលរួមទាំងអស់ ។

លោក វង្សី វិស្សុត បានឱ្យដឹងដែរថា ប្រទេសកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ និងសម្របខ្លួន ទៅនឹងការវិវត្តយ៉ាងឆាប់រហ័ស របស់សកលលោកនាពេលបច្ចុប្បន្ន និងកំណត់ទិសដៅដោយប្រុងប្រយ័ត្ន ក្នុងការដោះស្រាយបញ្ហាប្រឈមនានា។ ដូច្នេះភាពជាសហគ្រិន, ធុរកិច្ចថ្មី និងប្រព័ន្ធអេកូឡូស៊ី ដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែបំប្លែងសេដ្ឋកិច្ចប្រពៃណី ទៅជាសេដ្ឋកិច្ចផ្អែកលើចំណេះដឹង តាមរយៈផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវផលិតភាពខ្ពស់ និងបង្កើតតម្លៃបន្ថែម ដល់សេដ្ឋកិច្ចទាំងមូល។

សូមបញ្ជាក់ដែរថា សហគ្រិនខ្មែរជាស្ថាប័ន ដែលង្កើតឡើង ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគោលបំណងកៀរគរ វិនិយោគ និងគ្រប់គ្រងធនធានស្របច្បាប់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពនៅកម្ពុជា។ សហគ្រិនខ្មែរ មានចក្ខុវិស័យក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់សកម្មភាពសហគ្រិន ក្នុងវិស័យអាទិភាពចំនួនបួនរួមមាន៖ វិស័យបច្ចេកវិទ្យា, វិស័យសេវាកម្ម, វិស័យកសិកម្ម និងវិស័យកម្មន្តសាល៕