(ភ្នំពេញ)៖ មន្រ្តីជំនាញបានលើកឡើងថា ក្នុងពេលដែលទីផ្សារអចលនទ្រព្យនៅកម្ពុជា កំពុងស្ថិតជាប់ទ្រឹង គឺជាឱកាសសម្រាប់សាធារណជន សម្លឹងមកវិនិយោគនៅក្នុងទីផ្សារភាពហ៊ុនវិញ ព្រោះការវិនិយោគភាគហ៊ុន ផ្តល់ផលចំណេញមិនចាញ់ ការវិនិយោគលើអចលនទ្រព្យនោះទេ។

លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានលើកឡើងថា ក្នុងរយៈពេល២-៣ឆ្នាំចុងក្រោយនេះ វិស័យអចលនទ្រព្យមានកំណើនតិចតួច ដែលនេះគឺជាឱកាសមួយ សម្រាប់អ្នកដែលមានលុយ ចាប់ផ្តើមពិចារណា ក្នុងការដាក់ទុនវិនិយោគក្នុងផ្សារភាគហ៊ុន ស្របពេលដែលបច្ចុប្បន្ននេះ តម្លៃហ៊ុនមួយចំនួនមានតម្លៃធូរថ្លៃ ដែលជាឱកាសសម្រាប់សាធារណជន ចង់វិនយោគក្នុងផ្សារហ៊ុនឈានជើងចូលទីផ្សារ។

លោកថា ក្នុងរយៈពេល១០ឆ្នាំដូចគ្នា ការវិនិយោគក្នុងផ្សារហ៊ុន នឹងអាចទទួលបានផលចំណេញ ដូចការវិនិយោគលើវិស័យអចលទ្រព្យ ដោយសារវិនិយោគិនកើនឡើងជារៀងរាល់ថ្ងៃ។

ទន្ទឹមគ្នានេះ លោកបានបង្ហាញកំណើនដ៏ល្អប្រសើរ នៅក្នុងការជួញដូរភាគហ៊ុន ដែលកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ បើទោះបីជាជួបវិបត្តិក៏ដោយ ប៉ុន្តែការទិញលក់នៅតែមានភាពសកម្ម។

លោកបន្តថា «នេះគឺជាឱកាសមួយរបស់វិនិយោគិនទាំងអស់គ្នា ព្រោះថ្លៃភាគហ៊ុនអាចនឹងឡើងថ្លៃវិញខ្លាំង ក្នុងពេលខាងមុខ ដូចខ្ញុំធ្លាប់បានិយាយថា ទិញហ៊ុនក៏អាចក្លាយជាអ្នកមាន ដូចទិញដីអីចឹងដែរ»

លោកពន្យល់បន្តថា «នៅបណ្តាប្រទេសផ្សេងទៀត ការវិនិយោគទៅលើផ្សារហ៊ុន ផ្តល់សក្តានុពលនៃប្រាក់ចំណេញច្រើន ដល់សាធារណជន មិនចាញ់វិស័យអចលនទ្រព្យនោះទេ ជួនកាលលើសវិស័យអចលនទ្រព្យទៅទៀត។ ដោយឡែកនៅកម្ពុជា ដោយសារវិស័យអចលនទ្រព្យ នៅមានសក្តានុពល ហេតុនេះការវិនិយោគនៅក្នុងភាគហ៊ុន អាចនឹងប្រហាក់ប្រហែលគ្នា។ យើងឃើញថា សកម្មភាពនៅក្នុងវិស័យអចលនទ្រព្យ ក្នុងរយៈពេល២-៣ឆ្នាំចុងក្រោយនេះ ក៏រៀងយឺតទៅៗ ដែលនេះគឺជាឱកាសមួយ សម្រាប់អ្នកដែលមានលុយ ចាប់ផ្តើមពិចារណា ក្នុងការដាក់ទុនវិនិយោគ»

លោកបន្តថា សម្រាប់អ្នកដែលចាប់អារម្មណ៍វិនិយោគ ក្នុងផ្សារភាគហ៊ុន ហើយប្រសិនមិនមានពេលគ្រប់គ្រាន់ក្នុងការតាមដានទីផ្សារហ៊ុន អាចវិនិយោគតាមបែបការសន្សំ មួយខែពី៥០ដុល្លារ ទៅ១០០ដុល្លារ។

លោក ជូ វណ្ណៈ អគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ មានប្រសាសន៍ថា សម្រាប់វិស័យអចលនទ្រព្យ ក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយ ដោយសារតែឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ១៩ និងឥទ្ធិពលនៃសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន បាននាំឱ្យសកម្មភាពនៃការទិញលក់ដូរថមថយ នូវកំណើនគួរឱ្យកត់សម្គាល់ ប៉ុន្តែអចលនទ្រព្យដែលមានតម្លៃទាបសមរម្យ នៅតែមានកំណើនទិញលក់ល្អប្រសើរ ដោយសារតែកន្លងមក រាជរដ្ឋាភិបាលអនុគ្រោះបន្ធូបន្ថយ លើពន្ធប្រថាប់ត្រា។

លោកបន្ថែមថា យ៉ាងណាមិញអ្នកវិនិយោគអាចមានជំរើសផ្សេងៗ ក្នុងការវិនិយោគ ទៅតាមការនិយមរបស់ពួកគេ។

លោកពន្យល់ថា «នៅក្នុងទីផ្សារមានការនិយមផ្សេងៗគ្នា បើយើងជឿជាក់លើផ្សារហ៊ុន ពេលទីផ្សារដើរវាធ្វើឱ្យមានផលចំណេញច្រើន ហើយវាក៏មានភាពងាយស្រួលម្យ៉ាងដែរ នៅក្នុងការទិញលក់។ តែថ្ងៃក្រោយទៅវិស័យទាំងពីរវានឹងអាចមានទំនាក់ទំនង»

សូមជម្រាបថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីចំនួន១៦ ក្នុងនោះក្រុមហ៊ុនចំនួន៩ បានចុះបញ្ជីជាភាគហ៊ុន និង៧ទៀត បានចុះបញ្ជីជាសញ្ញាបណ្ណ។

បើគិតពីដើមឆ្នាំ២០២២ មក​ផ្សារមូលបត្រកម្ពុជា ​មានគណនីជួញដូរជាង ៣៣ពាន់គណនីហើយ រីឯទំហំជួញដូរវិញ គឺមានប្រមាណ៦០ម៉ឺនដុល្លារក្នុងមួយថ្ងៃ កើនឡើងទ្វេដងបើធៀបនឹងឆ្នាំ២០២១ ដែលមានទំហំប្រមាណ២៨ម៉ឺនដុល្លារក្នុងមួយថ្ងៃ៕