(ម៉ាឡេស៊ី)៖ តបតាមការអញ្ជើញរបស់រដ្ឋបាលសារពើពន្ធនៃប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានផ្លាស់វេន នៃរដ្ឋបាលសារពើពន្ធអាស៊ីប៉ាស៊ីហ្វិកនិងការស្រាវជ្រាវ ( SGATAR) លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា ចូលរួមកិច្ចប្រជុំ ប្រចាំឆ្នាំលើកទី៥១ នៃក្រុមសិក្សាស្តីពីរដ្ឋបាលសារពើពន្ធអាស៊ីប៉ាស៊ីហ្វិកនិងការស្រាវជ្រាវ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែតុលា ឆ្នាំ២០២២ ។

កិច្ចប្រជុំនេះ បានរៀបចំបែងចែកជា២ កម្រិត គឺ កម្រិតប្រធានគណៈប្រតិភូ និងកម្រិតក្រុមការងារបច្ចេកទេស ដោយមានការចូលរួមពីសមាជិក SGATAR ចំនួន ១៨ ប្រទេស ក្នុងនោះរួមមានរដ្ឋបាលសារពើពន្ធប្រទេសជប៉ុន អូស្ត្រាលី កម្ពុជា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ម៉ាឡេស៊ី ម៉ុងហ្គោលី ណូវ៉ែលសេឡង់ ប៉ាពួញូហ្គីណេ ហ្វីលីពីន សិង្ហបុរី តៃវ៉ាន់ ថៃ វៀតណាម និងប្រទេសឡាវ បានចូលរួមដោយផ្ទាល់ ខណៈរដ្ឋបាលសារពើពន្ធ នៃប្រទេសចិន ហុងកុង និងម៉ាកាវ បានចូលរួមតាមប្រព័ន្ធអនឡាញ ព្រមទាំងសមាជិកអង្កេតការនិងវាគ្មិនសំខាន់ៗមកពីស្ថាប័ន អន្តរជាតិចំនួន ៩ រួមមាន មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), ធនាគារពិភពលោក (World Bank), ធនាគារអភវិឌ្ឍន៍អាស៊ី (ADB), Organization for Economic Cooperation and Development (OECD), International Bureau of Fiscal Documentation (IBFD), Inter-American Center of Tax Administration (CIAT), Asia Oceania Tax Consultants Association (AOTCA), Association of Tax Authorities of Islamic Countries (ATAIC) និង Common Wealth Association of Tax Authorities (CATA)។

ក្នុងកិច្ចប្រជុំនេះដែរ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានចូលរួមជាវាគ្មិននៅវគ្គកម្រិតប្រធានគណៈ ប្រតិភូ និងធ្វើបទបង្ហាញអំពីវិធានការពន្ធដារឆ្លើយតបនឹង «ការជំរុញអនុលោមភាពសារពើពន្ធនៅកម្ពុជា» ក្នុងនោះដែរ លោក បានគូសបញ្ជាក់ថា សម្រាប់ស្ថានភាពកម្ពុជា អនុលោមភាពសារពើពន្ធត្រូវពឹងផ្អែកទាំង វិធានការជំរុញអនុលោមភាពសារពើពន្ធដោយស្ម័គ្រចិត្ត និង វិធានការដោយបង្ខំ ដោយមានអភិបាលកិច្ចល្អ គឺជាគោលការណ៍ស្នូលនៃកំណែទម្រង់ និងទំនើបកម្មនៃអគ្គនាយកដ្ឋានពន្ធដារ ឈានទៅបង្កើតប្រព័ន្ធពន្ធដារដ៏រឹងមាំ ដើម្បីបង្កភាពងាយស្រួលដល់អ្នកជាប់ពន្ធក្នុងការ បង់ពន្ធ ប៉ុន្តែពិបាកក្នុងការគេចពន្ធ។ លទ្ធផលនៃកំណែទម្រង់និងទំនើបកម្មរដ្ឋបាលសារពើពន្ធ កម្ពុជាសំខាន់ៗ ព្រមទាំងវិធានការ បុរេសកម្មដែលអាចឆ្លើយតបទៅនឹងបដិការនៃជំងឺរាតត្បាតកូវីដ-១៩ បានឆ្លុះបញ្ចាំងតាមរយៈ និរន្តរភាពលទ្ធផលនៃការគ្រប់គ្រង ប្រមូលចំណូលពន្ធបានគ្រប់ និងលើសផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងចាប់តាំងពីឆ្នាំ ២០១២ ហើយគិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ២០២២ គឺសម្រេចបានប្រមាណ ៩៧% នៃផែនការ ជាចំណុចនៃ ចំណាប់អារម្មណ៍របស់រដ្ឋបាល សារពើពន្ធជាសមាជិក SGATAR និងសមាជិកអង្កេតការទាំងឡាយ។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា SGATAR បានផ្តល់នូវគំនិតផ្តួចផ្តើមសម្រាប់កំណែទម្រង់ និងទំនើបកម្មរបស់រដ្ឋបាលសារពើពន្ធកម្ពុជាកន្លងមកជាបន្តបន្ទាប់ ហើយបានសំដែងអំណរគុណចំពោះរដ្ឋបាលសារពើពន្ធជាសមាជិក ដែលបានអនុញ្ញាតឱ្យកម្ពុជាបានធ្វើទស្សនកិច្ចសិក្សា និងបានរៀនសូត្រនូវមេរៀនបទពិសោធន៍ ក៏ដូចជាបញ្ហាប្រឈមនានា ជាពិសេស បញ្ហាប្រឈម ជាសក្តានុពលនាពេលអនាគត ដែលជំរុញឱ្យរដ្ឋបាលសារពើពន្ធកម្ពុជាអាចដើរទាន់សភាពការណ៍នៃពន្ធដារសកល។

ឆ្លៀតឱកាសក្នុងកិច្ចប្រជុំ SGATAR លើកទី៥១នេះផងដែរ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារទទួលជំនួបទ្វេភាគី ជាមួយ នឹងរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោក Kim Taeho អគ្គនាយករង NTS ព្រមទាំងក្រុមការងារ ដោយផ្តោតកិច្ចពិភាក្សាលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការពន្ធដារនៃប្រទេសទាំងពីរ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារ Shangri La។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានបន្តជជែកនិងពិភាក្សាបន្ថែមអំពីការគ្រប់គ្រងប្រមូលពន្ធពីវិស័យល្បែង និងកាស៊ីណូ ព្រមទាំងជជែកពិភាក្សាអំពីពន្ធដារនិងបរធនបាលកិច្ច ព្រមទាំងបច្ចេកវិទ្យា Blockchain។ ជាលទ្ធផល គឺកម្ពុជាទទួលបានការផ្តល់កិច្ចសហការពេញលេញ និងបានបន្តកិច្ចការងារក្នុងកម្រិតបច្ចេកទេសបន្តទៀត ដែលនេះជាការបន្តរឹតចំណងនៃ ទំនាក់ទំនង និងការអនុវត្តនូវអនុស្សរណៈនៃការយោគយល់គ្នាដែលរដ្ឋបាលសារពើពន្ធកម្ពុជា-កូរ៉េ មានចាប់តាំងពីខែមេសា ឆ្នាំ២០១៨។

ក្នុងថ្ងៃជាមួយគ្នានោះដែរ លោក គង់ វិបុល បានបន្តដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារ ទទួល ជំនួបទ្វេភាគី ( ជាមួយនឹងរដ្ឋបាលសារពើពន្ធនៃប្រទេសសឹង្ហបុរី ដឹកនាំដោយលោក Ng Wai Choong អគ្គនាយក IRAS ព្រមទាំងក្រុមការងារ ដោយផ្តោតកិច្ចពិភាក្សាលើលទ្ធផលនៃកិច្ចសហ-ប្រតិបត្តិការពន្ធដារនៃប្រទេសទាំងពីរ។ កម្ពុជាក៏បានបន្តជជែកនិងស្នើសុំសិក្សាបន្ថែមលើប្រធានបទដូចគ្នា គឺការ គ្រប់គ្រងប្រមូលពន្ធពីវិស័យល្បែង និងកាស៊ីណូ ព្រមទាំងជជែកពិភាក្សាអំពីពន្ធដារនិងបរធនបាលកិច្ច ព្រមទាំងបច្ចេកវិទ្យា Blockchain។ ជាលទ្ធផល គឺភាគីសិង្ហបុរី បានផ្តល់នូវការគាំទ្រ និងកិច្ចសហការយ៉ាងកក់ក្តៅ តបតាមសំណើរបស់កម្ពុជា។

ដោយឡែក នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ លោក គង់ វិបុល ដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារទទួលជំនួបពិភាក្សាការងារទ្វេភាគី (Luncheon Meeting) ជាមួយនឹងរដ្ឋបាលសារពើពន្ធ នៃប្រទេសម៉ាឡេស៊ី ដឹកនាំដោយ លោក Mohd Nizom bin Sairi អគ្គនាយកនៃរដ្ឋបាលសារពើពន្ធនៃប្រទេសម៉ាឡេស៊ី ព្រមទាំងក្រុមការងារ ដោយផ្តោតកិច្ចពិភាក្សាលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការពន្ធដារនៃប្រទេសទាំងពីរ។

ជារួម បន្ទាប់ពីកិច្ចប្រជុំពិភាក្សានិងផ្លាស់ប្តូរយោបល់យ៉ាងមមាញឹក និងក្នុងស្មារតីកិច្ចសហប្រតិបត្តិការខ្ពស់ សម្រាប់កិច្ចប្រជុំ ប្រចាំឆ្នាំលើកទី៥១ របស់ SGATAR ចាប់ពីថ្ងៃទី ១៧-២១ ខែតុលា ឆ្នាំ២០២២ នេះ ក្រុមការងារប្រធានគណៈប្រតិភូ (Head of Delegate) បានបូកសរុបលទ្ធផលការងារសំខាន់ៗ និងដាក់ចេញនូវវិធានការអនុវត្តបន្ត ដូចខាងក្រោម៖

- កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥១ បានបញ្ចប់ដោយជោគជ័យ ដែលទទួលធ្វើជាម្ចាស់ផ្ទះរៀបចំដោយរដ្ឋបាលសារពើពន្ធនៃប្រទេស ម៉ាឡេស៊ី ដែលមានរដ្ឋបាលសារពើពន្ធនៃប្រទេសជប៉ុន ជាប្រធានក្រុមការងារ រដ្ឋបាលសារពើពន្ធនៃប្រទេសម៉ាឡេស៊ី និង ថៃ ជាសមាជិក
- បានដាក់ចេញនូវផែនការអនុវត្តសម្រាប់ឆ្នាំ ២០២២ សម្រាប់ SGATAR Taskforce
- បន្តអនុវត្តផែនការកសាងសមត្ថភាពនឹងរៀបចំសម្រាប់រយៈពេល ៥ឆ្នាំ ២០២៣-២០២៧ និងទទួលយកការគាំទ្ររបស់ ធនាគារអភិវឌ្ឍន៍អាស៊ីលើផែនការកសាងសមត្ថភាពសម្រាប់ SGATAR ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមក្រោមមជ្ឈមណ្ឌល ពន្ធដារ អាស៊ីប៉ាស៊ីហ្វិក (ADB Asia Pacific Tax Hub)
- បានអនុម័តលើលើរបាយការណ៍លទ្ធផលនៃកិច្ចប្រជុំក្រុមការងារបច្ចេទេសទាំង ៣ ក្រុម (3 Working Groups)
- បានបោះឆ្នោតគាំទ្ររដ្ឋបាលសារពើពន្ធនៃប្រទេសថៃធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥២ របស់ SGATAR ឆ្នាំ២០២៣ ហើយក្រុមការងារ SGATAR Taskforce 2023 ដោយមានរដ្ឋបាលសារពើពន្ធម៉ាឡេស៊ី ជាប្រធាន ខណៈថៃ និងកូរ៉េ ជាសមាជិក៕