(ភ្នំពេញ)៖ ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា «My First STOCK» ជាលើកទី៥នេះ បានចាប់ផ្ដើមហើយ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃផ្សារមូលបត្រកម្ពុជា។

ពិព័រណ៍នេះ មានការអញ្ជើញចូលរួមពីលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា តំណាងក្រសួង ស្ថាប័ន, វិស័យឯកជន, ក្រុមហ៊ុនជាតិ អន្តរជាតិ, វិនិយោគិនស្ថាប័ន, ព្រមទាំងភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិជាច្រើនរូប។

ពិព័រណ៍ផ្សារមូលបត្រកម្ពុជា ឆ្នាំ២០២២ ដែលមានរយៈពេល ៣ថ្ងៃនេះ គឺថ្ងៃទី២១ ២២ និង ២៣ ខែតុលា ឆ្នាំ ២០២២ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ដូចខាងក្រោម៖

១៖ បន្តផ្សព្វផ្សាយ និង បង្កើនទំនុកចិត្តដល់វិនិយោគិន ដែលមានស្រាប់ ឲ្យបន្តជឿជាក់លើទីផ្សារភាគហ៊ុនកម្ពុជា តាមរយៈការជួបផ្ទាល់ជាមួយនឹងក្រុមហ៊ុនចុះបញ្ជីមូលបត្រ។

២៖ ផ្តល់ឱកាសដល់សាធារណជន ឲ្យបានយល់ដឹងកាន់តែទំលំទូលាយ ទៅលើវិនិយោគក្នុងទីផ្សារ ដូចជាការបើកគណនីជួញដូរ, ការពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និង ទិន្នន័យទីផ្សារ, ការយល់ដឹងពីវិធីសាស្ត្រជួញដូរ និង ការបែងចែកភាគលាភ ក៏ដូចជាប្រធានបទផ្សេងៗពាក់ព័ន្ធនឹងផ្សារមូលបត្រទាំងមូល។

៣៖ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ : ប្រព័ន្ធនេះជាជំហានថ្មីមួយរបស់ផ្សារមូលបត្រកម្ពុជា ដែលអនុញ្ញាតឲ្យវិនិយោគិនអាចបើកគណនីបាននៅគ្រប់ទីកន្លែង ដែលអាចសម្រួលដល់វិនិយោគិនបានច្រើន និង បង្កើនការជួញដូរ ក៏ដូចជាបានបង្ហាញពីភាពរីកចម្រើនមួយកម្រិតទៀតផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យមូលបត្រ។

៤៖ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កម្មវិធីទូរសព្ទ «PhsarHun» ជំនាន់ទី២ កម្មវិធីនេះ ត្រូវបានធ្វើទំនើបកម្មពីកម្មវិធីជំនាន់ទី១ ដែលបន្ថែមមុខងារថ្មីៗមួយចំនួន ដែលអនុញ្ញាតឲ្យវិនិយោគិន អាចស្វែងយល់ពីផ្សារភាគហ៊ុនកាន់តែងាយស្រួល ។

កម្មវិធីជំនាន់ទី២នេះ បានប្រែក្លាយទៅជាច្រកដ៏សំខាន់មួយសម្រាប់សាធារណជនក្នុងការចាប់ផ្តើមរៀនសូត្រពីផ្សារហ៊ុន ស្វែងរកក្រុមហ៊ុនមូលបត្រ បើកគណនីជួញដូរ តាមដានថ្លៃហ៊ុន និង ទទួលបានព័ត៌មានជាច្រើនផ្សេងទៀត ។

៥៖ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកញ្ចប់ប្រូម៉ូសិនពិសេសសម្រាប់វិនិយោគិនថ្មី និង ជំរុញការបើកគណនីជួញដូរ ដោយផ្តល់ជូនសាធារណជននូវលេខអត្តសញ្ញាណវិនិយោគិន និង គណនីជួញដូរដោយឥតគិតថ្លៃ ព្រមទាំងបញ្ចុះកម្រៃជើងសារ ៥០% រហូតដល់ចុងឆ្នាំ ២០២២។

៦៖ ផ្តល់រង្វាន់ជូនជ័យលាភី ក្នុងកម្មវិធីប្រកួតប្រជែងជួញដូរភាគហ៊ុនលើកទី៥ ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២១ ដល់ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២១ ក្នុងគោលបំណងជំរុញការជួញដូរ និង ផ្តល់ចំណេះដឹង បទពិសោធន៍ថ្មីៗ សម្រាប់វិនិយោគិន។

ខណៈពេលដែលសន្ទស្សន៍ទីផ្សារបានធ្លាក់ចុះជិត ១៥% ក្នុងកំឡុងពេលនៃការប្រកួតប្រជែងនេះ វិនិយោគិនប្រមាណ ៣៥% នៅតែទទួលបានអត្រាចំណេញវិជ្ជមាន ហើយវិនិយោគិនជ័យលាភីជើងឯក របស់យើង ទទួលបានអត្រាចំណេញរហូតដល់ ៤១.៤៥% ដែលនេះបានបង្ហាញឲ្យឃើញថា វិនិយោគិនឆ្លាតវៃ អាចស្វែងរកឱកាសវិនិយោគ និង អាចគ្រប់គ្រងហានិភ័យបានយ៉ាងមានប្រសិទ្ធភាព ក្នុងគ្រប់ស្ថានភាពទីផ្សារ។

លោក ហុង សុហួរ បានថ្លែងក្នុងពិព័រណ៍នេះថា ផ្សារមូលបត្រកម្ពុជាបានខិតខំធ្វើទំនើបកម្មឌីជីថល ជាបន្តបន្ទាប់ ដូចជាការបង្កើតកម្មវិធីទូរសព្ទ «CSX Trade» ដែលត្រូវបានសម្ពោធជាផ្លូវការ ក្នុងសន្និសីទជាតិខួប១០ឆ្នាំ របស់ផ្សារមូលបត្រកម្ពុជា, ការបង្កើតនូវប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ ដែលជាជំហានសំខាន់ថ្មីរបស់ផ្សារមូលបត្រកម្ពុជា និង ការធ្វើទំនើបកម្មកម្មវិធីទូរសព្ទ “PhsarHun” ជំនាន់ទី២ ដែលកាន់តែផ្តល់ភាពងាយស្រួលដល់វិនិយោគិន ក្នុងការស្វែងយល់ពីផ្សារហ៊ុន។ ផ្សារមូលបត្រកម្ពុជា នឹងបន្តខិតខំបន្ថែមទៀតក្នុងការធ្វើទំនើបកម្មប្រព័ន្ធនានា ដើម្បីសម្រួលដល់វិនិយោគិន ក្នុងការធ្វើវិនិយោគ។

លោក ស៊ូ សុជាតិ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំពិព័រណ៍ផ្សារភាគហ៊ុននេះ ដែលជាកត្តាជំរុញមួយក្នុងការលើកស្ទួយអភិវឌ្ឍទីផ្សារមូលធននៅកម្ពុជា។

លោក ស៊ូ សុជាតិ បានបន្តថា ទីផ្សារមូលបត្រនៅកម្ពុជាកំពុងតែស្ថិតក្នុងបរិការណ៍នៃការរីកចម្រើន ដ៏ឆាប់រហ័ស ទាំងផ្នែកគតិយុត្ត រចនាសម្ព័ន្ធទីផ្សារ ក្រុមហ៊ុនបោះផ្សាយ ក៏ដូចជាចំនួនវិនិយោគិនជាតិ និង អន្តរជាតិ។ ដូចនេះ ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាខិតខំបន្ថែមទៀត ក្នុងការអភិវឌ្ឍទីផ្សារ ឲ្យត្រូវជាមួយនឹងសម្ទុះនៃតម្រូវការទីផ្សារ។

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងថា ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា «My First STOCK» ឆ្នាំ២០២២នេះ ជាគំនិតផ្តួចផ្តើមរបស់ ផ្សារមូលបត្រកម្ពុជា ក្នុងការជំរុញការយល់ដឹង និង ការសិក្សាស្វែងយល់អំពីកាលានុ-វត្តភាពនៃវិនិយោគ ក្នុងផ្សារភាគហ៊ុនកម្ពុជា ពីសំណាក់សាធារណជន។ ទ

ទន្ទឹមនេះការលើកកម្ពស់ការយល់ដឹង និង ការផ្សព្វផ្សាយដល់សាធារណជន ក្នុងគោលដៅទាក់ទាញ, បង្កើនទំនុកចិត្តវិនិយោគិន ដាក់ទុនវិនិយោគបន្ថែម និង ជំរុញក្រុមហ៊ុនសក្តានុពល ឲ្យមកចុះបញ្ជីលក់មូលបត្រក្នុងទីផ្សារ ដែលជាកត្តាចាំបាច់ ធ្វើឲ្យផ្សារមូលបត្រកម្ពុជា កាន់តែរីកចម្រើនទៅមុខ ប្រកបដោយជវភាព ។

លោកបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ជាមួយនឹងវឌ្ឍនភាពគួរឲ្យកត់សម្គាល់នៃផ្សារមូលបត្រកម្ពុជា ដូចជាការបង្កើតកម្មវិធីជួញដូរតាមទូរសព្ទ «CSX Trade», ការបង្កើតប្រព័ន្ធបើក គណនីជួញដូរ តាមអនឡាញ, ការធ្វើទំនើបកម្មកម្មវិធីទូរសព្ទ «PhsarHun» ជំនាន់ទី២, ការបន្តជំរុញក្រុមហ៊ុនសក្តានុពល ឲ្យមកចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា, ការសិក្សាអំពីលទ្ធភាព ក្នុងការបង្កើតផលិតផល វិនិយោគផ្សេងៗ និង ការបង្កើតយន្តការនានាដើម្បីសម្រួលដល់ការជួញដូរ ដូចជាការជួញដូរដោយមិនមានប្រាក់តម្កល់១០០% នឹងជួយជំរុញឲ្យផ្សារមូលបត្រកម្ពុជា កាន់តែសកម្ម និង រស់រវើកឡើង។

ក្នុងនាមក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលផ្សារមូលបត្រកម្ពុជា, លោកបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ គាំទ្រចំពោះសកម្មភាពចាំបាច់ទាំងនេះ និងស្នើឲ្យភាគីពាក់ព័ន្ធ ពិនិត្យលទ្ធភាពបន្ថែម ក្នុងការសម្រួលដល់វិនិយោគិន ឲ្យប្រកបដោយភាពងាយស្រួលក្នុងវិនិយោគ (Friendly Environment), មានប្រសិទ្ធភាព ជាមួយនឹងការការពារហានិភ័យបាន៕