(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា ការជួញដូរមូលបត្រ នៅក្នុងផ្សារមូលបត្រកម្ពុជានឹងកើនឡើងដល់១លានដុល្លារក្នុងមួយថ្ងៃ នៅឆ្នាំក្រោយ បន្ទាប់ពីការជួញដូរបានបង្ហាញកំណើនល្អប្រសើរក្នុងរយៈពេល២ឆ្នាំនេះ។
លោក ហុង សុហួរ លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងកម្មវិធីពិព័រណ៌ផ្សារភាគហ៊ុនកម្ពុជា «My First Stock» ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២ នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ។
លោកបានឱ្យដឹងថា បើគិតពីដើមឆ្នាំ២០២២ មកផ្សារមូលបត្រកម្ពុជា មានគណនីជួញដូរជាង ៣៣ពាន់គណនីហើយ រីឯទំហំជួញដូរវិញ គឺមានប្រមាណ៦០ម៉ឺនដុល្លារក្នុងមួយថ្ងៃ កើនឡើងទ្វេដងបើធៀបនឹងឆ្នាំ២០២១ ដែលមានទំហំប្រមាណ២៨ម៉ឺនដុល្លារក្នុងមួយថ្ងៃ។
លោកបន្ថែម «បើទោះបីជាទំហំជួញដូរនេះមិនទាន់ធំនៅឡើយ ក៏ប៉ុន្តែកំណើនពីឆ្នាំ២០១៨មក ដែលមានត្រឹមប្រមាណ១ម៉ឺនទៅ ២ម៉ឺនដុល្លារក្នុងមួយថ្ងៃ យើងឃើញថាទីផ្សាររបស់យើងកំពុងតែរីកចម្រើនខ្លាំង។ យើងរំពឹងថា អ្វីៗគ្រប់យ៉ាងនឹងកាន់តែទាក់ទាញ និងចាប់អារម្មណ៍ មានក្រុមហ៊ុនកាន់តែច្រើន និងកាន់តែល្អ»។
ជាមួយគ្នាសុទិដ្ឋិនិយមនេះ លោករំពឹងថា នៅឆ្នាំ៧ក្រោយទំហំនៃការជួញដូរមូលបត្រនៅកម្ពុជា នឹងកើនឡើងដល់១០០លានដុល្លារក្នុងមួយថ្ងៃ។ តែយ៉ាងណា គោលដៅនេះនឹងសម្រេចបាន ត្រូវការការសហការពីភាគីពាក់ព័ន្ធទាំងអស់គ្នា ក្នុងការជម្រុញការចុះបញ្ជី បង្កើនចំនួនវិនិយោគិន បន្តផ្សព្វផ្សាយ និងការបង្កើតបរិយាកាសល្អក្នុងការជួញដូរសម្រាប់វិនិយោគិន។
លោកថា «គេសួរថា ហេតុអីត្រូវរំពឹងដល់៥០លានដុល្លារ ឬ១០០លានដុល្លារ? ដោយសារ យើងមើលឃើញចំណាប់អារម្មណ៍វិនិយោគិន គឺចាប់ផ្តើមកើនឡើងខ្លាំង នៅក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២នេះ ហើយចំណាប់អារម្មណ៍ក្នុងចំណោម ម្ចាស់អាជីវកម្មក៏មានការកើនឡើងច្រើន។ យើងឃើញទំហំនៃការជួញដូរមានការកើនឡើងច្រើន ហើយចំណាប់អារម្មណ៍របស់សាធារណជនទូទៅក៏ស្គាល់យើងច្រើនកាន់តែកើនឡើង ហេតុនេះ៧ឆ្នាំក្រោយ ជាមួយនឹងការចាប់អារម្មណ៍កាន់តែកើនឡើងខ្លាំងបែបនេះ យើងមានក្តីរំពឹងថា អាចនឹងសម្រេចបាន។
លោក ហុង សុហួរ រំពឹថា នៅក្នុងកម្មវិធីពិព័រណ៌ផ្សារភាគហ៊ុនកម្ពុជា «My First Stock» ដែលរៀបឡើងក្នុងរយៈពេល៣ថ្ងៃ ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា នឹងទទួលបានការចុះបញ្ជីគណនីថ្មីបានចំនួនជាង៥ពាន់គណនី និងដល់ដំណាច់ឆ្នាំនេះ ការចុះបញ្ជីគណនីជួញដូរថ្មី កើនឡើងដល់១ម៉ឺនគណនីថ្មី៕