(ភ្នំពេញ)៖ ផ្សារមូលបត្រកម្ពុជា (CSX) បានរៀបចំពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា My First Stock 2022 ជាលើកទី៥ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នៅផ្សារទំនើបអ៊ីអនម៉ល ភ្នំពេញ ដើម្បីទាក់ទាញការបើកគណនីថ្មី ជំរុញការជួញដូរ ​ និងបណ្តុះគំនិតវិនិយោគលើភាគហ៊ុន ​​ព្រមទាំងបង្កើនទំនុកចិត្តដល់វិនិយោគិន ដែលមានស្រាប់ ឱ្យបន្តជឿជាក់មកលើទីផ្សារភាគហ៊ុន តាមរយៈការជួបផ្ទាល់ជាមួយនឹងក្រុមហ៊ុនចុះបញ្ជី។

ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា ​ត្រូវបានសម្ពោធជាផ្លូវការ ក្រោមអធិបតី​បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និង​លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំរបស់ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនជាតិ អន្តរជាតិ និងវិនិយោគិនស្ថាប័នជាច្រើន​។​

​តាមរយៈពេលពិព័រណ៍នេះ នឹងផ្តល់ឱកាសដល់សាធារណជន ឱ្យបានយល់ដឹងកាន់តែទំលំទូលាយ ទៅលើការវិនិយោគក្នុងទីផ្សារ ដូចជាការបើកគណនីជួញដូរ វិធីសាស្ត្រជួញដូរ ទិន្នន័យទីផ្សារ ការពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ការយល់ដឹងពីការបែងចែកភាគលាភ ក៏ដូចជាប្រធានបទផ្សេងៗពាក់ព័ន្ធនឹងទីផ្សារទាំងមូល។

ក្នុងពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា​ ក៏​មានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ​ដែលប្រព័ន្ធនេះជាជំហានថ្មីមួយរបស់ផ្សារមូលបត្រកម្ពុជា ដែលអនុញ្ញាតឱ្យវិនិយោគិនអាច បើកគណនីបាននៅគ្រប់ទីកន្លែង ​អាចសម្រួលដល់វិនិយោគិនបានច្រើន និងបង្កើនការជួញដូរ ក៏ដូចជាបានបង្ហាញពីភាពរីកចម្រើនមួយកម្រិតទៀត នៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងទីផ្សារមូលបត្រ។

ទន្ទឹមគ្នានេះ ក៏មានការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កម្មវិធីទូរសព្ទផ្សារហ៊ុន ជំនាន់ទី២​។ កម្មវិធីនេះត្រូវបានធ្វើទំនើបកម្ម ពីកម្មវិធីជំនាន់ទី១ ដែលបន្ថែមមុខងារថ្មីៗមួយចំនួន ដែលអនុញ្ញតឱ្យវិនិយោគិន កាន់តែអាចស្វែងយល់ពីផ្សារភាគហ៊ុន កាន់តែងាយស្រួល។ កម្មវិធីជំនាន់ទី២នេះ បានប្រែក្លាយទៅជាច្រកសំខាន់មួយ សម្រាប់សាធារណជនក្នុងការចាប់ផ្តើមរៀនពីផ្សារហ៊ុន ស្វែងរកក្រុមហ៊ុនមូលបត្រ បើកគណនីជួញដូរ តាមដានថ្លៃហ៊ុន និងទទួលបានព័ត៌មានជាច្រើនផ្សេងទៀត។

ជាមួយគ្នានេះ ក៏មានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកញ្ចប់ប្រូម៉ូសិនពិសេសសម្រាប់វិនិយោគិនថ្មី និងជំរុញការបើកគណនីជួញដូរ ដោយផ្តល់ជូនសាធារណជន នូវការផ្តល់ជូនលេខអត្តសញ្ញាណវិនិយោគិន និងគណនីជួញដូរដោយឥតគិតថ្ងៃ និងការបញ្ចុះកម្រៃជើងសារ ៥០%រហូតដល់ចុងឆ្នាំ។ ការផ្តល់រង្វាន់ជូនជ័យលាភី ក្នុងកម្មវិធីប្រកួតប្រជែងជួញដូរភាគហ៊ុនលើកទី៥ ដែលបានរៀបចំឡើងពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ក្នុងគោលបំណងជំរុញការជួញដូរ និងផ្តល់ចំណេះដឹង បទពិសោធន៍ថ្មីៗ សម្រាប់វិនិយោគិន។ ​

ថ្លែងក្នុងពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា ​លោក ហុង សុហួរ បានបញ្ជាក់ថា ផ្សារមូលបត្រកម្ពុជា ​បានខិតខំដាក់ចេញនូវទំនើបកម្មឌីជីថលជាលំដាប់ ដូចជាមានបង្កើតនូវ APP CSX Trade ដែល​បានសម្ភោធជាផ្លូវការ កាលពីសិក្ខាសាលាថ្នាក់ជាតិខួប១០ឆ្នាំ របស់ផ្សារមូលបត្រកម្ពុជា, ការបង្កើតនូវប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ ដែលជាជំហានសំខាន់ថ្មី របស់ផ្សារមូលបត្រកម្ពុជា, និងការធ្វើទំនើបកម្មនូវបណ្ណាល័យព័ត៌មានរួម Phsarhun APP ជំនាន់ទី២ ដែលផ្តល់ភាពងាយស្រួលកាន់តែខ្លាំង ដល់វិនិយោគិនរបស់យើង ក្នុងការស្វែងយល់ពីផ្សារហ៊ុន។ ផ្សារមូលបត្រកម្ពុជា ក៏នឹងបន្តខិតខំបន្ថែមទៀត ក្នុងការធ្វើទំនើបកម្មប្រព័ន្ធនានា ដើម្បីសម្រួលដល់វិនិយោគិនក្នុងការវិនិយោគ។

លោក ស៊ូ សុជាតិ បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំពិព័រណ៍ជាយុទ្ធនាការផ្សព្វផ្សាយបែបនេះ ក្នុងគោលបំណងលើកស្ទួយការរីកចម្រើន នៃទីផ្សារមូលធននៅកម្ពុជា។

លោកបន្តថា ​«ទីផ្សារមូលបត្រនៅកម្ពុជា កំពុងតែស្ថិតនៅក្នុងបរិបថនៃការរីកចម្រើនដ៏ឆាប់រហ័ស ទាំងផ្នែកគតិយុត្តិ រចនាសម្ព័ន្ធទីផ្សារ ក្រុមហ៊ុនបោះផ្សាយ ក៏ដូចជាចំនួនវិនិយោគិនជាតិ និងអន្តរជាតិ។ ដូចនេះ ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នា ខិតខំបន្ថែមទៀត ក្នុងការអភិវឌ្ឍទីផ្សារ ឱ្យត្រូវជាមួយនឹងសន្ទុះនៃតម្រូវការទីផ្សារ»

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងថា កម្មវិធីពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា My First Stock ឆ្នាំ ២០២២ នេះ ជាគំនិតផ្តួចផ្តើមដ៏ល្អរបស់ផ្សារមូលបត្រកម្ពុជា ក្នុងការលើកកម្ពស់ការយល់ដឹង និងជំរុញការសិក្សាស្វែងយល់ អំពីកាលានុវត្តភាពនៃការវិនិយោគ ក្នុងផ្សារភាគហ៊ុនកម្ពុជា ពីសំណាក់សាធារណជន។ ទន្ទឹមនេះ ការពង្រឹងតម្លាភាព, ទំនុកចិត្ត និងភាពឤចប៉ាន់ប្រមាណបាន ជាកត្តាចាំបាច់ ដើម្បីអនុញ្ញាតឱ្យទីផ្សារមូលបត្រកម្ពុជាធ្វើដំណើរទៅមុខ និង អភិវឌ្ឍប្រកបដោយនិរន្តភាព។

លោកបន្តថា ជាមួយនឹងការរីកចម្រើននៃផ្សារមូលបត្រកម្ពុជា ដែលមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់កន្លងមកនេះ ដូចជាការបង្កើតឡើងនូវ កម្មវិធីទូរសព្ទដៃ សម្រាប់ធ្វើការជួញដូរ CSX Trade App, ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ, ទំនើបកម្មកម្មវិធីទូរសព្ទ សម្រាប់រៀនសូត្រ Phsarhun App, ការបន្តជំរុញក្រុមហ៊ុនសក្តានុពលឱ្យមកចុះបញ្ជីក្នុងផ្សារមូលបត្រ, ការសិក្សាអំពីលទ្ធភាពក្នុងការបង្កើតផលិតផលវិនិយោគផ្សេងៗ និងការបង្កើតយន្តការនានាដើម្បីសម្រួលដល់ការជួញដូរ ដូចជាការជួញដូរដោយមិនមានប្រាក់តម្កល់១០០% នឹងធ្វើឱ្យទីផ្សាររបស់យើងកាន់តែសកម្ម។

​បណ្ឌិតសភាចារ្យបន្ថែមថា ក្នុងនាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលផ្សារមូលបត្រកម្ពុជា សូមគាំទ្រចំពោះសកម្មភាពផ្សព្វផ្សាយបែបនេះ ក៏ដូចជាស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមគ្នាបន្ថែមទៀត ក្នុងការទាក់ទាញវិនិយោគិន សម្រួលការជួញដូរ ផ្តល់សេវាកម្មកាន់តែល្អដល់វិនិយោគិន និងទាក់ទាញក្រុមហ៊ុនបោះផ្សាយបន្ថែមទៀត៕