(ហាណូយ)៖ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានឱ្យដឹងនៅថ្ងៃពុធថា រដ្ឋាភិបាលរបស់វៀតណាមបានស្នើឱ្យធនាគារកណ្តាលរបស់ខ្លួនជួយដល់ក្រុមហ៊ុនប្រេងឥន្ធនៈក្នុងស្រុកឱ្យមានលទ្ធភាពប្រើប្រាស់រូបិយប័ណ្ណបរទេសកាន់តែប្រសើរឡើងដើម្បីទូទាត់សម្រាប់ការនាំចូលប្រេងឥន្ធនៈ។
កាសែត VN Express បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មថា ការជួយសម្រួលការទទួលបានមូលនិធិនេះនឹងជួយក្រុមហ៊ុនប្រេងឥន្ធនៈ «ទិញផលិតផលប្រេងឥន្ធនៈរបស់ពួកគេយ៉ាងឆាប់រហ័សសម្រាប់ទីផ្សារក្នុងស្រុក» ។
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីស្ថានីយប្រេងជាច្រើននៅភាគខាងត្បូងប្រទេសវៀតណាមបានបិទ ឬបានដាក់កំណត់ការលក់របស់ពួកគេ ដោយលើកឡើងពីការលំបាកផ្នែកហិរញ្ញវត្ថុ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម។
ប្រទេសនៅអាស៊ីអាគ្នេយ៍ឆ្នាំនេះបានប្រឈមមុខនឹងការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេងឥន្ធនៈដែលនាំចូល និងការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិក ដែលធ្វើឱ្យការនាំចូលប្រេងឥន្ធនៈកាន់តែមានតម្លៃថ្លៃ។
ការនាំចូលឥន្ធនៈចម្រាញ់របស់វៀតណាមក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះបានកើនឡើង ២២,៧% ពីឆ្នាំមុនដល់ ៦,៥២លានតោន ប៉ុន្តែតម្លៃនាំចូលបានកើនឡើង ១៣១% ដល់ ៦,៨ពាន់លានដុល្លារ នេះបើយោងតាមទិន្នន័យគយរបស់រដ្ឋាភិបាល។
រហូតមកដល់ពេលនេះ ប្រាក់ដុងបានធ្លាក់ចុះជាង ៧% ធៀបនឹងប្រាក់ដុល្លារ។ នេះបើយោងតាមកាសែត VN Exress៕