(ភ្នំពេញ)៖ អំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់បណ្ឌិត ចូសេ រ៉ាម៉ូស ហ័រតា ប្រធានាធិបតីទីម័រខាងកើត ចាប់ពីថ្ងៃទី១៩-២២ ខែតុលា ឆ្នាំ២០២២ នៅកម្ពុជា នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលទីម័រខាងកើត។
បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នឹងធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ជាមួយសមភាគីទីម័រខាងកើត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្រោមអធិតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ការចុះកិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យប្រសើរឡើង នូវលំហូរចូលនៃអ្នកដំណើរ តាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីអភិវឌ្ឍវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ វិនិយោគ និងវិស័យពាក់ព័ន្ធផ្សេងៗទៀត រវាងប្រទេសទាំងពីរ។
លោកបន្តថា ក្រៅពីនេះកិច្ចព្រមព្រៀងនេះ នឹងនាំមកនូវប្រយោជន៍ ជូនប្រទេសទាំងពីរដូចជា៖
* បង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធ លើវិស័យអាកាសចរស៊ីវិល
* សហការពង្រឹងសន្តិសុខ និងសុវត្ថិភាពអ្នកដំណើរអន្តរជាតិ តាមផ្លូវអាកាស
* បង្កើតឱ្យមានការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវអាកាស ទាំងអ្នកដំណើរ និងទំនិញ
* បង្កើតសេវាដឹកជញ្ជូនតាមផ្លូវអាកាស ការតភ្ជាប់មនុស្ស វប្បធម៌ និងធុរៈកិច្ច រវាងប្រទេសទាំងពីរ ព្រមទាំងគាំទ្រដល់កំណើននិរន្តរភាពនៃអាកាសចរណ៍
* បង្កើតលទ្ធភាពជូនក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពីរ សហការជើងហោះហើរ (Code-sharing Flights) និងលទ្ធភាពបើកជើងហោះហើរដោយផ្ទាល់ (Direct Flights) រវាងប្រទេសទាំងពីរ ឬការហោះហើរចុះចតប្រមូលភ្ញៀវច្រើនកន្លែង តាមរយៈការប្រើប្រាស់សិទ្ធិហោះហើរទី៥ (5th Freedom Traffic Rights) ជាដើម
* អ្នកដំណើរនឹងទទួលបានបទពិសោធន៍ថ្មី គោលដៅថ្មី និងជម្រើសថ្មីប្រកបដោយពិពិធកម្ម ក្នុងការធ្វើដំណើរ។
សូមបញ្ជាក់ថា រហូតមកដល់ពេលបច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស (ASAs) និងអនុស្សរណៈយោគយល់ (MOUs) ជាមួយបណ្តាប្រទេសនានានៅលើពិភពលោកបានចំនួន ៤៧ ប្រទេសហើយ៕