(ភ្នំពេញ)៖ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាសង្ឃឹមថា ​នៅក្នុងរដូវផលស្រូវធ្ងន់ ក្នុងខែវិច្ឆិកាខាងមុខនេះ តម្លៃស្រូវនឹងកើនឡើង ប្រសិនបើអឺរ៉ុបមានតម្រូវការអង្ករខ្ពស់ ដោយសារប្រទេសមួយចំនួននៅតំបន់នេះជួបគ្រោះរាំងស្ងួត និងការប្រែប្រួលអាកាសធាតុ។

លោកលើកឡើងថា បច្ចុប្បន្ននេះស្រូវធម្មតា ប្រភេទអូអ៊ឹម មានតំលៃចន្លោះពី៨៣០រៀល ទៅដល់៩៣០រៀល ក្នុង១គីឡូក្រាម ។ ចំណែកស្រូវសែនក្រអូប ដែលបានប្រមូលផលស្ទើរតែអស់ពីស្រែហើយនោះមានតម្លៃចន្លោះពី ១១០០រៀលដល់ ១២០០រៀលក្នុងមួយគីឡូក្រាម សម្រាប់ស្រូវសើម ដោយតម្លៃប្រែប្រួលអាស្រ័យតាមតំបន់នីមួយៗ។

លោកបន្តថា «តម្លៃស្រូវវាអាស្រ័យលើការប្រែប្រួលតំលៃអង្ករលើទីផ្សារអន្តរជាតិ បើតម្រូវការខ្ពស់ នោះតំលៃអង្ករហក់ឡើង តម្លៃស្រូវក៏ហក់ឡើងតាមនោះដែរ។ អង្ករក៏ដូចទំនិញផ្សេងដែរ បើតម្រូវការខ្ពស់ នោះតំលៃហក់ឡើង តែបើតម្រូវការធ្លាក់ចុះ តម្លៃនឹងប្រែប្រួលតាមនោះដែរ ហើយចំពោះកម្ពុជាសង្ឃឹមថា តម្រូវខ្ពស់ជាពិសេស នៅអ៊ឺរ៉ុប ដោយប្រទេសមួយចំនួនជួបគ្រោះរាំងស្ងួត និងការប្រែប្រួលបរិយាកាសធាតុ។​ តម្លៃស្រូវអាស្រ័យលើគុណភាពគ្រាប់ស្រូវ បើស្រូវគុណភាពល្អ និងទិញតំលៃតាមទីផ្សារ តែបើគុណភាពខូច និងពិភាក្សាគ្នាតាមស្ថានភាពជាក់ស្តែង»

លោកបន្តថា ស្រូវធ្ងន់ ឬស្រូវវស្សា នឹងចាប់ផ្តើមប្រមូលផល នៅក្នុងខែវិច្ឆិកា។ តែយ៉ាងនេះ លោកបារម្ភថាបញ្ហាជំនន់ទឹកភ្លៀង ដែលបានអូសបន្លាយពេលយូរជាងឆ្នាំកន្លងទៅ ​ដែលបណ្តាលឱ្យស្រូវរបស់កសិកររងការខូចខាត អាចនឹងធ្វើឱ្យរាំងស្ទះដល់ការនាំចេញនៅឆ្នាំក្រោយនេះ។

លោកលើកឡើងយ៉ាងដូច្នេះថា «ការនាំស្រូវអាចមានការថយចុះខ្លះ តែត្រូវចាំមើល ការស្តារឡើងវិញក្រោយទឹកសំរកផងដែរ។ ចំពោះ កសិករ គឺ អាស្រ័យលើតំបន់ មិនជាទូទៅ នោះទេ»

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែង ក្នុងពិធីផ្ទេរ និងប្រគល់តំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃ១៧ តុលានេះថា គិត ត្រឹមថ្ងៃទី១២ ខែតុលានេះ ស្រូវជាង២០ម៉ឺនហិកតា បានរងផលប៉ះពាល់ ក្នុងនោះផ្ទៃដីដំណាំស្រូវជាង៨ម៉ឺនហិកតា បានខូចខាត និងផ្ទៃដីដំណាំស្រូវចំនួនជិត៥ម៉ឺនហិកតា អាចស្ដារឡើងវិញបាន។
វិស័យកសិកម្ម កំពុងទទួលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងស្ទើរ តែទូទាំងប្រទេស ព្រោះទឹកជំនន់ក្នុងឆ្នាំនេះ មានរយៈពេលអូសបន្លាយយូរជាងឆ្នាំកន្លងទៅ ដែលជាហេតុធ្វើឱ្យមានផលប៉ះពាល់ច្រើន ដល់ដំណាំរបស់ប្រជាកសិករ។

លោក គៀន ណារិន កសិករនៅស្រុកថ្មីគោល ខេត្តបាត់ដំបង បានឱ្យដឹងថា ស្រូវរបស់លោកចំនួនជាង៤ហិចតា បានរងការខូចខាត ស្ទើរតែទាំងស្រុងដោយសារជំនន់ ដែលធ្វើឱ្យរងការខាតបង់ធ្ងន់ធ្ងរ ខណៈតម្លៃជីបានកើនឡើងទ្វេដង។

លោក ឌិត ទីណា រដ្ឋមន្ដ្រីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្ដើមចុះបេសកកម្ម ទៅតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែតុលា ដើម្បីចែកពូជស្រូវដល់កសិកររងគ្រោះដោយទឹកជំនន់ ដើម្បីធានាថា ប្រជាកសិករខ្មែរ បានទទួលពូជស្រូវសម្រាប់ដាំដុះឡើងវិញទាន់ពេលវេលា នៅពេលដែលទឹកចាប់ស្រកទៅវិញ ៕