(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងយុត្តិធម៌ បានបង្ហាញពីជំហររួមគ្នា លើការចាត់វិធានការបង្រ្កាប និងលុបបំបាត់សកម្មភាពផ្សព្វផ្សាយ និងផ្តល់ឥណទានខុសច្បាប់ ដើម្បីគាំពារអតិថិជន និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជូនដល់ប្រជាពលរដ្ឋ ក្នុងការទទួលបានសេវាធនាគារតាមតម្រូវការ ទាន់ពេលវេលា មានតម្លៃសមរម្យ។
ការប្រកាសរួមគ្នារបស់ស្ថាប័នរដ្ឋទាំង៣នេះ ធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «វិធានការ និងការបង្ក្រាបសកម្មភាពផ្សព្វផ្សាយ និងផ្តល់ឥណទានដោយខុសច្បាប់» ដែលរៀបចំឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ក្រោមការចូលរួមពីលោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា, លោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលរវាង អគ្គស្នងការដ្ឋាននគរបាលជាតិ និងតំណាងក្រសួងយុត្តិធម៌ផងដែរ។
លោក រ័ត្ន សុវណ្ណនរៈ បានថ្លែងឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា បាននិងកំពុងផ្តល់កិច្ចសហការជាមួយក្រសួងយុត្តិធម៌ ស្ថាប័នតុលាការខេត្ត-ក្រុង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានពន្ធដារ ក្នុងការចូលរួមគាំទ្រដល់ការប្រមូលពន្ធដារជូនរដ្ឋាភិបាល ការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការជួញដូរខុសច្បាប់។
ប្រព័ន្ធធនាគារនៅកម្ពុជា នៅតែបន្តរីកចម្រើន និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះកិច្ចគាំពារអតិថិជន និងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជូនដល់ប្រជាពលរដ្ឋ ក្នុងការទទួលបានសេវាធនាគារតាមតម្រូវការ ទាន់ពេលវេលា មានតម្លៃសមរម្យ និងមានកិច្ចគាំពារតាមផ្លូវច្បាប់ គឺជារបៀបវារៈស្នូលរបស់រាជរដ្ឋាភិបាល ដែលត្រូវបានចែងក្នុងយុទ្ធសាស្រ្តជាតិ ស្តីពី បរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥។
ធនាគារជាតិនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការបញ្ជ្រាបការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចគាំពារអតិថិជន តាមរយៈការរៀបចំ «សិក្ខាសាលា ស្តីពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» នៅតាមបណ្ដាខេត្ត-ក្រុង និងស្រុកទូទាំងប្រទេស។
លោកបានបន្ដថា តាមរយៈលទ្ធផលនៃការចុះផ្សព្វផ្សាយកន្លងមក ធនាគារជាតិនៃកម្ពុជា បានយល់ដឹងបន្ថែម ពីបញ្ហាប្រឈមនានាដូចជា៖
* ប្រជាពលរដ្ឋនៅតាមជនបទ ពុំទាន់យល់ច្បាស់អំពីកាតព្វកិច្ច និងការប្រើប្រាស់ សេវាហិរញ្ញវត្ថុ ព្រមទាំងពុំទាន់អាចទទួលព័ត៌មាន ហិរញ្ញវត្ថុបានពេញលេញ និងមានការលំបាកក្នុងការស្វែងរក ការពន្យល់បញ្ជាក់នៅពេលមានបញ្ហា ឬចម្ងល់ផ្សេងៗ ទាក់ទងនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុ។
* អាជ្ញាធរមូលដ្ឋានមានការលំបាក ក្នុងការកំណត់ឱ្យច្បាស់រវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលស្របច្បាប់ និងមិនស្របច្បាប់។
* មានក្រុមជនខិលខូចមួយចំនួន បាននិងកំពុងធ្វើប្រតិបត្តិការធនាគារ នៅតាមមូលដ្ឋានស្រុក-ឃុំ ទាំងសេវាផ្តល់ប្រាក់កម្ចី និងសេវាប្រមូលប្រាក់បញ្ញើ ដោយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងមានលក្ខណៈកេងប្រវ័ញ្ច។
លោកបានបញ្ជាក់ថា «ធនាគារជាតិនៃកម្ពុជា សង្កេតឃើញថា មានជនខិលខូចមួយចំនួនបន្តផ្សព្វផ្សាយ បើកចំហពី ការផ្តល់ឥណទានដល់ពលរដ្ឋតាមរូបភាពផ្សេងៗដូចជា ប្រព័ន្ធអនឡាញ បណ្តាញសង្គម ការផ្សព្វផ្សាយតាមខិត្តបណ្ណ និងការបិតផ្សាយតាមទីកន្លែងសាធារណៈជាដើម។ ចំពោះការផ្តល់សេវាឥណទាន ដោយគ្មានអាជ្ញាបណ្ណ ពីធនាគារជាតិនៃកម្ពុជា គឺខុសនឹងមាត្រា៩ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ហើយការផ្តល់ឥណទានខុសច្បាប់នេះ ផ្តល់ផលប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងអាចបង្កឱ្យមានបំណុលច្រើនលើសលុប តាមរយៈការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ និងម្យ៉ាងវិញទៀត បញ្ហាកង្វះក្រមសីលធម៌ និងយន្តការការពារអតិថិជន អាចជំរុញឱ្យមានអំពើហិង្សា ការបាត់បង់ទ្រព្យធានា និងអាចកើតមាននូវអសន្តិសុខសង្គម (ចោរកម្ម) ហើយទង្វើទាំងនេះបានជះឥទ្ធិពលអវិជ្ជមាន ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលកំពុងផ្តល់សេវាធនាគារផ្លូវការផងដែរ»។
ជាបន្ដបន្ទាប់ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការផ្សព្វផ្សាយ និងផ្តល់ឥណទានដោយខុសច្បាប់ ដើម្បីផ្តល់សារបន្ថែម ដល់សាធារណជន អំពីគ្រឹះស្ថានស្របច្បាប់ និងផ្លូវការ ដែលផ្តល់សេវាឥណទាន និងសេវាពាក់ព័ន្ធផ្សេងទៀត ព្រមទាំងស្នើបង្កើនការប្រុងប្រយ័ត្ន ឱ្យបានខ្ពស់បំផុត ចំពោះអ្នកផ្តល់សេវាឥណទានខុសច្បាប់ និងក្រៅផ្លូវការ។
លោកបានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា បានសហការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងយុត្តិធម៌ ផ្តួចផ្តើមរៀបចំសិក្ខាសាលានាថ្ងៃនេះឡើង ក្នុងគោលបំណងដើម្បី៖
១៖ បញ្ជ្រាបការយល់ដឹង បន្ថែមដល់ភាគីពាក់ព័ន្ធអំពីវិធានការផ្លូវច្បាប់ ចំពោះការផ្សព្វផ្សាយ និងផ្តល់ឥណទានខុសច្បាប់។
២៖ ដាក់ចេញនូវវិធានការអប់រំ ឬណែនាំដល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់ពីសេវាធនាគារផ្លូវការ។
៣៖ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកផ្តល់សេវាធនាគារមិនមានច្បាប់អនុញ្ញាត។
ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ បានថ្លែងថា កិច្ចការងាររបស់នគរបាលជាតិ គ្រប់ស្ថាប័នជាតិ គាំទ្រសហការ ការពារផលប្រយោជន៍ជាតិ និងផលប្រយោជន៍វិស័យឯកជន ដែលទទួលបានគោលការណ៍ច្បាប់ត្រឹមត្រូវ ពីរាជរដ្ឋាភិបាល។ ចំពោះវិធានការ និងការបង្ក្រាបសកម្មភាពផ្សព្វផ្សាយ និងផ្តល់ឥណទានដោយខុសច្បាប់ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចជាតិ ដូច្នេះប្រសិនបើមិនមានវិធានការបង្ក្រាបនោះទេ សកម្មភាពនេះនឹងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ស្ថាប័នជាតិទាំងមូល ព្រមទាំងបណ្ដាញវិស័យឯកជន ដែលមានច្បាប់ទម្លាប់ត្រឹមត្រូវ។
លោកបានបន្ដថា «មិនតែប៉ុណ្ណោះបានប៉ះពាល់ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋទាំងមូល ព្រោះថា ការចុះផ្សព្វផ្សាយ អូសទាញប្រជាពលរដ្ឋ អាជីវករតាមបណ្ដាក្រុមហ៊ុននានាឲ្យខ្ចីប្រាក់ ហើយបង្វិលមកជាការទារការប្រាក់កម្រិតខ្ពស់ ព្រមទាំងការគម្រាមកំហែងសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋកម្ពុជា និងជនបរទេសដែលររស់នៅកម្ពុជា»។
លោកបានបញ្ជាក់ថា ចំណុចនេះហើយដែលតម្រូវឲ្យស្ថាប័នរួមគា្ន ទប់ស្កាត់ឲ្យខានតែបានលើវិស័យនេះ។
តំណាងក្រសួងយុត្តិធម៌បានថ្លែងថា ការសហការគ្នារៀបចំសិក្ខាសាលា ស្ដីពី «វិធានការ និងការបង្ក្រាបសកម្មភាពផ្សព្វផ្សាយ និងផ្តល់ឥណទានដោយខុសច្បាប់» របស់ធនាគារជាតិនៃកម្ពុជា អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងយុត្តិធម៌ថ្ងៃនេះ បានបង្ហាញពីការសហការគ្នាបញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ និងការពារសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
តំណាងក្រសួងយុត្តិធម៌បានបន្ដថា ជាទិសដៅបន្ដបន្ទាប់ក្រសួយុត្តិធម៌ និងបន្ដធានានូវយុត្តិធម៌ និងសមភាពសម្រាប់បុគ្គគ្រប់។ ក្រសួងយុត្តិធម៌ សូមបង្ហាញជំហរចូលរួមសហការជាមួយ ក្រសួងស្ថាប័ន មានសមត្ថកិច្ចទាំងអស់ចាត់វិធានការ ទប់ស្កាត់រាល់សកម្មភាពផ្សព្វផ្សាយឥណទានខុសច្បាប់ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព៕