(ក្រុងកូឡុំបូ)៖ នៅថ្ងៃអង្គារសប្តាហ៍នេះប្រទេសស្រីលង្កាបានអនុម័តច្បាប់ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនមកពីប្រទេសផលិតប្រេងនាំចូល និងលក់ប្រេងឥន្ធនៈក្នុងប្រទេសរបស់ខ្លួន ខណៈប្រទេសនេះព្យាយាមទប់ទល់នឹងការចំណាយលើប្រេងឥន្ធនៈដ៏ច្រើនដែលធ្វើឱ្យវិបត្តិហិរញ្ញវត្ថុរបស់ខ្លួនកាន់តែមានស្ថានភាពអាក្រក់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ប្រទេសដីកោះដែលមានប្រជាជនចំនួន ២២លាននាក់នេះកំពុងជាប់គាំងក្នុងកង្វះខាតប្រាក់បម្រុងរូបិយប័ណ្ណបរទេសយ៉ាងធ្ងន់ធ្ងរដែលបណ្តាលឱ្យមានការពិបាកក្នុងការនាំចូលសម្ភារចាំបាច់គ្រប់គ្រាន់រួមទាំងប្រេង ថ្នាំ ជី និងអាហារផងដែរ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការដោយដងស្រង់សំដីរបស់លោក Kanchana Wijesekera រដ្ឋមន្ត្រីក្រសួងថាមពលស្រីលង្កាខណៈថ្លែងទៅកាន់សភាជាតិថា៖ «ដោយសារស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេសជាតិ យើងមិនអាចមានលទ្ធភាពទិញប្រេងឥន្ធនៈដែលយើងត្រូវការបានទេ»។ លោកបានបន្ថែមថា៖ «ស្រីលង្កាស្ថិតក្នុងវិបត្តិថាមពលដ៏ធ្ងន់ធ្ងរមួយ»។
លោកបានបន្ថែមថា ការចំណាយលើថ្លៃប្រេងឥន្ធនៈប្រចាំខែរបស់ប្រទេសស្រីលង្កាបានកើនឡើងទ្វេដងដល់ ៦០០លានដុល្លារនៅឆ្នាំនេះ ដែលមួយផ្នែកដោយសារការឡើងថ្លៃសកលដោយសារសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែប្រទេសនេះអាចមានលទ្ធភាពចំណាយត្រឹមតែប្រហែល ៣៥០លានដុល្លារប៉ុណ្ណោះ។
រដ្ឋមន្ត្រីរូបនេះបាននិយាយទៀតថា ធនាគាររដ្ឋក៏បានជួបការលំបាកផងដែរក្នុងការទូទាត់សងបំណុលប្រហែល ៧៥១លានដុល្លារដែលជំពាក់ក្រុមហ៊ុនផ្គត់ផ្គង់។
ច្បាប់ថ្មីនេះនឹងធ្វើសេរីភាវូបនីយកម្មឧស្សាហកម្មប្រេងឥន្ធនៈដែលអនុញ្ញាតឱ្យក្រុមហ៊ុនអន្តរជាតិនាំចូល និងលក់ប្រេងឥន្ធនៈដោយផ្ទាល់នៅក្នុងប្រទេសស្រីលង្កា និងកាត់បន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់ប្រាក់ដុល្លារតិចតួចរបស់ប្រទេសនេះ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការដោយដងស្រង់ប្រភពមួយពីក្រសួងថាមពលស្រីលង្កាដោយស្នើសុំមិនបញ្ចេញឈ្មោះថា ក្រសួងបានទទួលពាក្យសុំចំនួន២៤ រួចហើយពីប្រទេសជាច្រើន រួមមាន ឥណ្ឌា ចិន អារ៉ាប៊ីសាអូឌីត រុស្សី ម៉ាឡេស៊ី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក៕