(ហាណូយ)៖ ក្រសួងហិរញ្ញវត្ថុវៀតណាមបានឱ្យដឹងនៅចុងសប្តាហ៍មុនថា ភ្លែតហ្វមអនឡាញនានារួមទាំង Facebook និង Google បានបង់ពន្ធចំនួន ៥,៥៩ពាន់ពាន់លានដុង (២៣១,៦លានដុល្លារអាមេរិក) ចាប់ពីឆ្នាំ២០១៨ រហូតដល់ខែសីហាឆ្នាំ២០២២នេះ។ នេះបើយោងតាមកាសែត VN Express របស់វៀណាម។
កាសែត VN Express បានរាយការណ៍ដោយដកស្រង់របាយការណ៍មួយដែលផ្ញើទៅកាន់រដ្ឋសភាដោយក្រសួងហិរញ្ញវត្ថុវៀតណាមថា ពន្ធនេះត្រូវបានបង់ដោយភ្លែតហ្វមពាណិជ្ជកម្មឆ្លងព្រំដែន និងអេឡិចត្រូនិកនានា ដោយ Facebook និង Google រួមចំណែកច្រើនបំផុតគឺ ២,០៩៩ពាន់ពាន់លានដុង (ប្រហែល ៨៥,៩២លានដុល្លារ) និង ២,១១៥ពាន់ពាន់លានដុង (ប្រហែល៨៦,៦១លានដុល្លារ) រៀងគ្នា។
ក្រុមហ៊ុនដែលបង់ពន្ធច្រើនជាងគេទី៣ គឺក្រុមហ៊ុន Microsoft ដែលបង់ពន្ធចំនួន ៧១៤ពាន់លានដុង (ប្រហែល ២៩,២៦លានដុល្លារ)។
កាសែត VN Express បានរាយការណ៍ថា កាលពីឆ្នាំ២០២១ អាជ្ញាធរវៀតណាមបានប្រមូលប្រាក់ពន្ធបានចំនួន ១,៥៩១ពាន់ពាន់លានដុង (ប្រហែល ៦៥,២២លានដុល្លារ) ដែលច្រើនឆ្នាំ២០២០ ចំនួន ៣៩%។
ចាប់ពីដើមឆ្នាំ២០១៨ រហូតដល់ចុងខែសីហា ឆ្នាំនេះ អាជ្ញាធរពន្ធដារវៀតណាមបានប្រមូលពន្ធចំនួន ១,០៨២ពាន់ពាន់លានដុង (ប្រហែល ៤៤,៣១លានដុល្លារ) ពីស្ថាប័ន និងបុគ្គលដែលរកប្រាក់ចំណូលពីការរកស៊ីតាមអ៊ីនធឺណិត រួមទាំងប្រាក់ពន្ធដែលប្រមូលបានក្នុងឆ្នាំ២០២១ ចំនួន ២៦១ ពាន់លានដុង (ប្រហែល ១០,៦៨លានដុល្លារ) និងប្រាក់ពន្ធជិត ៥២១ពាន់លានដុង (ប្រហែល ២១,៣២លានដុល្លារ) ដែលប្រមូលបានក្នុងរយៈពេលប្រាំបីខែដំបូងក្នុងឆ្នាំនេះ។
ក្រសួងហិរញ្ញវត្ថុវៀតណាមបានបើកដំណើរការផតថល (Portal) អេឡិចត្រូនិចមួយ និងកម្មវិធីទូរស័ព្ទ (eTax Mobile) នៅក្នុងខែមីនា សម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់បរទេសប្រកាស ចុះបញ្ជី និងបង់ពន្ធ។ រហូតមកដល់ពេលនេះ មានប្រតិបត្តិការជិត ៧ម៉ឺនដែលធ្វើឡើងតាមរយៈផតថល និងកម្មវិធីនេះ ដោយប្រមូលប្រាក់ពន្ធបានជាង ៣០៨ពាន់លានដុង (ប្រហែល ១២,៦១លានដុល្លារ)។ នេះបើយោងតាមកាសែត VN Express៕