(វ៉ាស៊ីនតោន)៖ បណ្តាប្រទេសលោកខាងលិចនៅសប្តាហ៍មុន បានបង្កើនការរិះគន់របស់ខ្លួនទៅលើប្រទេសចិន ដែលជាម្ចាស់បំណុលទ្វេភាគីដ៏ធំបំផុតនៅក្នុងពិភពលោក ថាជាឧបសគ្គចម្បងក្នុងការឈានដល់ការសម្រេចបានកិច្ចព្រមព្រៀងរៀបចំបំណុលឡើងវិញសម្រាប់ប្រទេសកាន់តែច្រើនឡើងដែលមិនអាចមានលទ្ធភាពសងបំណុលរបស់ពួកគេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របាននរាយការណ៍ដោយដកស្រង់សំដីរបស់រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen ដែលបានថ្លែងកាលពីថ្ងៃសុក្រថា អតិផរណាខ្ពស់ ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ សម្ពាធរូបិយប័ណ្ណ និងលំហូរចេញមូលធន កំពុងបង្កើនបន្ទុកបំណុលនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ហើយការវិវឌ្ឍទៅមុខនៃកិច្ចព្រមព្រៀងរៀបចំបំណុលឡើងវិញបន្ថែមទៀតត្រូវការជាបន្ទាន់។

លោកស្រីបាននិយាយថា លោកស្រីបានពិភាក្សាបញ្ហាទាំងនោះក្នុងពេលទទួលទានអាហារពេលល្ងាចជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុមកពីទ្វីបអាហ្វ្រិក និងក្នុងការពិភាក្សាជាច្រើនទៀត។ ក្រុមប្រទេសអ្នកមានទាំងប្រាំពីរ (G7) ក៏បានជួបជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុមកពីទ្វីបអាហ្រ្វិកផងដែរ ដែលបារម្ភថា ការផ្តោតសំខាន់លើសង្រ្គាមនៅអ៊ុយក្រែនកំពុងធ្វើឱ្យបាត់បង់ធនធាន និងការយកចិត្តទុកដាក់លើការព្រួយបារម្ភជាបន្ទាន់របស់ពួកគេ។

លោកស្រី Yellen បានប្រាប់អ្នកយកព័ត៌មាននៅឯកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោកនៅទីក្រុងវ៉ាស៊ីនតោនថា៖ «មនុស្សគ្រប់គ្នាយល់ស្របថា រុស្ស៊ីគួរតែបញ្ឈប់សង្គ្រាមរបស់ខ្លួនលើអ៊ុយក្រែន ហើយការបញ្ឈប់សង្គ្រាមនោះនឹងដោះស្រាយបញ្ហាសំខាន់ៗបំផុតដែលអាហ្វ្រិកប្រឈមមុខ»

ប៉ុន្តែលោកស្រីបាននិយាយថា ដំណើរការរៀបចំបំណុលឡើងវិញដែលមានប្រសិទ្ធភាពជាងនេះក៏ត្រូវការផងដែរ ហើយប្រទេសចិនមានតួនាទីធំក្នុងដំណើរការនេះ។

លោកស្រីបានបន្តថា៖ «ឧបសគ្គដល់ការរីកចម្រើនកាន់តែខ្លាំងនោះគឺជាប្រទេសម្ចាស់បំណុលដ៏ធំមួយ គឺប្រទេសចិន។ ដូច្នេះមានការពិភាក្សាជាច្រើនអំពីអ្វីដែលយើងអាចធ្វើបានដើម្បីនាំប្រទេសចិនមកតុចរចា និងជំរុញដំណោះស្រាយដ៏មានប្រសិទ្ធភាព»

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់ធនាគារពិភពលោកថា ប្រទេសក្រីក្របំផុតក្នុងពិភពលោកប្រឈមនឹងត្រូវទូទាត់បំណុលចំនួន ៣៥ពាន់លានដុល្លារដល់ម្ចាស់បំណុលផ្លូវការ និងឯកជនក្នុងឆ្នាំ២០២២ ដែលច្រើនជាង ៤០ភាគរយនៃចំនួនសរុបត្រូវសងទៅឱ្យប្រទេសចិន។

រដ្ឋមន្ត្រីហិរញ្ញវត្ថុអេស្ប៉ាញ Nadia Calvino ដែលជាប្រធានគណៈកម្មាធិការដឹកនាំរបស់មូលនិធិ IMF បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រក្នុងបទសម្ភាសមួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា មានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីប្រទេសចិនដែលថាមិនចូលរួមពេញលេញក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបំណុល ដោយលោកកត់សម្គាល់ថា ប្រទេសចិនមិនបានបញ្ជូនមន្ត្រីទៅចូលរួមដោយផ្ទាល់នៅកិច្ចប្រជុំរបស់មូលនិធិ IMF និងធនាគារពិភពលោកនៅសប្តាហ៍នេះទេ។

លោក Calvino មានប្រសាសន៍ថា៖ «ប្រទេសចិនគឺជាដៃគូចាំបាច់មួយ។ វាពិតជាចាំបាច់ដែលយើងមានប្រទេសចិននៅក្នុងការពិភាក្សានៅពេលនិយាយអំពីការបន្ធូរបន្ថយបំណុល»។ លោកបានបន្ថែមថា ប្រទេសដែលជំពាក់បំណុលជាច្រើនក៏បានរងផលប៉ះពាល់យ៉ាងខ្លាំងពីអតិផរណាខ្ពស់ និងការប្រែប្រួលអាកាសធាតុផងដែរ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសអាល្លឺម៉ង់ លោក Christian Lindner ក៏បានរិះគន់ផងដែរចំពោះកង្វះការចូលរួមរបស់ប្រទេសចិនឱ្យបានទាន់ពេលវេលាក្នុងការរៀបចំបំណុលឡើងវិញសម្រាប់ប្រទេសដែលមានចំណូលទាបនេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសចិនបានអះអាងថា ខ្លួននឹងមិនចូលរួមក្នុងករណីខ្លះនោះទេ លុះត្រាតែមូលនិធិ IMF និងធនាគារពិភពលោកចូលរួមដែរ៕