(កំពត)៖ កម្ពុជាបានបន្ដការនាំចូលអំបិលពីប្រទេសឥណ្ឌា ចំនួនជាង៥ម៉ឺនតោនបន្ថែមទៀត ដើម្បីបំពេញតម្រូវការក្នុងស្រុក ខណៈការផលិតអំបិល នៅខេត្តកំពត-កែប ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មិនបាន ទទួលផល ដោយសារមកពីកត្តាភ្លៀងធ្លាក់ ស្ទើរគ្រប់រដូវកាល។ នេះបើតាមបញ្ជាក់ឲ្យដឹងពីលោក ប៊ុន បារាំង ជាពាណិជ្ជករនៅខេត្តកំពត ជាអ្នកធានានាំអំបិលពីប្រទេសឥណ្ឌា ចូលមកក្នុងស្រុក។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ លោក ប៊ុន បារាំង បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ ពីក្រសួងពាក់ព័ន្ធ ក៏ដូចរាជរដ្ឋាភិបាល បានផ្ដល់ទំនុកចិត្ត ឲ្យរូបលោក នាំផលិតផលអំបិលពីក្រៅប្រទេស ដើម្បីមកផ្គត់ផ្គង់ លើតម្រូវការទីផ្សារនៅក្នុងស្រុក និងបំពេញការខ្វះខាតអំបិល សម្រាប់ការបរិភោគរបស់ពលរដ្ឋ ក្នុងឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ទៅមុខទៀត។

លោក ប៊ុន បារាំង បានឲ្យដឹងទៀតថា នៅខេត្តកំពត-កែប នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ការផលិតអំបិលមិនបានទទួលផលសោះ ដោយសារមកពីកត្តាភ្លៀងធ្លាក់ ស្ទើរគ្រប់រដូវកាល។ ជាពិសេសក្នុងឆ្នាំនេះតែម្តង ដែលការផលិតអំបិលរងផលប៉ះពាល់ ដោយសារពលរដ្ឋអ្នកផលិតអំបិល មិនបានទទួលផល ក្នុងការផលិតទាល់តែសោះ។

លោកបន្តថា រូបលោកបានសុំគោលការណ៍ពីរាជរដ្ឋាភិបាល ចាប់ផ្ដើមនាំអំបិលចូលមកក្នុងស្រុកជាលើកដំបូង នៅដើមខែសីហាឆ្នាំ២០២២ និងបច្ចុប្បន្ននាំចូលប្រមាណជាង៥ម៉ឺនតោនបន្ថែមទៀត សម្រាប់ប្រទេសកម្ពុជា គឺពីប្រទេសឥណ្ឌា។

លោក ប៊ុន បារាំង បន្តបញ្ជាក់ថា អំបិលដែលនាំចូលពីប្រទេសឥណ្ឌានេះ បានដឹកមកដល់ចំណតនៅកំពង់ផែទឹកសាប នៃស្រុកលើកដែក ខេត្តកណ្ដាល បច្ចុប្បន្នកម្លាំងកម្មករ បាននិងកំពុងលើកទម្លាក់ចុះ ដើម្បីឆ្ពោះទៅចែកចាយនៅតាមទីផ្សារនានា នៃប្រទេសកម្ពុជា ដែលជំហាននាំចូលដំបូងមានប្រមាណ៦ម៉ឺនតោន និងនាំចូលលើកនេះប្រមាណជាង៥ម៉ឺនតោនបន្ថែមទៀត។

លោក ប៊ុន បារាំង បានឲ្យដឹងទៀតថា ការនាំអំបិលចូលពីប្រទេសឥណ្ឌា គឺនឹងធ្វើឡើងជាបន្តបន្ទាប់ទៀត ដើម្បីឆ្លើយតបទៅតាមតម្រូវការអំបិលក្នុងប្រទេសកម្ពុជា សម្រាប់បរិភោគក្នុងមួយឆ្នាំៗ មានប្រមាណ ជាង១០ម៉ឺនតោន។ លោកថា បច្ចុប្បន្ននេះការផលិតអំបិលក្នុងប្រទេស មិនមានផលអំបិលលក់ទេ ដោយសារអាកាសធាតុភ្លៀងធ្លាក់ខ្លាំងពេក។

ចំពោះការនាំចូលអំបិលពីប្រទេសឥណ្ឌានេះ គឺមិនប៉ះពាល់ដល់សុខភាពប្រជាជនទេ ពីព្រោះផលិតផលអំបិលនៅឥណ្ឌា មិនមែនត្រឹមតែនាំចូលមកកម្ពុជាប៉ុណ្ណោះទេ គឺប្រទេសមួយចំនួន នៅជុំវិញពិភពលោក ដែលមានការខ្វះអំបិលប្រើប្រាស់នោះ ក៏គេនាំចូលពីឥណ្ឌានេះផងដែរ ព្រោះការផលិតអំបិលនៅឥណ្ឌា វាចេញពីធម្មជាតិ មានគុណភាពល្អណាស់ បើធៀបទៅនឹងទាំងអាកាសធាតុកំដៅ និងមហាសមុទ្រឥណ្ឌា។ នេះជាការបញ្ជាក់បន្ថែម របស់លោក ប៊ុន បារាំង។

លោកបន្ដទៀតថា ការនាំចូលអំបិលមកដល់ក្នុងស្រុកឡើងនៅកំពង់ផែទីតាំងខាងលើ គឺមានការត្រួតពិនិត្យយ៉ាងដិតដល់ ពីក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងហិរញ្ញវត្ថុ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយចាត់តាំងក្រុមការងារជំនាញរបស់ក្រសួងចុះមកត្រួតពិនិត្យពាក់ព័ន្ធអំបិល ដោយក្រសួងបញ្ជាក់ថា អំបិលដែលនាំចូលពីប្រទេសឥណ្ឌា គឺ១០០% គ្មានលាយសារធាតុគីមី នោះឡើយ។

លោកក៏បានបន្ថែមថា ចំណែកប្រទេសជិតខាង ដូចជាប្រទេសវៀតណាម គឺយើងមិនអាចនាំចូលមកកម្ពុជាបានទេ ដោយសារប្រទេសវៀតណាមខ្វះខាតអំបិល ដូចកម្ពុជាដែរ។ ចំពោះតម្លៃនៃការនាំចូលអំបិល ពីប្រទេសឥណ្ឌា មកចែកចាយក្នុងទីផ្សារប្រទេសកម្ពុជា នាពេលនេះ គឺតម្លៃធម្មតា មិនឲ្យខ្ពស់ជាងតម្លៃអំបិលផលិតក្នុងស្រុកយើងទេ ទោះបីតម្លៃប្រេងឥន្ធនៈថ្លៃ ការដឹកជញ្ជូន កម្លាំងពលកម្ម ពីកម្មករ លើកដាក់ គិតពីពន្ធផ្សេងៗ យ៉ាងណាក៏ដោយចុះ។

លោក ប៊ុន បារាំង បានលើកឡើងទៀតថា ការនាំចូលអំបិល គឺធ្វើទៅតាមការខ្វះអំបិលក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ គឺមិនឲ្យលើស និងមិនឲ្យខ្វះ គឺតម្រូវការគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ក្នុងប្រទេសកម្ពុជា ហើយខណៈដែលអំបិលប្រទេសកម្ពុជាការផលិតអំបិល មិនបានទទួលផលគ្រប់គ្រាន់ ដោយសារកត្តាមេឃភ្លៀងធ្លាក់ខ្លាំងស្ទើរគ្រប់រដូវ ជាពិសេសខេត្តផលិតអំបិល ដូចជាខេត្ត កំពត-កែបនេះឯង។

លោក ប៊ុន បារាំង បន្តបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះ ដោយសារអាកាសធាតុក្នុងឆ្នាំនេះមានភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យផ្ទៃដីស្រែ អំបិល ជិត៥ពាន់ហិកតា នៅខេត្តកំពត និងខេត្តកែប ផលិតអំបិលអត់បានទាល់តែសោះ។

ជាមួយគ្នានេះ លោក ប៊ុន បារាំង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្រុមអាជីវករ ធ្វើអាជីវកម្ម ដែលពាក់ព័ន្ធការប្រើប្រាស់ និងចែកចាយនូវផលិតផលអំបិល ដែលតម្រូវការចាំបាច់ សូមទំនាក់ទំនងមករូបលោកផ្ទាល់ ឬសហការី ដែលមានប្រើប្រាស់លេខទូរស័ព្ទទំនាក់ទំនង៖ ០១២ ៦៧៧ ៥៥១, ០៩៦ ៦៦៧៧៥៥១ និង០៩៧ ២២២ ១៩៦៦។

សូមបញ្ជាក់ផងដែរថា កាលពីខែសីហា ឆ្នាំ២០២២ កម្ពុជា បានចាប់ផ្ដើមនាំចូលអំបិល ពីប្រទេសឥណ្ឌាជាលើកដំបូងចំនួន៦ម៉ឺនតោន ដើម្បីបំពេញតម្រូវការក្នុងស្រុក។ នេះជាលើកទី២ហើយ ដែលកម្ពុជា នាំចូលអំបិលពីប្រទេសឥណ្ឌា៕