(ញូវយ៉ក)៖ រដ្ឋាភិបាលរបស់ប្រទេសក្នុងតំបន់អាស៊ីបានចំណាយប្រាក់ប្រហែល ៥០ពាន់លានដុល្លារពីប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់ប្រទេសទាំងនោះកាលពីខែមុន ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២០មក ដើម្បីការពាររូបិយប័ណ្ណរបស់ខ្លួនពីការធ្លាក់ថ្លៃឥតឈប់ឈរធៀបប្រាក់ដុល្លារអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់តួលេខដែលចេញផ្សាយដោយក្រុមហ៊ុន Exante Data Inc. ដែលជាក្រុមហ៊ុនជំនាញខាងតាមដានលំហូរមូលធនពិភពលោកមានមូលដ្ឋាននៅទីក្រុងញួវយ៉ក សហរដ្ឋអាមេរិកថា បណ្តាប្រទេសនៅអាស៊ីដែលកំពុងអភិវឌ្ឍន៍ដោយមិនរាប់បញ្ចូលប្រទេសចិនបានចំណាយប្រាក់ជិត ៣០ពាន់លានដុល្លារដើម្បីលក់ចេញទៅក្នុងទីផ្សារកាលពីខែកញ្ញា។ ចំនួនទឹកប្រាក់នេះកើនឡើងដល់ ៥០ពាន់លានដុល្លារនៅពេលដែលអន្តរាគមន៍ពីសំណាក់ប្រទេសជប៉ុនត្រូវបានរួមបញ្ចូល។
ការលក់ប្រាក់ដុល្លារក្នុងតំបន់អាស៊ីក្នុងរយៈពេលប្រាំបួនខែដំបូងក្នុងឆ្នាំនេះបានឡើងដល់ប្រមាណ ៨៩ពាន់លានដុល្លាររួមទាំងប្រទេសជប៉ុនផងដែរ ពោលគឺជារយៈពេលសកម្មបំផុតសម្រាប់ការចំណាយរូបិយប័ណ្ណបរទេសគិតចាប់តាំងពីយ៉ាងហោចណាស់ឆ្នាំ២០០៨មក។ តួលេខរបស់ក្រុមហ៊ុន Exante នេះគឺផ្អែកលើការប៉ាន់ប្រមាណរបស់ខ្លួនលើទិន្នន័យពីធនាគារកណ្តាល និងអាជ្ញាធររដ្ឋាភិបាលផ្សេងទៀត ហើយកែតម្រូវតួលេខទឹកប្រាក់ទាំងនោះទៅតាមអត្រាប្តូរប្រាក់បរទេស។
ការកើនឡើងទឹកប្រាក់អន្តាគមន៍នេះកើតមានឡើងនៅពេលដែលសន្ទស្សន៍ Bloomberg Dollar Spot Index ដែលវាស់វែងប្រាក់ដុល្លារធៀបនឹងកញ្ចប់រូបិយប័ណ្ណសំខាន់ៗផ្សេងទៀតកំពុងជួញដូរក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន បន្ទាប់ពីមានការដំឡើងអត្រាការប្រាក់ដ៏ខ្លាំងក្លាបំផុតគិតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក។ ការឡើងថ្លៃប្រាក់ដុល្លារបានកាត់បន្ថយតម្លៃប្រាក់បម្រុងរូបិយប័ណ្ណផ្សេងទៀតនៅក្នុងផលប័ត្ររបស់ធនាគារកណ្តាល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕