(ភ្នំពេញ)៖ ស្របពេលគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួន បានដំឡើងអត្រាការប្រាក់បញ្ញីរបស់ខ្លួនឲ្យឡើងខ្ពស់ អ្នកជំនាញហិរញ្ញវត្ថុបានលើកឡើងថានេះ គឺជាឱកាសល្អមួយសម្រាប់ពលរដ្ឋកម្ពុជាវិនិយោគ លើការដាក់បញ្ញើនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ ដើម្បីទទួលបានទទួលផលចំណេញ ពីអត្រាការប្រាក់ខ្ពស់ និងមានសុវត្ថិភាព ជាពិសេសសម្រាប់ពលរដ្ឋ ដែលសល់សាច់ប្រាក់ច្រើនក្នុងដៃ និងមិនត្រូវការប្រើប្រាស់ចាំបាច់។

លោក ទិត្យ កំរង ស្ថាបនិកក្រុមហ៊ុនឬទ្ធិពល និងជាអ្នកឯកទេសផ្នែកចំណេះដឹងហិរញ្ញវត្ថុ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការដំឡើងអត្រាការប្រាក់បញ្ញីរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួននៅកម្ពុជា គឺជាឱកាសល្អ ដែលពលរដ្ឋកម្ពុជា មានជម្រើសក្នុងការវិនិយោគថ្មីមួយទៀត តាមរយៈការដាក់ប្រាក់បញ្ញើនៅតាមធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដោយទទួលបាននូវអត្រាការប្រាក់ខ្ពស់ ព្រោះការដាក់ប្រាក់បញ្ញើនៅតាមស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ គឺជាការវិនិយោគដែលមានសុវត្ថិភាពជាងគេ។

លោកលើកទឹកចិត្តឱ្យអ្នកដែលសល់ប្រាក់ច្រើន ហើយមិនប្រើការនោះ គួរយកទៅដាក់ផ្ញើនៅតាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងកាលកំណត់ណាមួយ ព្រោះក្រៅពីការទទួលបានប្រាក់ចំណេញហើយ ថែមទាំងបានចូលចំណែកជួយដល់សេដ្ឋកិច្ចផងដែរ ដោយសារតែតាមរយៈការដាក់ប្រាក់បញ្ញើនេះ នឹងធ្វើឱ្យបណ្តាគ្រឹះស្ថានហិញ្ញវត្ថុ មានទុនសម្រាប់ផ្តល់កម្ចី ទៅដល់អ្នកត្រូវការប្រាក់សម្រាប់យកទៅប្រកបរបរផ្សេងៗ ឬពង្រីកមុខជំនួញជាដើម ដែលធ្វើឱ្យសេដ្ឋកិច្ចកាន់តែរីកចម្រើន។

ទន្ទឹមគ្នា ការយកប្រាក់នៅដាក់បញ្ញើនៅនៅធនាគារ ដែលមានកាលកំណត់នេះ ក៏នឹងជួយកាត់បន្ថយទៅលើការចំណាយរបស់ពួកគាត់ ទៅលើការទិញរបស់ប្រើប្រាស់ដែលមិនចាំបាច់ផងដែរ។ កត្តានេះនឹងធ្វើឲ្យពួកគាត់ប្រើប្រាស់លុយកាន់តែមានប្រសិទ្ធភាព។

លោកលើកឡើងថា «សម្រាប់អ្នកដែលរកស៊ី ភាគច្រើនគាត់មានរបររកស៊ី ដែលទទួលបាននូវប្រាក់ចំណេញលើសនេះ ក្នុងអត្រា១២ ឬ១៣% ប៉ុន្តែសម្រាប់អ្នកដែលមានលុយ ហើយអត់ដឹងធ្វើអី ហើយមិនត្រូវបានប្រើប្រាស់ចាំបាច់ក្នុងរយៈពេលខ្លី អីចឹងគាត់ដាក់នៅធនាគារទៅ គាត់ចំណេញណាស់»

លោកកត់សម្គាល់ឃើញថា ចំណេះដឹងរបស់ពលរដ្ឋកម្ពុជា ទាក់ទងនឹងការទុកដាក់ប្រាក់កាស មានការយល់ដឹងច្រើនជាងមុន ទាំងនៅទីក្រុង និងទីជនបទ ដោយភាគច្រើនបានប្តូរទម្លាក់ពីការទុកដាក់លុយនៅផ្ទះ មកផ្ញើនៅធនាគារ និងមីក្រូហិវត្ថុវិញ។

លោកបន្ថែមថា «ធនាគារ និងមីក្រូហិរញ្ញវត្ថ ដែលមានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា គឺជាកន្លែងដែលមានសុវត្ថិភាពបំផុត ហេតុនេះប្រជាជនគ្មានអ្វីត្រូវបារម្ភនោះទេ។ ហើយការដាក់ប្រាក់បញ្ញើនេះ ក៏ជាការចូលរួមចំណែកជួយសេដ្ឋកិច្ចផងដែរ ដោយយើងមិនដាក់លុយនៅក្រៅប្រព័ន្ធ ដែលធ្វើឱ្យលំហូរសាច់ប្រាក់មានប្រតិបត្តិការ»។

កាលពីពេលថ្មីនេះ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួន បានប្រកាសដំឡើងអត្រាការប្រាក់បញ្ញីរបស់ខ្លួនឲ្យឡើងខ្ពស់ ដោយក្នុងនោះ សម្រាប់បញ្ញើជាប្រាក់រៀលមានអត្រាជាង៨ភាគរយ និងជាង៧ភាគរយសម្រាប់ប្រាក់ដុល្លារ។ ការដំឡើងអត្រាការប្រាក់បញ្ញើនេះ បណ្តាលមកពីការដំឡើងអត្រាការប្រាក់ របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយអតិផរណា។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិញ្ញវត្ថុកម្ពុជាបានថ្លែងថា នៅកម្ពុជាការវិនិយោគដែលមិនចេះខាត ហើយទទួលបានប្រាក់ចំណេញសមរម្យ ប្រកបដោយសុវត្ថិភាពខ្ពស់បំផុត គឺមានតែការដាក់ប្រាក់បញ្ញើ នៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារប៉ុណ្ណោះ។

លោកបន្តថា បន្ទាប់ពីការប្រកាសដំឡើងអត្រាការប្រាក់បញ្ញីនេះ សង្កេតឃើញមានការចាប់អារម្មណ៍ ពីសារធារណជនជាច្រើន។

លោកគូសបញ្ជាក់បន្ថែមថា «នៅក្នុងដំណាក់កាលនេះ យើងនៅមិនទាន់អាចវាយតំលៃពីកំណើនប្រាក់បញ្ញើបាននៅឡើយទេ ប៉ុន្តែយើងសង្កេតឃើញមានការចាប់អារម្មណ៍ពីសារធារណជនច្រើន។ ហើយដោយសារថ្ងៃ៣១ ខែតុលា ជាទិវាសន្សំប្រាក់អាស៊ាន នឹងមានយុទ្ធនាការច្រើនបន្ថែមទៀត ដើម្បីលើកទឹកចិត្តដល់សាធារណជន ឱ្យចូលរួមសន្សំប្រាក់នៅតាមគ្រឹះស្ថានផ្លូវការ»

បើតាមអ្នកនាំពាក្យសមាគមមីក្រូហិញ្ញវត្ថុកម្ពុជារូបនេះ បើធៀបនឹងឆ្នាំមុនការដំឡើងអត្រាប្រាក់បញ្ញើរបស់គ្រឹះស្ថានមួយចំនួនធំ បានកើនឡើងចន្លោះពី ០.៥% ដល់១% ហើយមានករណីខ្លះអាចកើនលើសពី១%ផងដែរ។ ជាទូទៅបញ្ញើប្រាក់រៀល ទទួលបានអត្រាការប្រាក់ខ្ពស់ជាងប្រាក់ដុល្លារ ដោយនេះជាការលើកទឹកចិត្ត ដល់ពលរដ្ឋកម្ពុជាអោយងាកមកប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន៕