(ភ្នំពេញ)៖ របាយការណ៍ របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia បានឲ្យដឹងថា ការទិញ-លក់ ខុនដូប្រណិតធា្លក់ចុះ ចំណែកដំណើរការនៃការសាងសង់ពុំមានស្ថានភាល្អនោះទេ ពោលនៅត្រីមាស៣ត្រីមាសនេះ ពុំមានគម្រោងខុនដូណាមួយ បញ្ចប់ការសាងសង់នោះឡើយ។

តាមរបាយការណ៍ CBRE Cambodia ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា «តម្លៃខុនដូក្នុងត្រីមាសទី៣នេះ សម្រាប់ខុនដូប្រណិតបានធ្លាក់ចុះប្រមាណ ១.២ភាគរយ ដោយមានតម្លៃ ២,៦៣៩ដុល្លារក្នុង១ម៉ែត្រការ៉េ, ខុនដូមធ្យមតម្លៃ២,០៧៨ដុល្លារ ក្នុង១ម៉ែត្រការ៉េ ធ្លាក់ចុះ០.៨ភាគរយ និងខុនដូធម្មតាតម្លៃ១,៤០៨​ដុល្លារ​ ក្នុង១ម៉ែត្រការ៉េ ធ្លាក់ចុះប្រមាណតែ០,២​ភាគរយប៉ុណ្ណោះ​»

ដោយឡែកសម្រាប់តម្លៃជួលខុនដូប្រណិត មានតម្លៃ១១ដុល្លារក្នុង១ម៉ែត្រការ៉ សម្រាប់រយៈពេលជួលក្នុង១ខែ ធ្លាក់ចុះ០.៣ភាគរយ ចំណែកខុនដូមធ្យមមានតម្លៃ៩.៥ដុល្លារក្នុង១ម៉ែត្រការ៉េ ធ្លាក់ចុះ០.៩ភាគរយ និងខុនដូធម្មតាតម្លៃ៧.៨ដុល្លារក្នុង១ម៉ែត្រការរ៉េ ធ្លាក់ចុះ២.៣ភាគរយ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃអចលនទ្រព្យកម្ពុជា បានឲ្យដឹងថា សម្រាប់ខុនដូមិនមានការធ្លាក់ចុះថ្លៃខ្លាំងនោះទេ ប៉ុន្ដែការទិញលក់មានភាពយឺតយ៉ាវ ចំណែកតម្លៃខុនដូវិញ មានតាមប្រភេទនីមួយៗ ជាក់ស្ដែងចំពោះខុនដូទំហំប្រមាណ៣០ម៉ែត្រការ៉េ មានតម្លៃចន្លោះ១៨០០-២៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

លោកបានបន្ដថា ខុនដូត្រូវបានទិញជាច្រើនពីជនបរទេស ប៉ុន្ដែបច្ចុប្បន្នអតិថិជនក្នុងស្រុក ភាគច្រើនជាយុវជនជិត៤០ភាគរយ បានទិញខុនដូរស់នៅច្រើន ដែលទាំងនេះបង្ហាញពីកំណើននៃទីផ្សារក្នុងស្រុកនៃវិស័យខុនដូ។

លោក ប៊ុន ជេស អ្នកអភិវឌ្ឍន៍ខុនដូ មេគង្គ ថោវ័រ បានថ្លែងថា ខុនដូមានតម្លៃថ្លៃបានធ្លាក់ថ្លៃ (លក់មិនដាច់ មិនមានអតិថិជនទិញ) ប៉ុន្ដែចំពោះខុនដូតម្លៃសមរម្យ នៅមានចរន្ដទិញ-លក់ជាធម្មតា ដូច្នេះអាសន្និដ្ឋានថា ទីផ្សារខុនដូបច្ចុប្បន្ននៅបន្ដស្ថានភាពល្អប្រសើរ តាមរយៈការជាវពីអតិថិជនបរទេស និងអតិថិជនក្នុងស្រុក ក្នុងនោះចន្លោះ៣០-៣៥ភាគរយជាអតិថិជនក្នុងស្រុក៕