(ព្រះវិហារ)៖ ក្នុងឱកាសចុះត្រួតពិនិត្យមើលប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទាន លើការចញ្ចឹមត្រីរបស់កសិដ្ឋាន ទាវឯក ដែលមានទីតាំងក្នុងមូលដ្ឋានស្រុករវៀង ខេត្តព្រះវិហារ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានណែនាំដល់ម្ចាស់កសិដ្ឋាន គួរពិនិត្យលទ្ធភាពសិក្សាស្វែងយល់បន្ថែមរបៀបបង្កាត់ពូជកូនត្រីអណ្តែង និងរបៀបធ្វើចំណីត្រីដោយខ្លួនឯង ដើម្បីកាត់បន្ថយការចំណាយថ្លៃដើម និងសន្សំចៃថវិកា។

ដោយមើលឃើញការខិតខំប្រឹងប្រែង របស់កសិដ្ឋានដោយប្រើប្រាស់ឥណទានចំគោលដៅ, បណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន ក្នុងករណីមានតម្រូវការឥណទានបន្ថែម អាចធ្វើការទាក់ទងមក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន។

បច្ចុប្បន្នកសិដ្ឋាននេះ បានពង្រីកការចញ្ចឹមត្រីអណ្តែង ត្រីពោធិ៍ ត្រីរ៉ស់ ឆ្ពិន ជាដើម សម្រាប់ធ្វើការផ្គត់ផ្គង់ទីផ្សារក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ, ម្ចាស់កសិដ្ឋានបានធ្វើការថ្លែងអំណរគុណ ដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលបានផ្តល់ឱកាសទំលាក់ឥណទាន ក្នុងអត្រាការប្រាក់ទាបដល់កសិកដ្ឋានដើម្បីធ្វើការពង្រីកអាជីវកម្ម៕