(ភ្នំពេញ)៖ គិតមកដល់ពេលបច្ចុប្បន្ននេះ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន៤០%ហើយ ស្មើនឹងទឹកប្រាក់៥២៤លានដុល្លារអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។
ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់អាកាសយានដ្ឋានអន្តរជាតិតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន៤០% ដែលបានចំណាយទឹកប្រាក់សរុប ៥២៤ លានដុល្លារអាមេរិក (ដោយមិនរាប់បញ្ចូលថ្លៃដី ដែលវិនិយោគរួចដោយ CAIC)»។
សេចក្ដីប្រកាសព័ត៌មាននេះ បានបង្ហាញក្នុងពិធីចុះហត្ថលេខា រវាងក្រុមហ៊ុន Overseas Cambodian Investment Corporation (OCIC), Cambodia Airport Investment Co., Ltd. (CAIC) និងធនាគារ ៥ធំៗនៅកម្ពុជា លើការវិនិយោគសញ្ញាបណ្ណមានបុគ្គលធានា របស់អាកាសយានដ្ឋានអន្តរជាតិតេជោ នូវទឹកប្រាក់សរុបចំនួន២៣លានដុល្លារអាមេរិក។
ធនាគារទាំង៥ធំៗនោះ រួមមាន៖ ធនាគារ Cathay United Bank (CUBC), First Commercial Bank (FCB), Mega International Commercial Bank (Mega ICBC), Taiwan Cooperative Bank (TCB) and Union Commercial Bank (UCB ជាបុត្រសម្ព័ន្ឋ នៃធនាគារ Taiwan E. Sun Commercial Bank)។
សេចក្ដីប្រកាសព័ត៌មាន របស់អាកាសយានដ្ឋានអន្តរជាតិតេជោ បានឲ្យដឹងថា ទឹកប្រាក់វិនិយោគ ដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។
អាកាសយានដ្ឋានអន្តរជាតិតេជោ បានបន្ថែមទៀតថា អត្រាការប្រាក់ (Coupon rate) របស់សញ្ញាបណ្ណនេះ គឺ៥.៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ឲ្យជួយទិញសញ្ញាបណ្ណ (មូលបត្របំណុល-Bond) របស់ក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៉ិនវេសមិន (CAIC) ដែលសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោ។
ការចូលរួមទិញសញ្ញាបណ្ណនេះ គឺជាការចូលរួមការអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ដែលកាត់បន្ថយនូវការប្រើប្រាស់ទុន ពីក្រៅប្រទេស ហើយការគ្រឹះស្ថាន ហិរញ្ញវត្ថុទាំងនោះ ក៏ទទួលបានផលចំណេញពីអត្រាការប្រាក់ ដោយទទួលបានការធានាផ្នែកហានិភ័យ ស្មើសូន្យពីរាជរដ្ឋាភិបាល។
គូសបញ្ជាក់ថា CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន OCIC ។ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិឲ្យ ក្រុមហ៊ុន CAIC ក្នុងការកាន់កាប់ រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានប្រកាសឡើង ក្នុងដំណើរទេស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។ សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគ រវាងក្រុមហ៊ុនសាជីវកម្មវិនិយោគ ក្រៅប្រទេសកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុនចិន នាពេលនោះផងដែរ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្ត ហោះ ធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគ មានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះ ឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី៕