(ភ្នំពេញ)៖ វិស័យកាត់ដេរ បានដើរតួនាទីយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ដែលក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញផលិតផលកាត់ដេរ រួមមានសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ មានតម្លៃជាង១០ពាន់លានដុល្លារ កើនឡើង ២៤.៥%។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានយ៉ាងបញ្ជាក់យ៉ាងដូច្នេះថា ពីខែមករា ដល់ខែកញ្ញា ឆ្នាំនេះ ការនាំចេញផលិតផលកាត់ដេរមានចំនួន ១០ ២៥៧លានដុល្លារអាមេរិក កើនឡើងប្រមាណ ២ ០១៥ លានដុល្លារអាមេរិក ដែលស្មើនឹង ២៤.៥%។ ការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ចាក់ដោយម្ជុល មានតម្លៃជាង៥ពាន់លានដុល្លារ កើនឡើង ២១.១%, សម្លៀកបំពាក់ មិនធ្វើឡើងពីការចាក់ដោយម្ជុលមានតម្លៃជាង ២ពាន់លានដុល្លារ កើនឡើង២៨.៤% និងស្បែកជើង មានតម្លៃជាង ១៣០០លានដុល្លារ កើនឡើង ៣២.៧%។
ឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែតុលានេះ ការកើនឡើងការនាំចេញក្នុងរយៈពេល៩ខែនេះ គឺដោយសារការបញ្ជាទិញផលិតផលកាលពីចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២។ តែនេះក្តី រយៈពេល៦ខែចុងក្រោយនេះ សម្រាប់ការបញ្ជាទិញផលិតផលស្បែកជើង បានធ្លាក់គួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យរោងចក្រមួយចំនួន កាត់បន្ថយផលិតកម្ម ហើយរោងចក្រខ្លះបានកាត់បន្ថយបុគ្គលិកផងដែរ។
លោកថា «ដោយសារនៅចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២ ប្រទេសដែលគាត់បើកចំហចេញចូលសេរីសឹងតែ ៩០% នៅទូទាំងពីពិភពលោក ហេតុនេះហើយអ្នកដែលគាត់មិនបានសូវចេញដើរលេងជាង ២ឆ្នាំកន្លងមក គាត់ត្រូវការរបស់របរដើរលេងប្រើប្រាស់ ដែលធ្វើឱ្យតម្រូវការពេលនោះកើនឡើង។ ប៉ុន្តែយ៉ាងណាសមាគមមានការព្រួយបារម្ភ ដោយសារតែ ៦ខែចុងក្រោយនេះ ការបញ្ជាទិញធ្លាក់ចុះ ដែលធ្វើឱ្យការនាំចេញសម្រាប់ចុងឆ្នាំនេះ និងឆ្នាំក្រោយនេះ មានការធ្លាក់ខ្លាំង»។
លោកអះអាងថា ផលប៉ះដែលវិស័យកាត់ដេរជួបប្រទះនាពេលនេះ គឺបណ្តាលមកពីសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលនៅបន្តអូសបន្លាយ និងធ្វើឱ្យតម្លៃប្រេងសាំងឡើងថ្លៃ ជាហេតុនាំឱ្យរោងចក្រមួយចំនួន ត្រូវបាត់បង់ចំណូល។
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ធ្លាប់បានលើកឡើងថា ការបញ្ជាទិញផលិតផលសម្លៀកបំពាក់បានធ្លាក់ចុះ ជាបន្តបន្ទាប់ចាប់ពីខែសីហា គឺដោយសារទីផ្សារនាំចេញដ៏សំខាន់របស់កម្ពុជា ដូចជានៅអឺរ៉ុប ជួបស្ថានភាពមិនល្អ និងស្ថានភាពសេដ្ឋកិច្ចក្នុងពិភពលោកមិនទាន់ល្អប្រសើរ ស្របពេលដែលអ្នកបញ្ជាទិញ នៅសល់ទំនិញច្រើន ដែលនាំឱ្យពួកគេកាត់បន្ថយ ការបញ្ជានៅរយៈពេលនេះ។
ទីផ្សារនាំចេញសំខាន់ផលិតផលកាត់ដេរនៅកម្ពុជា គឺសហរដ្ឋអាមេរិក បន្ទាប់មក សហភាពអឺរ៉ុប ជប៉ុន និងកាណាដា៕