(ភ្នំពេញ)៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានចំនួន ៨ ២៥៨.៧ប៊ីលានរៀល ស្មើនឹង ២ ០២៦.៨លានដុល្លារអាមេរិក ដែលតួលេខនេះត្រូវជាប្រមាណ ៧៨.៨% នៃផែនការកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ហើយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ លទ្ធផលចំណូលនេះកើនឡើង ១ ៣៧៧,៣ ប៊ីលានរៀលដែលត្រូវជាប្រមាណ២០%។
ការបង្ហាញចំណូលនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាកររយៈពេល ៩ខែ ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ចំណូលតាមប្រភេទពន្ធ និងអាករ រួមមាន អាករពិសេសមានចំនួន ៣ ១៤៥.៣ ប៊ីលានរៀល (ត្រូវជា ៣៨.១% នៃចំណូលសរុប), អាករលើតម្លៃបន្ថែមមានចំនួន ៣ ១០៤.៧ ប៊ីលានរៀល (ត្រូវជា ៣៧.៦% នៃចំណូលសរុប), ពន្ធគយមានចំនួន ១ ៥៥៩.៦ ប៊ីលានរៀល (ត្រូវជា ១៨.៩% នៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងមានចំនួន ២៨១.២ ប៊ីលានរៀល (ត្រូវជា ៣.៤% នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន ១៦៧.៩ ប៊ីលានរៀល (ត្រូវជា ២% នៃចំណូលសរុប)។
ចំពោះចំណូលតាមក្រុមទំនិញ ឃើញថា យានយន្តនិងគ្រឿងចក្រមានចំនួន ៣ ៨៨៩.៦ ប៊ីលានរៀល (ត្រូវជា៤៧.១% នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ២ ២០៦.៩ ប៊ីលានរៀល (ត្រូវជា ២៦.៧% នៃចំណូលសរុប), ផលិតផលតេលសិលា (ប្រេងសាំង) មានចំនួន ១ ៦៨៣.៦ ប៊ីលានរៀល (ត្រូវជា ២០.៤% នៃចំណូលសរុប), និងសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន ៤៧៨.៥ ប៊ីលានរៀល (ត្រូវជា ៥.៨% នៃចំណូលសរុប)។
ទំហំនៃការនាំចេញក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២១ មានដូចខាងក្រោម៖
* ការនាំចេញផលិតផលកាត់ដេរមានចំនួន ១០ ២៥៧.០៣លានដុល្លារអាមេរិក កើនឡើងប្រមាណ ២ ០១៥.៣១លានដុល្លារអាមេរិក ស្មើនឹង២៤,៥%
* ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង កង់ គ្រឿងបន្លាស់រថយន្ត អំពូលលម្អ ផលិតផលពីឈើ កុងផ្លាកេ ផលិតផលពីប្លាស្ទិក ស្បែកសត្វកែច្នៃ និងផលិតផលផ្សេងៗទៀត) មានចំនួន ៤ ១៨៧.៥ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៨០៨.២ លានដុល្លារអាមេរិក ស្មើនឹង ២៣.៩%
* ការនាំចេញកសិផលមានចំនួន ២ ២២៧.៥ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១២២.៣ លានដុល្លារអាមេរិក ស្មើនឹង៥.៨% ដែលក្នុងនោះ ស្រូវនាំចេញមានតម្លៃ ៥០៣.៦ លានដុល្លារអាមេរិក ថយចុះប្រមាណ ៩១.២ លានដុល្លារអាមេរិក (១៥.៣%), ការនាំចេញអង្ករមានតម្លៃ ២៩១.៥ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៥.១ លានដុល្លារអាមេរិក (១.៨%), កៅស៊ូនាំចេញមានតម្លៃ ២៧២.៨ លានដុល្លារអាមេរិក កើនឡើងប្រមាណ៧លានដុល្លារអាមេរិក (២.៦%), និងកសិផលផ្សេងទៀតមានតម្លៃ ១ ១៥៩.៧ លានដុល្លារអាមេរិក កើនឡើង ២០១.៥ លានដុល្លារអាមេរិក (២១%)។
អគ្គនាយកដ្ឋានគយបានបន្តថា បន្ថែមពីលើការងារប្រមូលចំណូល ខ្លួន ក៏សម្រេចបាននូវវឌ្ឍនភាពល្អប្រសើរលើការងារសំខាន់ៗមួយចំនួន ដែលមានចែងក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២២ ដូចជា៖ (១). ការពង្រឹងការងារបច្ចេកទេសនិងការអនុវត្តច្បាប់, (២). ការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ, (៣). ការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម, (៤). ការងារសវនកម្មនិងការគ្រប់គ្រងហានិភ័យ, (៥). ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការធ្វើទំនើបកម្មនិងសាមញ្ញកម្មនីតិវិធីគយ, (៦). ការធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននានា, និង (៧). ការអភិវឌ្ឍធនធានមនុស្សនិងស្ថាប័ន។
លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានផ្ដល់ការណែនាំបន្ថែមដល់មន្រ្តីក្រោមឱវាទ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តការងារពង្រឹងអភិបាលកិច្ច, ការកៀរគរចំណូល, និងការងារចំពោះមុខមួយចំនួនទៀត ដែលរួមមាន (១).ពង្រឹងអនុលោមភាពការបំពេញបែបបទបញ្ចេញទំនិញពីគយ, (២).ពង្រឹងប្រសិទ្ធភាពការងារបច្ចេកទេសគយ, (៣).បន្តការងារបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងបន្លំពន្ធទាំងនៅដើមទី កណ្តាលទី និងចុងទីលើទំនិញចម្រុះដូចភ្លៀងរលឹម ប្រកបដោយប្រសិទ្ធភាព, (៤).ជំរុញការងារប្រមូលពន្ធអាករ លើរថយន្តគ្មានពន្ធមានស្រាប់ ក្នុងប្រទេសឱ្យកាន់តែសកម្មថែមទៀត, (៥).ផ្តល់សេវាល្អ និងរហ័សជូនធុរជនពាក់ព័ន្ធ, (៦).រៀបចំកែលម្អសមាសភាពសមាជិកក្រុមការងារមួយចំនួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ, (៧).ត្រៀមរៀបចំកិច្ចប្រជុំជាតិ និងអន្តរជាតិសំខាន់ៗមួយចំនួន, (៨).ត្រៀមរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និង (៩).រៀបចំទិសដៅផែនការសកម្មភាពការងារដែលត្រូវអនុវត្តក្នុងឆ្នាំ២០២៣៕