(ស៊ីដនី)៖ ចរាចរណ៍អ្នកដំណើរផ្លូវអាកាសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅចុងឆ្នាំនេះ គួរតែស្ទុះងើបឡើងវិញដល់ប្រហែល ៧៣ភាគរយនៃកម្រិតឆ្នាំ២០១៩ ដោយកើនឡើងពី ៥៣ភាគរយនៅក្នុងខែសីហា ខណៈការរឹតបន្តឹងការធ្វើដំណើរក្នុងប្រទេសនានាត្រូវបានបន្ធូរបន្ថយ។ នេះបើយោតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីលោក Philip Goh អនុប្រធានតំបន់អាស៊ីប៉ាស៊ីហ្វិកនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ខណៈថែ្លងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅក្នុងសិក្ខាសាលាតាមអ៊ីនធើណិតថា៖ «មិនមានការភាន់ច្រឡំទេដែលខ្ញុំគិតថា សន្ទុះមានសភាពខ្លាំងជាពិសេសនៅទីផ្សារធំៗទាំងអស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកឥឡូវនេះ លើកលែងតែប្រទេសចិន»។
យោងតាមទិន្នន័យរបស់ IATA ការស្ទុះងើបឡើងវិញការធ្វើដំណើរផ្លូវអាកាសចរណ៍នៅតំបន់អាស៊ីបានភាពយឺតយ៉ាវជាងតំបន់ផ្សេងទៀតក្នុងពិភពលោកដែលមួយផ្នែកធំដោយសារតែការបិទព្រំដែនដែលកំពុងបន្តធ្វើឡើងរបស់ប្រទេសចិន ដែលបានរក្សាចំនួនអ្នកដំណើរអន្តរជាតិរបស់ខ្លួនជាមធ្យមត្រឹមតែ ២ភាគរយទៅ ៣ភាគរយនៃកម្រិតមុនពេលមានការរាតត្បាត។
លោក Goh បានថ្លែងថា ការប៉ាន់ប្រមាណចរាចរណ៍ផ្លូវអាកាសនៅចុងឆ្នាំគឺផ្អែកលើប្រទេសចិនដែលបើកព្រំដែនរបស់ខ្លួនក្នុងពេលឆាប់ៗនេះ ទោះបីជាកាលបរិច្ឆេទពិតប្រាកដនៅតែមិនច្បាស់លាស់ក៏ដោយ។
នៅក្នុងព័ត៌មានវិជ្ជមានសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ប្រទេសជប៉ុនបានបន្តដំណើងការឡើងវិញនូវការធ្វើដំណើរដោយគ្មានទិដ្ឋាការសម្រាប់អ្នកទេសចរនៅថ្ងៃអង្គារសប្តាហ៍នេះ ខណៈដែលតៃវ៉ាន់នឹងបញ្ចប់ការធ្វើចត្តាឡីស័កសម្រាប់អ្នកធ្វើដំណើរនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយទីក្រុងហុងកុងបានបញ្ឈប់ការធ្វើចត្តាឡីស័កកាលពីខែមុន។
បើយោងតាមសមាគម IATA ចរាចរណ៍អ្នកដំណើរអន្តរជាតិនៅក្នុងតំបន់គឺនៅកម្រិត ៣៨ភាគរយនៃកម្រិតក្នុងឆ្នាំ២០១៩ នៅក្នុងខែសីហានេះ។ សមគមននេះប៉ាន់ស្មានថា ការឈានដល់កម្រិតមុនពេលមានការរាតត្បាតជំងឺវិញនឹងចំណាយពេលរហូតដល់ឆ្នាំ២០២៥។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕