(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២២នេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់ជាង ៤១ពាន់លានដុល្លារ កើនឡើង១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានតម្លៃជាង ៣៤ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
តាមទិន្នន័យនេះបង្ហាញផងដែរថា ពីខែមករា ដល់ខែកញ្ញា កម្ពុជាបាននាំចេញទំនិញផ្សេងក្នុងតម្លៃជាង ១៧ពាន់លានដុល្លារកើនឡើង២២.១% ក្នុងនោះដៃគូពាណិជ្ជកម្មចម្បងរបស់កម្ពុជា គឺសហរដ្ឋអាមេរិក ដែលកម្ពុជាបាននាំចេញទៅប្រទេសនេះក្នុងទំហំជាង ៧ពាន់លានដុល្លារ កើនឡើង២៩.៤%, ប្រទេសជប៉ុនតម្លៃ ៨៩៧លានដុល្លារកើនឡើង ៨.៥%, ប្រទេសកាណាដាចំនួន ៨៧៤លានដុល្លារកើនឡើង ២២.២%, ប្រទេសចិនតម្លៃ ៨៩៥លានដុល្លារកើនឡើង ថយចុះ ១៨.១% រួមនឹងប្រទេសផ្សេងៗទៀត។
ទន្ទឹមគ្នានេះដែរ ក្នុងរយៈពេល៩ខែនេះ កម្ពុជាបាននាំចូលទំនិញពីដៃគូពាណិជ្ជកម្មមួយចំនួនមកវិញ ក្នុងតម្លៃជាង ២៣ពាន់លានដុល្លារ កើនឡើង១៥.២%។ ប្រទេសចិន បាននាំចូលទំនិញមកកម្ពុជាច្រើនជាងគេ ក្នុងតម្លៃជាង ៧.៩ពាន់លានដុល្លារកើនឡើង១៤.១%, ប្រទេសថៃជិត ៣ពាន់លានដុល្លារកើនឡើង ២៥.១%, ប្រទេសវៀតណាមជាង ៣ពាន់លានដុល្លារកើនឡើង ៣៤.៥%, សិង្ហបុរី តម្លៃជិត ៣ពាន់លានដុល្លារថយចុះ ២១.៨% និងតៃវ៉ាន់ក្នុងតម្លៃជាង ៨១៧លានដុល្លារកើនឡើង ១៤.៥%។
ទំនិញដែលកម្ពុជានាំចេញច្រើនជាងគេ គឺសម្លៀកបំពាក់មានតម្លៃជាង ៧ពាន់លានដុល្លារ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី តម្លៃជាង ១២០០លានដុល្លារ, ស្បែកជើងតម្លៃជាង ១៣០០លានដុល្លារ, វត្ថុធ្វើពីស្បែក និងរោមសត្វជាង ១៤០០លានដុល្លារ និងទំនិញផ្សេងៗទៀតដូចជាធញ្ញជាតិ គ្រឿងសង្ហារឹម កៅស៊ូ បន្លែ ផ្លែឈើជាដើម។
បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ស្របពេលដែលសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែ ចាប់ផ្តើមកម្តៅឡើងវិញ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញផលិតផលកាត់ដេរ ខណៈដែលអឺរ៉ុប និងអាមេរិក ដែលជាទីផ្សារនាំចេញសំខាន់របស់កម្ពុជា កំពុងជួបវិបត្តិដោយសារតែសង្រ្គាមនេះ។ ជាមួយគ្នាលោកជំរុញឱ្យកម្ពុជា ពង្រឹងលើវិស័យកសិកម្ម សម្រាប់ផលិតផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ៕