(ភ្នំពេញ)៖ សហព័ន្ធស្វាយចន្ទីកម្ពុជា បានបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីន ដឹកនាំរបស់ខ្លួនរួចហើយ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។
លទ្ធផលសន្និបាតកំណើតដំបូងស្វាយចន្ទីកម្ពុជា និងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា ដោយបានជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលសរុបចំនួន១១នាក់ ក្នុងនោះលោក អាន ដារ៉ា ត្រូវបានជាប់ឆ្នោត ជាប្រធានក្រុមប្រឹក្សាភិបាល, លោក ស៊ុយ កុកធាន ជាអនុប្រធានទី១ និងលោកស្រី មុត ចរិយា ជាអនុប្រធានទី២។
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានចាត់ទុកការចាប់កំណើតរបស់សហព័ន្ធនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ដើម្បីលើកកម្ពស់វិស័យស្វាយចន្ទី លើទីផ្សារអន្តរជាតិ។
លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានកោតសរសើរ ចំពោះការបង្កើតសហព័ន្ធស្វាយចន្ទីកម្ពុជា ជាសកម្មភាពអាទិភាពមួយ ក្នុងចំណោមសកម្មភាពអាទិភាព ដែលបានដាក់ចេញ ក្នុងសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី។
លោកលើកឡើងថា ការចាប់កំណើតនៃសហព័ន្ធស្វាយចន្ទីកម្ពុជា នឹងក្លាយជាជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជា លើទីផ្សារអន្តរជា។
លោក ម៉ៅ ថូរ៉ា បានលើកឡើងយ៉ាងដូច្នេះថា «សហព័ន្ធស្វាយចន្ទីនេះ នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជំរុញអនុវត្តគោលនយោបាយឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុក និងពិភពលោក និងចូលរួមលើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជាលើទីផ្សារអន្តរជាតិបន្ថែមទៀត»។
លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានផ្តល់អនុសាសន៍ចំនួន៧ចំណុច ជូនដល់សហព័ន្ធស្វាយចន្ទី ដែលទើបនឹងប្រសូតឡើងរួមមាន៖
១៖ ត្រូវចងចាំថាសហព័ន្ធស្វាយចន្ទីនេះ មិនមែនបង្កើតឡើង ដើម្បីប្រយោជន៍បុគ្គល ឬប្រយោជន៍របស់ក្រុមណាមួយឡើយ ប៉ុន្តែសហព័ន្ធនេះបង្កើតឡើង ដើម្បីបម្រើឱ្យប្រយោជន៍រួមរបស់អ្នកដាំដុះ អ្នកកែច្នៃ និងអ្នកនាំចេញ។
២៖ ត្រូវរក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ។
៣៖ ត្រូវគ្រប់គ្រងធនធានហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងគណនេយ្យភាព។
៤៖ អនុវត្តឱ្យបានយ៉ាងខ្ជាប់ខ្ជួននូវចក្ខុវិស័យ គោលដៅ គោលបំណង និងផែនការសកម្មភាពដូចមានចែងនៅក្នុងលក្ខន្តិកៈ និងកិច្ចការងារចាំបាច់ ក៏ដូចជាតម្រូវការជាក់ស្តែងដទៃទៀត។
៥៖ ត្រូវសហការឱ្យបានល្អជាមួយក្រសួងពាណិជ្ជកម្ម និងធ្វើការសម្របសម្រួលសហការ ជាមួយបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធដទៃទៀតផងដែរ។
៦៖ ធ្វើការទំនាក់ទំនងជាមួយអង្គការជាតិ និងអន្តរជាតិ ដើម្បីស្វែងរកជំនួយ ជំនួយបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស និងការអនុវត្តគម្រោងនានា ជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងស្ថាប័នពាក់ព័ន្ធ។
៧៖ គួរពិចារណាបង្កើតជាព្រឹត្តិការណ៍(ទិវាស្វាយចន្ទី) មួយឆ្នាំម្តងដែលធ្វើនៅតាមបណ្តាខេត្តគោលដៅ៕