(ភ្នំពេញ)៖ ធនាគារសហគ្រាសធុនតូច​ និងមធ្យមកម្ពុជា ម.ក (SME Bank) និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមទាំង២២ បានសម្រេចបង្កើន​ទំហំទឹកប្រាក់កម្ចីក្រោម​គម្រោង​សហហិរញ្ញប្បទាន​ស្តារ ​និងជំរុញ​កំណើន​ក្នុង​វិស័យ​ទេសចរណ៍ (TRCS) ពី៤០ម៉ឺន​ដុល្លារ​អាមេរិក​ ​រហូត​ដល់ ​៦០ម៉ឺន​ដុល្លារ​អាមេរិក។

ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ អាចស្នើសុំកម្ចីក្រោមគ្រោង TRCS ក្នុង​ទំហំប្រាក់រហូតដល់៦០ម៉ឺន​ដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល ជាមួយអត្រាការប្រាក់ត្រឹមតែ ៦.៥% ក្នុងមួយឆ្នាំ ដែលមាន​រយៈពេលកម្ចី ​រហូត​ដល់៨ឆ្នាំ​ និង​អនុ​គ្រោះ​ពន្យារបង់​ប្រាក់​ដើម (បង់តែការប្រាក់) ​រហូត​ដល់រយៈពេល ២៤​​ខែ​ដំបូង។ លក្ខខណ្ឌទាំងនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃនេះតទៅ។

ការបង្កើនទំហំ​ទឹកប្រាក់កម្ចី ក៏ដូចជាផ្តល់ជូននូវលក្ខខណ្ឌអនុគ្រោះផ្សេងៗ ​គឺដើម្បីឲ្យម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ អាច​ស្តារ និងបើកដំណើរការអាជីវកម្ម​របស់ពួកគេឡើងវិញ បន្ទាប់ពីទទួល​រងផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ​នាពេល​កន្លង​មក​។

ជាមួយគ្នានេះដែរ គិតតាមទិន្នន័យជាក់ស្តែងត្រឹម​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ ម្ចាស់អាជីវកម្ម​ដែល​ទទួល​បានប្រាក់កម្ចីក្រោមគម្រោងនេះ មានចំនួន​១៨៦​ ជាមួយនឹង​ទំហំទឹកប្រាក់កម្ចីសរុប​ចំនួន ២៤.៥៥លាន​ដុល្លារ​អាមេរិក ដែលអាជីវកម្មទាំងនោះរួមមាន៖ ​សណ្ឋាគារ​ ២៥%, ​ផ្ទះសំណាក់ ​២៦%, ​ភោជនីយដ្ឋាន ​​៣៧%​ និងអាជីវកម្ម​គាំទ្រ​វិស័យ​ទេសចរណ៍​មាន ១២%។

ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ដែលមានតម្រូវការហិរញ្ញវត្ថុ សូមអញ្ជើញទំនាក់ទំនងទៅកាន់សាខាធនាគារដៃគូរួមមាន៖ ធនាគារ កាណាឌីយ៉ា, ធនាគារ ស្ថាបនា, ធនាគារ អេស៊ីលីដា, ធនាគារ ជីប ម៉ុង, ធនាគារ វឌ្ឍនៈអាស៊ីចំកាត់, ធនាគារ វីង, ធនាគារព្រីនស៍, ធនាគារ ស៊ីអាយអិមប៊ី, ធនាគារ ប្រៃសណីយ៍កម្ពុជា, ធនាគារ ភ្នំពេញពាណិជ្ជ, ធនាគារ អ អេច ប៊ី, ធនាគារ សាខម, ធនាគារ ហត្ថា, ធនាគារ ហ្វីលីព, ធនាគារ អេស៊ា-ប៉ាស៊ីហ្វិក, ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់, គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ខេមា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលសុី, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងធនាគារ ហុង លីអុង៕