(ភ្នំពេញ)៖ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួន បានដំឡើងអត្រាការប្រាក់បញ្ញីរបស់ខ្លួនឲ្យឡើងខ្ពស់ ដោយក្នុងនោះជាង ៨ភាគរយសម្រាប់បញ្ញើជាប្រាក់រៀល និងជាង៧ភាគរយសម្រាប់ប្រាក់ដុល្លារ។
ការដំឡើងអត្រាការប្រាក់បញ្ញើនេះ បណ្តាលមកពីការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយអតិផរណា។
លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះថា ថ្មីៗនេះគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បានចាប់ផ្ដើមដំឡើងអត្រាការប្រាក់បញ្ញើរបស់ខ្លួន ក្នុងចន្លោះជាង៨ភាគរយសម្រាប់ប្រាក់រៀល និងជាង៧ភាគរយ សម្រាប់ប្រាក់ដុល្លារ។
លោកបន្តថា ការដំឡើងអត្រាការប្រាក់បញ្ញើនេះ ដោយសារតែប្រភពទុនសម្រាប់ប្រើប្រាស់នៅកម្ពុជា មានមួយចំណែក ជាប្រភពទុនរយៈពេលវែងពីបរទេស ហើយថ្មីៗនេះអន្ដរជាតិមានការដំឡើងការប្រាក់ចំនួន៣ដង ហើយនឹងអាចដំឡើងជាបន្ដបន្ទាប់ទៀត ដូច្នេះគួរផ្សំនឹងតម្រូវការក្នុងស្រុកមានច្រើន ហើយដើម្បីតម្រូវតាមប្រភពទុនអន្ដរជាតិ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា សម្រេចដំឡើងអត្រាប្រាក់បញ្ញើដូចគ្នាដែរ។
លោកបណ្ឌិតបន្ដថា «នេះជារឿងធម្មតារបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ព្រោះការយកប្រភពទុនពីបរទេស មកក៏មានអត្រាថ្លៃ ចំណែកឯមូលនិធិក្នុងស្រុកក៏មានរួចរាល់ ដូច្នេះមានការដំឡើងអត្រាការប្រាក់បញ្ញើសន្សំ ដែលប្រមូលបានក្នុងស្រុក សម្រាប់ការផ្គត់ផ្គង់សេវាហិរញ្ញាវត្ថុ រយៈពេលខ្លីក្នុងស្រុក»។
លោកថា ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ប្រសិនបើចង់លើកទឹកចិត្តឲ្យអតិថិជនផ្ញើប្រាក់កាន់តែច្រើននោះ មានតែការដំឡើងអត្រាការប្រាក់បន្ថែមទៀត ដើម្បីកៀរគររកមូលនិធិប្រើប្រាស់បន្ថែមទៀត។ កាលពីមុនបើតម្រូវការផ្នែកឥណទានមានតិច នោះនឹងមានការបញ្ចុះការប្រាក់ឥណទាន ប៉ុន្ដែឥឡូវកំណើននៃការលូតលាស់ឥណទានមានខ្លាំង ដូច្នេះដើម្បីឲ្យត្រូវគ្នាជាមួយតម្លៃទីផ្សារក្នុងស្រុក និងអន្ដរជាតិ យើងក៏ដំឡើងអត្រាការប្រាក់បញ្ញើក្នុងស្រុក ដើម្បីប្រមូលប្រាក់បញ្ញើបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ការលូតលាស់នៃវិស័យឥណទាន។
លោកបណ្ឌិតបន្ថែមថា ការដំឡើងអត្រាការប្រាក់ញ្ញើ និងអត្រាការប្រាក់ឥណទានឡើងតិចតួចនេះ មិនមានជះឥទ្ធពលអាក្រក់ណាមួយឡើយ។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិញ្ញវត្ថុកម្ពុជាបានថ្លែងថា ការដំឡើងអត្រាការប្រាក់បញ្ញើរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បណ្តាលមកពីការដំឡើងអត្រាការ ប្រាក់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីបន្ថយអតិផរណា នៅសហរដ្ឋអាមេរិក។ ដូចសាធារណៈជនបានជ្រាបហើយថា ប្រាក់ដុល្លារត្រូវបានប្រើប្រាស់ សម្រាប់ការទូទាត់ពាណិជ្ជកម្មអន្តរជាតិ ដូច្នេះការដំឡើងអត្រាការប្រាក់ របស់សហរដ្ឋអាមេរិក នឹងជំរុញឲ្យអត្រាការប្រាក់ជាទូទៅ លើសកលលោកមានការប្រែប្រួល។ ការដំឡើងអត្រាការប្រាក់បញ្ញើរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ក៏ជាការចូលរួមលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរឲ្យ យកប្រាក់សន្សំរបស់ខ្លួនដាក់នៅតាមគ្រឹះស្ថានផ្លូវការផងដែរ។
លោកបានបន្ដថា «គ្រឹះស្ថានធនាគារមួយចំនួន ចាប់ផ្តើមដំឡើងអត្រាការប្រាក់ សម្រាប់ឥណទានពិសេសគ្រឹះស្ថានពឹងផ្អែកខ្លាំង លើប្រភពទុនក្រៅប្រទេស ប៉ុន្តែសម្រាប់សមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្តេជ្ញាចិត្តនឹងមិនបង្កើនអត្រាការប្រាក់ សម្រាប់ឥណទាន ឬប្រាក់កម្ចីនោះទេ បើទោះបីជាបានដំឡើងអត្រាការប្រាក់សម្រាប់ប្រាក់បញ្ញើក្តី»។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា សមាគមស្ម័គ្រចិត្តទទួលរងសម្ពាធ នៃការកើនឡើងនៃការចំណាយ ដោយមិនរុញសម្ពាធនេះ ទៅអតិថិជនឡើយហើយសង្ឃឹមថា នេះជាការចូលរួមមួយផ្នែកទៀត ក្នុងការជួយស្តារជីវភាពប្រជាជន និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្នុងបរិបទជំងឺកូវីដ១៩។
លោកបានបញ្ជាក់ថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលមានប្រាក់សន្សំនៅផ្ទះ សូមយកប្រាក់ទាំងនេះទៅដាក់សន្សំតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ សុវត្ថិភាពប្រាក់សន្សំ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ៕
(លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី)
(លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិញ្ញវត្ថុកម្ពុជា)