(ភ្នំពេញ)៖ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា នាពេលខាងមុខនេះ ទូរស័ព្ទណាដែលមិនបានបង់ពន្ធអាករនាំចូលបានត្រឹមត្រូវនោះ គឺមិនអាចប្រើប្រាស់ស៊ីមបានទេ។

បន្ថែមពីនោះទៀត លោកបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា​ នាពេលបច្ចុប្បន្ន ក្រសួងប្រៃសណីយ៍ និងទូរគមនាគម៍ បាននឹងកំពុងធ្វើការងារនេះជាមួយក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់ ដែលកំពុងបម្រើសេវាទូរស័ព្ទចល័ត នៅក្នុងប្រទេសកម្ពុជា។

លោកបណ្ឌិតបានបញ្ជាក់យ៉ាងដូច្នេះថា «ឥឡូវនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងតែធ្វើការជាមួយនឹងប្រតិបត្តិករ ដោយកំណត់ថា ទូរស័ព្ទដែលនាំចូលដល់តែបង់ពន្ធអាករត្រឹមត្រូវ ទើបអាចភ្ជាប់បណ្តាញ ជាមួយប្រតិបត្តិករទូរស័ព្ទចល័តបាន ដោយយកលេខកូដរបស់ទូរស័ព្ទ ក្នុងការបើកដំណើរ»

លើសពីនោះទៀត បណ្ឌិត គុណ ញឹម បានលើកឡើងថា បើសិនជាទូរស័ព្ទណា មិនបានបង់ពន្ធអាករត្រឹមត្រូវទេ នៅពេលយកមកភ្ជាប់ ជាមួយនឹងប្រព័ន្ធទូរស័ព្ទចល័ត គឺមិនដំណើរការឡើយ ដោយអាចប្រើបានតែកម្មវិធីនៅក្នុងទូរស័ព្ទតែប៉ុណ្ណោះ ខណៈការប្រើស៊ីម សម្រាប់ធ្វើការទំនាក់ទំនង គឺមិនដំណើរការទេ។

អគ្គនាយកគយបានឲ្យដឹងទៀតថា ទូរស័ព្ទដែលអាចប្រើប្រាស់ស៊ីមបាន លុះត្រាតែទូរស័ព្ទនោះ បានបង់ពន្ធអាករនាំចូលត្រឹមត្រូវ ដែលត្រូវបានចុះឈ្មោះលេខជាមួយនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយក្រសួងនឹងផ្តល់ឲ្យជាមួយប្រតិបត្តិករទូរស័ព្ទចល័ត ទើបអាចប្រើប្រាស់បាន។

បណ្ឌិត គុណ ញឹម បានថ្លែងបែបនេះថា «បើសិនណាទូរស័ព្ទ មិនបានបង់ពន្ធអាករទេ យកមកភ្ជាប់ប្រព័ន្ធទូរស័ព្ទចល័ត គឺអត់ដើរ ដោយអាចប្រើបានតែកាមេរ៉ា ឬកម្មវិធីផ្សេងៗ ប៉ុន្តែសម្រាប់ប្រើប្រាស់ស៊ីម គឺទាល់តែចុះឈ្មោះលេខ ជាមួយនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយក្រសួងនឹងផ្តល់ឲ្យជាមួយប្រតិបត្តិករ ទូរស័ព្ទចល័តទើបអាចប្រើប្រាស់បាន»

លោកបណ្ឌិតបានឲ្យដឹងផងដែរថា ការធ្វើការបែបនេះ គឺដើម្បីឲ្យគ្រប់មុខទំនិញទាំងអស់ ចាប់ផ្តើមពង្រឹងអនុលោមភាពបង់ពន្ធ សំដៅឲ្យការគ្រប់គ្រងប្រើប្រាស់ទំនិញនាំចូល ឲ្យសមស្របតាមច្បាប់កំណត់ និងកាត់បន្ថយទំនិញដែលគ្មានពន្ធ ចូលមកទីផ្សារកម្ពុជា។

ក្រៅពីទូរស័ព្ទ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏នឹងចាប់ធ្វើការពិនិត្យ និងបង្រ្កាបនូវមុខទំនិញ ដែលជាមុខសញ្ញានៃការរត់គេចពន្ធដូចជា៖ គ្រឿងអេឡិចត្រូនិក​រួមមាន ទូរទឹកកក ម៉ាស៊ីនត្រជាក់ ទូរទស្សន៍ និងផលិតផលគ្រឿងសម្អាងជាដើម ដើម្បីពង្រឹងការប្រមូលចំណូលចូលថវិកាជាតិ បន្ទាប់បង្រ្កាបរថយន្តអត់ពន្ធបានជោគជ័យ។

បណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា ​ការចាប់ផ្តើមពង្រឹង និងបង្រ្កាបអំពើគេចពន្ធ ទៅលើផលិតផលទាំងនេះ ធ្វើឡើងដើម្បីពង្រឹងការប្រមូលចំណូលពន្ធគយ សម្រាប់ថវិកាជាតិ ស្របពេលចំណូលគយអាចនឹងត្រូវថយចុះ នៅពេលកម្ពុជាអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។

សូមបញ្ជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅរយៈពេល៩ខែ ឆ្នាំ២០២២ ពោលចាប់ពីខែមករា ដល់ខែកញ្ញា ប្រមូលចំណូលពន្ធ និងអាករ បានចំនួន ២០២២.២លានដុល្លារ ស្មើនឹង៧៨.៦១ភាគរយ នៃផែនការច្បាប់ថវិកាជាតិ៕