(ភ្នំពេញ)៖ នៅក្នុងបរិការណ៍នៃការស្តារឡើងវិញពីជំងឺរាតត្បាតសាកល រាជរដ្ឋាភិបាលនៃកម្ពុជា បានអនុម័តច្បាប់ គោលនយោបាយ និងយុទ្ធសាស្រ្តជាច្រើនដោយមានគោលបំណងគាំទ្រដល់ធុរកិច្ចទាំងអស់ ដើម្បីមានលទ្ធភាពរក្សាលំនឹង និងពង្រីកអាជីវកម្មបាន។ ទោះបីជាមានការផ្តល់ការគាំទ្រ តាមរយៈកម្មវិធីនានា និងបទបញ្ញាតិផ្សេងៗគួរឱ្យកត់សម្គាល់ក៏ដោយ ប៉ុន្តែមានការសង្កេតឃើញថា នៅតែត្រូវការកម្មវិធីជួយគាំទ្រ ដើម្បីជួយដល់ការរីកចម្រើនរបស់ធុរកិច្ច និងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា។
ដើម្បីចូលរួមដោយះស្រាយបញ្ហានានានៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំលើកទី១២ ក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៅទីស្ដីការសហគ្រិនខ្មែរ។
កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក ហែម វណ្ឌឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាបរធនបាល, លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអាយឌីខាប់ភីថល, លោក ជា កុកហុង ប្រធានលេខាធិការដ្ឋាន ម.អ.ស., និងលោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ ដើម្បីពិនិត្យវឌ្ឍនភាពក្នុងត្រីមាសទី៣ ឆ្នាំ២០២២ និងកំណត់ទិសដៅសម្រាប់ត្រីមាស៤ ឆ្នាំ២០២២ របស់សហគ្រិនខ្មែរ ដែលជាប្រតិបត្តិកររបស់ ម.អ.ស. ឱ្យស្របនឹងចក្ខុវិស័យ ក្នុងគោលបំណងបន្តបេសកម្មសំខាន់ ពោលគឺការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពប្រកបដោយភាពរស់រវើក ព្រមទាំងផ្តោតលើការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនផលិតភាព និងការបង្កើតការងារសមរម្យ។
ជាលទ្ធផលអង្គប្រជុំ ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងដែលទទួលបានវឌ្ឍនភាពការងារល្អប្រសើរ និងសមិទ្ធផលជាផ្លែផ្កា។ ក្រុមប្រឹក្សាបរធនបាលក៏បានពិភាក្សា និងអនុម័តលើកម្មវិធីរបស់ក្រុមការងារ និងបានផ្ដល់គោលការណ៍ណែនាំបន្ថែមមួយចំនួនដល់សហគ្រិនខ្មែរក្នុងការបន្តអនុវត្តកម្មវិធី និងសកម្មភាពរបស់ខ្លួនមានជាអាទិ៍៖
១៖ រៀបចំក្របខ័ណ្ឌសហវិនិយោគមួយ ដើម្បីជំរុញការវិនិយោគរបស់សហគ្រិនខ្មែរ
២៖ ពង្រីកបណ្ដាញទំនាក់ទំនងធុរកិច្ច និងកិច្ចសហការជាមួយសមាគមធុរកិច្ចជាតិនិងអន្តរជាតិ វិនិយោគិន និងក្រុមហ៊ុនអន្តរជាតិធំៗ ដើម្បីលើកកម្ពស់ឱកាសសហការអាជីវកម្ម ក៏ដូចជាបង្កើនលទ្ធភាពក្នុងការនាំចេញ
៣៖ បន្តជួយគាំទ្រដល់ធុរកិច្ចដែល ទទួលបានជំនួយពីសហគ្រិនខ្មែរ ដើម្បីអាចមានលទ្ធភាពពង្រីកអាជីវកម្ម
៤៖ សិក្សាស្រាវជ្រាវបន្ថែមអំពីតម្រូវការចាំបាច់ក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដើម្បីធ្វើការរៀបចំកែរលម្អរទិសដៅយុទ្ធសាស្ត្រ និងកម្មវិធីគាំទ្រ
៥៖ កំណត់វិស័យអាទិភាពដែលមានលក្ខណៈយុទ្ធសាស្ត្រ ក្នុងការធ្វើសហវិនិយោគជាមួយដៃគូ។
សូមបញ្ជាក់ដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានគំនិតផ្តួចផ្តើមដ៏មានប្រយោជន៍ជាច្រើន ដែលគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិននៅក្នុងប្រទេសកម្ពុជា។ កម្មវិធីទាំអស់នោះមានដូចជា៖ ការអភិវឌ្ឍនិងដំណើរការកម្មវិធីបណ្តុះគំនិត /ពន្លឿនធុរកិច្ច និងកម្មវិធីដែលពាក់ព័ន្ធការចាប់ផ្ដើមបង្កើតស្ថាប័ន ដែលផ្តល់ការណែនាំធុរកិច្ច និងបណ្តុះបណ្តាលទេពកោសល្យ និងមានកម្មវិធីផ្តល់កញ្ចប់ជំនួយឥណទាននានា ដើម្បីគាំទ្រដល់សហគ្រាសបង្កើតថ្មី ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមកម្ពុជាដែលមានសក្តនុពលផងដែរ៕