(វ៉ាស៊ីនតោន)៖ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានជំរុញឱ្យអ្នកបង្កើតគោលនយោបាយពិភពលោកចាត់វិធានការរួមគ្នា ដើម្បីជៀសវាង «ប្រក្រតីភាពថ្មី» ដ៏គ្រោះថ្នាក់ណាមួយ ខណៈដែលហានិភ័យនៃការដើរថយក្រោយនៃសេដ្ឋកិច្ចនៅទូទាំងពិភពលោកត្រូវបានជំរុញកាន់តែខ្លាំងឡើងដោយសារបញ្ហាសេដ្ឋកិច្ចម្តងហើយម្តងទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សំដីរបស់នាយកគ្រប់គ្រងរបស់មួលនិធិ IMF បានថ្លែងក្នុងសុន្ទរកថាមួយនៅមុនកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិ IMF នៅសប្តាហ៍ក្រោយថា វាមានសារៈសំខាន់ណាស់ក្នុងការ «ធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានស្ថិរភាពដោយការដោះស្រាយបញ្ហាប្រឈមជាបន្ទាន់បំផុត» រួមទាំងអតិផរណាដែលកំពុងកើនឡើងផងដែរ។

លោកស្រី Georgieva បានថ្លែងថា អ្នកបង្កើតគោលនយោបាយត្រូវតែធ្វើសកម្មភាពរួមគ្នាដើម្បី «ទប់ស្កាត់ពេលវេលានៃការកើនឡើងភាពផុយស្រួយនេះមិនឱ្យក្លាយជាប្រក្រតីភាពថ្មីដ៏គ្រោះថ្នាក់»

ប៉ុន្តែលោកស្រីបានព្រមានថា ដំណើរការនេះនឹងបង្កើតឱ្យមានការឈឺចាប់ និងបានទទួលស្គាល់ថា ប្រសិនបើធនាគារកណ្តាលចាត់វិធានការដ៏តក់ក្រហល់ខ្លាំងពេកដើម្បីកាត់បន្ថយសម្ពាធតម្លៃ វាអាចបង្កឱ្យការធ្លាក់ចុះសេដ្ឋកិច្ច «អូសបន្លាយពេល»

រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលមកពីជាង ១៨០ប្រទេសនឹងជួបប្រជុំគ្នានៅសប្តាហ៍ក្រោយនៅទីក្រុងវ៉ាស៊ីនតោនសម្រាប់កិច្ចប្រជុំដោយផ្ទាល់លើកដំបូងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកចាប់តាំងពីឆ្នាំ២០១៩ មកមុនពេលមានការរាតត្បាតជំងឺកូវីដ-១៩។

កិច្ចប្រជុំនេះធ្វើឡើងក្នុងពេលវេលាដ៏លំបាកមួយសម្រាប់សេដ្ឋកិច្ចពិភពលោក ដោយជំងឺរាតត្បាតត្រូវបានគ្រប់គ្រងយ៉ាងទូលំទូលាយ ប៉ុន្តែការកើនឡើងតម្លៃទំនិញ និងអត្រាការប្រាក់ឥឡូវនេះកំពុងកើតមាននៅជុំវិញពិភពលោក និងរារាំងដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចដែលទើបចាប់ផ្តើមកើតមាននេះ។

ប៉ុន្តែប្រធានមូលនិធិ IMF រូបនេះបាននិយាយថា វាឆាប់ពេកសម្រាប់ធនាគារកណ្តាលធំៗ ក្នុងការដកថយវិញពីប្រយុទ្ធប្រឆាំងនឹងអតិផរណា ដែលបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ទសវត្សរ៍។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕