(ហាណូយ)៖ សមាគមកៅស៊ូវៀតណាមបានឱ្យដឹងថា ការធ្លាក់ចុះតម្លៃកៅស៊ូដោយសារទីផ្សារពិភពលោកដែលប្រែប្រួល និងការធ្លាក់ចុះតម្រូវការប្រើប្រាស់ក្នុងប្រទេសចិន បណ្តាលឱ្យប្រាក់ចំណេញរបស់ឧស្សាហកម្មកៅស៊ូវៀតណាមនឹងមានភាពវិជ្ជមានតិចជាងមុនរហូតដល់ដំណាច់ឆ្នាំនេះ។ នេះបើយោងតាមកាសែត Vietnam News។
តម្លៃលក់កៅស៊ូមានការប្រែប្រួលខ្លាំងនៅក្នុងត្រីមាសទី២ ឆ្នាំនេះនៅពេលដែលតម្លៃងើបឡើងវិញក្នុងខែមិថុនា ហើយបន្ទាប់មកបានធ្លាក់ចុះយ៉ាងឆាប់រហ័សវិញក្នុងខែកក្កដា។
កាសែត Vietnam News បានរាយការណ៍ថា ទីផ្សាររងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺរាតត្បាត វិបត្តិនយោបាយ កង្វះកុងតឺន័រ ថ្លៃដឹកជញ្ជូនខ្ពស់ ការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេងឥន្ធនៈ និងភាពយឺតយ៉ាវនៃការរៀបចំឯកសារបញ្ចេញទំនិញពីគយ ដែលប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។
តម្លៃកៅស៊ូក្នុងទីផ្សារពិភពលោកបានបន្តធ្លាក់ចុះក្នុងខែកញ្ញា ដោយសារក្តីបារម្ភអំពីការធ្លាក់ចុះតម្រូវការក្នុងប្រទេសចិន។
តម្លៃកៅស៊ូជារឿយៗមានទំនាក់ទំនងអវិជ្ជមានជាមួយនឹងការឡើងថ្លៃនៃប្រាក់ដុល្លារ។ និន្នាការកើនឡើងនៃប្រាក់ដុល្លារអាមេរិកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក៏ព្យាករឃើញថា តម្លៃកៅស៊ូនឹងនៅតែមានកម្រិតទាបនាពេលអនាគតដ៏ខ្លីខាងមុខនេះ។
ដោយសារការប្រែប្រួលតម្លៃ ជាពិសេសការប្រែប្រួលទីផ្សារ ចិនបច្ចុប្បន្នកំពុងកាត់បន្ថយបរិមាណកៅស៊ូដែលនាំចូលពីវៀតណាម។ ដូច្នេះហើយក្រុមហ៊ុននាំចេញកៅស៊ូទៅកាន់ទីផ្សារនេះរំពឹងថា ប្រាក់ចំណេញរបស់ពួកគេនឹងត្រូវបានកាត់បន្ថយយ៉ាងខ្លាំងក្នុងរយៈពេលបីខែចុងក្រោយនេះ។
អ្នកតំណាងមួយរូបមករបស់ក្រុមហ៊ុនវៀតណាម Việt Nam Rubber Group (VRG) បានប្រាប់កាសែត Vietnam News ថា អាជីវកម្មកៅស៊ូកំពុងជួបការលំបាកជាច្រើន ដោយសារទីផ្សារមិនស្ថិតស្ថេរ ការធ្លាក់ចុះតម្លៃលក់ និងការប្រើប្រាស់ថមថយ។ លើសពីនេះ ការកើនឡើងថ្លៃដើមបានប៉ះពាល់ដល់ប្រាក់ចំណូល។
ប្រាក់ចំណូលរបស់ក្រុមហ៊ុន Phước Hòa Rubber Joint Stock Company ធ្លាក់ចុះជិត ៥០ភាគរយ ហើយប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធបានធ្លាក់ចុះប្រហែលមួយភាគបីក្នុងរយៈពេលដូចគ្នានេះ។
អ្នកតំណាងមួយរូបមកពីក្រុមហ៊ុននេះបានពន្យល់ថា ការធ្លាក់ចុះប្រាក់ចំណេញគឺដោយសារតែការថយចុះនៃការប្រើប្រាស់ជ័រ ដែលនាំឱ្យការលក់ផលិតផលពាក់កណ្តាលសម្រេចក្នុងត្រីមាសទី៣ ធ្លាក់ចុះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមហ៊ុន Đà Nẵng Rubber Joint Stock Company ក៏បានកត់ត្រាការថយចុះនៃប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធជិត ២២ភាគរយផងដែរ។ មូលហេតុត្រូវបានលើកឡើងថាមកពីតម្លៃសាំងឡើងខ្ពស់ ការប្រើប្រាស់ធ្លាក់ចុះ និងការឡើងថ្លៃដើមធាតុចូល។ នេះបើយោងតាមកាសែត Vietnam News៕