(វ៉ាស៊ីនតោន)៖ របាយការណ៍មួយបានបង្ហាញនៅថ្ងៃព្រហស្បតិ៍ថា ធនាគារពិភពលោក (WB) បានបញ្ចេញប្រាក់កម្ចី ១៤,៨ពាន់លានដុល្លារអាមេរិកទៅកាន់គម្រោងឥន្ធនៈហ្វូស៊ីលនៅទូទាំងពិភពលោកក្នុងរយៈពេលគិតចាប់ពីមានកិច្ចព្រមព្រៀងស្តីពីការប្រែប្រួលអាកាសធាតុទីក្រុងប៉ារីសមក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់របាយការណ៍មួយដែលចងក្រងដោយសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាល The Big Shift Global ថា ទោះបីជាស្ថានប័នផ្តល់ប្រាក់កម្ចីអន្តរជាតិមួយនេះបានសន្យាក្នុងឆ្នាំ២០១៨ ថានឹងបញ្ចប់ការផ្តល់ហិរញ្ញប្បទានដល់គម្រោងរុករកប្រេង និងឧស្ម័ន ហើយការផ្តល់មូលនិធិដោយផ្ទាល់បានធ្លាក់ចុះក៏ដោយ ក៏ការសន្យានេះមិនបានធ្វើឡើងចំពោះការផ្តល់ហិរញ្ញប្បទានដោយប្រយោលឡើយ។
របាយការណ៍នេះបានចេញផ្សាយក្នុងគ្រាដែលមានសម្ពាធកាន់តែខ្លាំងឡើងលើប្រធានាធិបតីអាមេរិកលោក Joe Biden ឱ្យបណ្តេញប្រធានធនាគារពិភពលោកលោក David Malpass ដែលត្រូវបានតែងតាំងដោយអតីតប្រធានាធិបតេយ្យ ដូណាល់ ត្រាំ Trump ចេញពីតំណែង។ លោក David Malpass បានគេចវេសពីការចោទសួរអំពីការពិតនៃការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស។
លោកស្រី Sophie Richmond មកពីសម្ព័ន្ធអង្គការ Big Shift Global បានថ្លែងថា៖ «រាល់ពេលដែលធនាគារពិភពលោកវិនិយោគលើគម្រោងឥន្ធនៈហ្វូស៊ីលបន្ថែមមួយថែមទៀត វាជំរុញឱ្យមានមហន្តរាយអាកាសធាតុកាន់តែខ្លាំងថែមទៀត។ មិនមានហេតុផលដែលត្រូវប្រើប្រាស់ថវិការបស់អ្នកជាប់ពន្ធដើម្បីធ្វើឱ្យវិបត្តិអាកាសធាតុកាន់តែអាក្រក់នោះទេ»។
របាយការណ៍ដដែលនេះបានឱ្យដឹងទៀតថា មធ្យោបាយចម្បងមួយដែលធនាគារ WB បានប្រើប្រាស់ដើម្បីបន្តផ្តល់មូលនិធិដល់គម្រោងឥន្ធនៈហ្វូស៊ីលមោះគឺតាមរយៈការប្រើប្រាស់ចំណុច «ចន្លោះប្រហោងធំ» មួយ ដោយការផ្តល់ប្រាក់កម្ចីដល់អន្តរការីដូចជាធនាគារ ឬស្ថាប័នហិរញ្ញវត្ថុ និងដោយដើរតួជាអ្នកធានាក្នុងករណីដែលប្រទេសមួយមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន។
ស្ថិតក្រោមកិច្ចព្រមព្រៀងស្តីពីការប្រែប្រួលអាកាសធាតុទីក្រុងប៉ារីសឆ្នាំ២០១៥ មេដឹកនាំពិភពលោកបានប្តេជ្ញាចិត្តចំពោះការកំណត់ការឡើងកម្តៅរយៈពេលវែងត្រឹម ១,៥អង្សាសេ ដើម្បីបញ្ចៀសនូវលទ្ធផលដ៏អាក្រក់សម្រាប់ការរស់នៅនាពេលអនាគតរបស់ភពផែនដី។
គម្រោងដ៏ធំបំផុតដែលបានរាយក្នុងរបាយការណ៍នេះដែលមានចំណងជើងថា ការវិនិយោគក្នុងគ្រោះមហន្តរាយអាកាសធាតុ៖ ការផ្តល់ហិរញ្ញវត្ថុរបស់ធនាគារពិភពលោកសម្រាប់ឥន្ធនៈហ្វូស៊ីលនោះ គឺជាគម្រោងបំពង់បង្ហូរប្រេង Trans-Anatolian ក្នុងប្រទេសអាស៊ែបៃហ្សង់ ដែលបានផ្តល់មូលនិធិនៅក្នុងឆ្នាំ២០១៨ រហូតដល់ចំនួន ១,១ពាន់លានដុល្លារ ដោយធនាគារពិភពលោកដើរតួជាអ្នកធានា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕