(សិង្ហបុរី)៖ ប្រេងឆៅត្រូវបានជួញដូរក្នុងតម្លៃជាង ៩៣ដុល្លារក្នុងមួយបារ៉ែលនៅព្រហស្បតិ៍សប្តាហ៍នេះដែលជាតម្លៃជិតដល់តម្លៃខ្ពស់បំផុតក្នុងរយៈពេលបីសប្តាហ៍ បន្ទាប់ពីអង្គការ OPEC+ បានព្រមព្រៀងរឹតបន្តឹងការផ្គត់ផ្គង់ប្រេងឆៅសកលជាមួយនឹងកិច្ចព្រមព្រៀងកាត់បន្ថយផលិតកម្មប្រហែល ២លានបារ៉ែលក្នុងមួយថ្ងៃ ដែលជាការកាត់បន្ថយច្រើនបំផុតគិតចាប់តាំងពីឆ្នាំ២០២០មក។
ទីភ្នាក់ព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគត សម្រាប់ចែកចាយនៅខែធ្នូបានកើនឡើង ៤សេនដល់ ៩៣,៤១ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីឡើងថ្លៃ ១,៧ភាគរយនៅក្នុងវគ្គមុន ហើយតម្លៃប្រេងឆៅប្រភេទ West Texas Intermediate (WTI) ក្នុងកិច្ចសន្យាអនាគតសម្រាប់ចែកចាយនៅខែវិច្ឆិកា បានកើនឡើង ២សេនដល់ ៨៧,៧៨ដុល្លារក្នុងមួយបារ៉ែល ដែលកើនឡើង ១,៤ ភាគរយកាលពីថ្ងៃអង្គារ។
កិច្ចព្រមព្រៀងរវាងអង្គការប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងប្រទេសរុស្ស៊ីផងដែរនោះ ដែលរួមគ្នាហៅថា អង្គការ OPEC+ បានព្រមព្រៀងគ្នាកាត់បន្ថយការផ្គត់ផ្គង់ប្រេងនៅក្នុងទីផ្សារដែលមានភាពតានតឹងរួចស្រាប់ទៅហើយនោះ ដែលនឹងបន្ថែមឱ្យមានកំណើនអតិផរណា។
ដោយសារការផលិតនៅប្រទេសមួយចំនួននៃអង្គការ OPEC+ មានកម្រិតទាបជាងកម្រិតគោលដៅ ការកាត់បន្ថយជាក់ស្តែងនឹងមានទំហំតូចជាងតួលេខ ២លានបារ៉ែលក្នុងថ្ងៃដែលបានព្រមព្រៀងក្នុងកិច្ចប្រជុំនេះ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់បន្ទោលរបស់ព្រះអង្គម្ចាស់ Abdulaziz bin Salman រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីតថា ការកាត់បន្ថយការផ្គត់ផ្គង់ពិតប្រាកដនឹងមានប្រហែលពី ១លានទៅ ១,២លានបារ៉ែលក្នុងមួយថ្ងៃ ហើយការកាត់បន្ថយនេះគឺជាការឆ្លើយតបទៅនឹងការដំឡើងអត្រាការប្រាក់នៅប្រទេសលោកខាងលិច និងការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក៕