(ញូវយ៉ក)៖ ប្រាក់បម្រុងរូបិយប័ណ្ណបរទេសពិភពលោកកំពុងធ្លាក់ចុះក្នុងល្បឿនលឿនបំផុតមិនធ្លាប់មាន ខណៈដែលធនាគារកណ្តាលនានារាប់ចាប់ពីធនាគារកណ្តាលរបស់ប្រទេសឥណ្ឌារហូតដល់ធនាគារកណ្តាលរបស់សាធារណរដ្ឋឆេកធ្វើអន្តរាគមន៍ដើម្បីគាំទ្ររូបិយប័ណ្ណរបស់ពួកគេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
ប្រាក់បម្រុងរូបិយប័ណ្ណបរទេសពិភពលោកបានធ្លាក់ចុះប្រហែល ១ពាន់ពាន់លានដុល្លារ ឬ ៧,៨% នៅឆ្នាំនេះមកនៅត្រឹមចំនួន ១២ពាន់ពាន់លានដុល្លារ ដែលជាការធ្លាក់ចុះខ្លាំងបំផុតគិតចាប់តាំងពីទីភ្នាក់ងារព័ត៌មាន Bloomberg ចាប់ផ្តើមចងក្រងទិន្នន័យក្នុងឆ្នាំ២០០៣មក។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ការធ្លាក់ចុះមួយផ្នែកគឺដោយសារតែការប្រែប្រួលតម្លៃរូបិប័ណ្ណ។ នៅពេលដែលប្រាក់ដុល្លារបានឡើងថ្លៃដល់កម្រិតខ្ពស់ក្នុងរយៈពេលពីរទសវត្សរ៍ធៀបនឹងរូបិយប័ណ្ណបម្រុងផ្សេងទៀត ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន ការឡើងថ្លៃនេះបានកាត់បន្ថយតម្លៃគិតជាប្រាក់ដុល្លារនៃការកាន់កាប់រូបិយប័ណ្ណបម្រុងទាំងនេះ។ ប៉ុន្តែការធ្លាក់ចុះប្រាក់បម្រុងក៏កើតមានដោយសារភាពតានតឹងនៅក្នុងទីផ្សាររូបិយប័ណ្ណផងដែរ ដែលកំពុងបង្ខំឱ្យធនាគារកណ្តាលកាន់តែច្រើនឡើងធ្វើអន្តរាគមន៍ក្នុងសង្រ្គាមទប់ស្កាត់ការធ្លាក់ថ្លៃរូបិយប័ណ្ណរបស់ពួកគេ។
ឧទាហរណ៍ ប្រាក់បម្រុងរបស់ប្រទេសឥណ្ឌាបានធ្លាក់ចុះ ៩៦ពាន់លានដុល្លារនៅឆ្នាំនេះ មកនៅត្រឹម ៥៣៨ពាន់លានដុល្លារ។ ធនាគារកណ្តាលរបស់ប្រទេសនេះបានឱ្យដឹងថា ការប្រែប្រួលតម្លៃទ្រព្យសកម្មនានាមានចំនួន ៦៧% នៃការធ្លាក់ចុះប្រាក់បម្រុងក្នុងអំឡុងឆ្នាំសារពើពន្ធគិតចាប់ពីខែមេសាមក ដែលបង្ហាញថា ការធ្លាក់ចុះផ្សេងទៀតគឺដោយសារការធ្វើអន្តរាគមន៍ដើម្បីជំរុញតម្លៃរូបិយប័ណ្ណ។ ប្រាក់រូពីឥណ្ឌាបានធ្លាក់ថ្លៃប្រហែល ៩% ធៀបនឹងប្រាក់ដុល្លារក្នុងឆ្នាំនេះ ហើយបានធ្លាក់ចុះដល់កម្រិតទាបបំផុតកាលពីខែមុន។
ប្រទេសជប៉ុនបានចំណាយប្រហែល ២០ពាន់លានដុល្លារក្នុងខែកញ្ញាដើម្បីបន្ថយការធ្លាក់ចុះថ្លៃប្រាក់យ៉េននៅក្នុងអន្តរាគមន៍លើកដំបូងរបស់ខ្លួនដើម្បីគាំទ្ររូបិយប័ណ្ណចាប់តាំងពីឆ្នាំ១៩៩៨មក។ ទឹកប្រាក់នេះមានប្រហែល ១៩% នៃការបាត់បង់ប្រាក់បម្រុងនៅឆ្នាំនេះ។ អន្តរាគមន៍រូបិយប័ណ្ណនៅសាធារណរដ្ឋឆេកបានធ្វើឱ្យប្រាក់បម្រុងរបស់ប្រទេសនេះធ្លាក់ចុះ១៩% ចាប់តាំងពីខែកុម្ភៈមក។
សំដៅដល់ការធ្លាក់ចុះប្រាក់បម្រុងនេះ លោក Axel Merk ប្រធានផ្នែកវិនិយោគនៅក្រុមហ៊ុន Merk Investments បានប្រាក់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា៖ «ទាំងអស់នេះគឺជាសញ្ញាព្រមាណមួយ។ បញ្ហាកំពុងលេចឡើង។ ហើយសញ្ញាព្រមានទាំងនោះនឹងកើតមានក្នុងល្បឿនកានតែលឿនឡើង»៕