(ហ្សាការតា)៖ តម្រូវការថាមពលក្នុងប្រទេសនៅអាស៊ីអាគ្នេយ៍អាចកើនឡើងបីដងនៅឆ្នាំ២០៥០ ហើយតំបន់នេះអាចក្លាយជាអ្នកនាំចូលឧស្ម័នធម្មជាតិ និងធ្យូងថ្មសុទ្ធមុនឆ្នាំ២០៥០ បើមិនអភិវឌ្ឍប្រភពថាមពលជំនួស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ការសិក្សាមួយដែលធ្វើឡើងដោយស្ថាប័នថាមពលរបស់តំបន់អាស៊ីអាគ្នេយ៍ដែលបានរកឃើញថា សម្រាប់ប្រទេសជាសមាជិកទាំង១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ការធ្វើពិពិធកម្មប្រភពថាមពលនឹងមានសារៈសំខាន់ មិនត្រឹមតែដោយសារការខិតខំប្រឹងប្រែងកាត់បន្ថយការបំភាយឧស្ម័នកាបូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីបំពេញតម្រូវការថាមពលដែលកំពុងកើនឡើងផងដែរ។
លោក Nuki Agya Utama នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលថាមពលអាស៊ាន (ACE) បានឱ្យដឹងនៅក្នុងបទសម្ភាសមួយនៅថ្ងៃព្រហស្បតិ៍ថា៖ «តម្រូវការកំពុងកើនឡើង ... ស្របពេលដែលយើងត្រូវការការផ្គត់ផ្គង់ប្រកបដោយស្ថិរភាពដែលនឹងក្លាយជាបញ្ហាប្រសិនបើការផ្គត់ផ្គង់ពឹងផ្អែកលើប្រភពមួយឬពីរ»។
យោងតាមការសិក្សាថ្មីៗនេះដោយមជ្ឈមណ្ឌល ACE កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនៅក្នុងតំបន់នឹងជំរុញការប្រើប្រាស់ថាមពលសរុបដល់ប្រហែល ១,២៨ពាន់លានតោននៃសមមូលប្រេងនៅឆ្នាំ២០៥០ ស្ថិតក្រោមសេណារីយោស្ថានភាពបច្ចុប្បន្ន។
ទន្ទឹមនឹងនេះដែរ បើគ្មានរបកគំហើញ ឬការធ្វើពិពិធកម្មសំខាន់ៗទេនោះ អាស៊ីអាគ្នេយ៍អាចក្លាយជាអ្នកនាំចូលឧស្ម័នធម្មជាតិសុទ្ធនៅឆ្នាំ២០២៥ និងអ្នកនាំចូលធ្យូងថ្មសុទ្ធនៅឆ្នាំ២០៣៩។ អាស៊ីអាគ្នេយ៍គឺជាទីតាំងរបស់ប្រទេសនាំចេញធ្យូងថ្មកម្ដៅធំជាងគក្នុងពិភពលោក ពោលគឺជាប្រទេសឥណ្ឌូនេស៊ី។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ទៀតថា អន្តរាគមន៍ផ្នែកគោលនយោបាយត្រូវការជាចាំបាច់ដើម្បីជួយពន្លឿនការអភិវឌ្ឍថាមពលកកើតឡើងវិញ និងថាមពលជំនួសផ្សេងទៀតនៅក្នុងតំបន់។
បើគ្មានការអន្តរាគមពីគោលនយោបាយទេ នោះចំណែករបស់អាស៊ាននៃថាមពលកកើតឡើងវិញនឹងមានត្រឹមតែ ១៤,៤ភាគរយនៃការផ្គត់ផ្គង់ថាមពលចម្បងសរុបនៅឆ្នាំ២០២៥ ដែលកើនឡើងតិចតួចពី ១៤,២ភាគរយក្នុងឆ្នាំ២០២០ និងទាបជាងគោលដៅអាស៊ានដែលមាន ២៣ភាគរយ។
លោក Nuki មានប្រសាសន៍៖ «យើងត្រូវពិចារណាការដំឡើងរោងចក្រថាមពលនុយក្លេអ៊ែរប្រហែល ៤ជីហ្គាវ៉ាត់ (សមត្ថភាព) ស្របពេលដែលកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រភពនានាដូចជាថាមពលវារីអគ្គិសនី និងថាមពលកម្តៅផែនដីដែលតំបន់នេះមានសក្តានុពលធំជាងគេទីពីរ»។
តំបន់អាស៊ីអាគ្នេយ៍ក៏គួរតែអភិវឌ្ឍកន្លែងស្តុកថាមពលផងដែរ ដើម្បីបង្កើនប្រសិទ្ធភាពការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់នាពេលអនាគត។
សម្រាប់ឥន្ធនៈក្នុងវិស័យដឹកជញ្ជូន លោកបានថ្លែងថា តំបន់អាស៊ីអាគ្នេយ៍គួរតែបង្កើនការប្រើប្រាស់ជីវឥន្ធនៈ និងជីវអេតាណុល និងបង្កើនការប្រើប្រាស់រថយន្តអគ្គិសនីដល់ ២០ភាគរយនៅឆ្នាំ២០៥០ ដើម្បីកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕