(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរ៉ែ និងថាមពល បានសម្រេចផ្តល់អាជ្ញាប័ណ្ណឱ្យដល់ក្រុមហ៊ុន EnerCam Resources Corp ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Angkor Resources របស់ប្រទេសកាណាដា ធ្វើការសិក្សាស្រាវជ្រាវរុករកប្រេង និងឧស្ម័ននៅប្លុក VIII ដែលផ្ទៃក្រឡាប្រមាណ៥ពាន់គីឡូម៉ែត្រការ៉េ ស្ថិតក្នុងខេត្តចំនួន៥របស់កម្ពុជា។
លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៧ ខែតុលានេះថា បច្ចុប្បន្ននេះក្រុមហ៊ុនកំពុងរៀបចំផែនការដំណើរការសិក្សាស្រាវជ្រាវ ដែលរយៈពេលនៃសិក្សាស្រាវជ្រាវនេះមានរយៈពេល ៧ឆ្នាំ។
លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រសិនបើការសិក្សាស្រាវជ្រាវរកឃើញប្រេង ដែលមានលក្ខណៈពាណិជ្ជកម្ម គាត់អាចដាក់ពាក្យសុំធ្វើអាជីវកម្មដែលរយ:ពេលសរុបនៃកិច្ចព្រមព្រៀងប្រេងកាតមានរយ:ពេល៣០ឆ្នាំ»។
បើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតរូបនេះ ប្លុកប្លុក VIII គ្រប់ដណ្តប់លើខេត្តកំពង់ស្ពឺ កោះកុង ព្រះសីហនុ កំពត និងកែប ដែលមានផ្ទៃក្រឡាប្រហែល ៥ពាន់គីឡូម៉ែត្រការ៉េ។ កន្លងមកតំបន់នេះពុំទាន់មានការសិក្សាពីមុនមកទេ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Angkor Resources កាលពីថ្ងៃទី ៣ ខែតុលា បានឱ្យដឹងថា ការរុករកដំណាក់កាលដំបូងនៅប្លុក VIII នឹងរួមបញ្ចូលការទទួលបានស៊ីស្មិក ដែលបន្ទាប់មកនឹងបញ្ចប់ការវិភាគយ៉ាងទូលំទូលាយ។ ការទាក់ទាញដំបូងនៅលើតំបន់គោលដៅនេះ នឹងក្លាយជាផ្នែកមួយនៃផែនការការងារដំណាក់កាលដំបូងផងដែរ។
លោក Mike Weeks ប្រធានក្រុមហ៊ុន EnerCam បានឱ្យដឹងថា ការផ្តល់អាជ្ញាប័ណ្ណនេះ នឹងជំរុញក្រុមហ៊ុនចូលរួមចំណែកក្នុងការអភិវឌ្ឍឧស្សាហកម្មប្រេង និងឧស្ម័នរបស់កម្ពុជា។
លោកបញ្ជាក់ថា៖ «យើងមានក្តីរំភើបចំពោះការឈានទៅមុខផ្នែកប្រេង និងឧស្ម័នក្នុងប្រទេសកម្ពុជា ដោយយើងជឿថា នេះជាការផ្លាស់ប្តូរដ៏សំខាន់មួយ សម្រាប់ប្រទេសទាំងមូល។ ការមានប្រភពថាមពលរយៈពេលវែងផ្ទាល់ខ្លួនគឺសម្រាប់ឧស្ម័នធម្មជាតិ (LNG) ប្រេងឥន្ធនៈ និងផលិតផលជាច្រើនប្រភេទដែលនាំចូលមកកម្ពុជានាពេលបច្ចុប្បន្ននឹងជំរុញប្រទេសនេះឱ្យទៅដល់កម្រិតថ្មីមួយទៀត»។
លោកស្រី D Weeks អគ្គនាយកក្រុមហ៊ុន Angkor Resources បាននិយាយថា កម្ពុជាត្រូវការប្រភពថាមពលផ្ទាល់ខ្លួន ហើយក្រុមហ៊ុនទន្ទឹងរង់ចាំលទ្ធផលក្នុងការរុករក និងផលិតថាមពលយ៉ាងសកម្មសម្រាប់ប្រទេសនេះ។
លោកស្រីបន្តថា៖ «នេះក៏ជាឱកាសដ៏ធំមួយ សម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យឧស្សាហកម្មថ្មីដ៏សំខាន់សម្រាប់កម្ពុជា»។
គួរជម្រាបថា តំបន់សម្រាប់ការរុករកប្រេងនៅកម្ពុជាត្រូវបានបែងចែកជាង២៥ប្លុក ក្នុងនោះ ៦ ប្លុកនៅក្នុងសមុទ្រ និង១៩ ប្លុកនៅលើដែនគោក៕