(វ៉ាស៊ីនតោន)៖ ធនាគារពិភពលោក (WB) បានឱ្យដឹងនៅថ្ងៃអង្គារថា បណ្តាប្រទេសនៅអឺរ៉ុបខាងកើត និងអាស៊ីកណ្តាលនឹងវិលត្រឡប់មករកកំណើនវិញបើទោះតិចតួចក្តីនៅឆ្នាំ២០២៣ ប៉ុន្តែបានព្រមានថា ការកាត់ផ្តាច់ថាមពលរបស់រុស្ស៊ីទៅកាន់សហភាពអឺរ៉ុបនឹងធ្វើឱ្យប្រទេសទាំងនេះធ្លាក់ចូលទៅក្នុងការដើរថយក្រោយនៃសេដ្ឋកិច្ចនៅឆ្នាំក្រោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ការព្យាករអំពីសេដ្ឋកិច្ចដែលត្រូវបានធ្វើបច្ចុប្បន្នភាពរបស់ធនាគារពិភពលោកថា ផលិតផលក្នុងស្រុកសរុប (GDP) រួមរបស់តំបន់អឺរ៉ុប និងអាស៊ីកណ្តាលឥឡូវនេះត្រូវបានរំពឹងថានឹងធ្លាក់ចុះ ០,២ ភាគរយនៅឆ្នាំ២០២២ និងកើនឡើង ០,៣ភាគរយនៅឆ្នាំ២០២៣ ដោយសារឥទ្ធិពលពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។
ទោះជាយ៉ាងណា តួលេខនេះមានភាពប្រសើរបើធៀបនឹងការព្យាកររបស់ធនាគារអន្តរជាតិមួយនេះកាលពីខែមិថុនា ដែលនៅពេលនោះព្យាករថាសេដ្ឋកិច្ចរួមរបស់តំបន់ទាំងពីរនេះនឹងធ្លាក់ចុះ ២,៩ភាគរយ។ ការព្យាករនេះឆ្លុះបញ្ចាំងពីភាពធន់ល្អប្រសើរជាងការរំពឹងទុក និងកំណើនសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសមួយចំនួនក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេក្នុងតំបន់ រួមជាមួយនឹងការបន្តអនុវត្តកម្មវិធីជំរុញសេដ្ឋកិច្ចក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដនៅក្នុងប្រទេសមួយចំនួន។
ធនាគារ WB បានឱ្យដឹងថា ឥឡូវនេះខ្លួនរំពឹងថាសេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែននឹងធ្លាក់ចុះ ៣៥ភាគរយនៅឆ្នាំ២០២២ ដែលប្រសើរជាងការព្យាករកន្លងមកដែលថាធ្លាក់ចុះ ៤៥ភាគរយ។
នៅក្នុងឯកសារដាច់ដោយឡែកមួយស្តីពីផលប៉ះពាល់នៃវិបត្តិថាមពលពិភពលោក ធនាគារពិភពលោកបានឱ្យដឹងថា កាត់បន្ថយការផ្គត់ផ្គង់ថាមពលជាបន្តដល់សហភាពអឺរ៉ុបអាចបង្កឱ្យមានការដើរថយក្រោយនៃសេដ្ឋកិច្ចសម្រាប់បណ្តាប្រទេសអឺរ៉ុប និងអាស៊ីកណ្តាល ដោយទិន្នផលសេដ្ឋកិច្ចរួមអាចនឹងធ្លាក់ចុះ ១,២ភាគរយ។
ផលប៉ះពាល់នឹងកើតមានកាន់តែខ្លាំងទៅលើប្រទេសដែលពឹងផ្អែកខ្លាំងលើឧស្ម័នធម្មជាតិរបស់រុស្ស៊ី និងកើតមានតិចទៅលើប្រទេសដែលមានលទ្ធភាពទទួលបានការផ្គត់ផ្គង់ឧស្ម័នជំនួស ឬការផលិតថាមពលក្នុងស្រុកកាន់តែច្រើន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕