(សេអ៊ូល)៖ វិនិយោគិនបរទេសបានបន្តលក់ចេញភាគហ៊ុនរបស់ប្រទេសនៅតំបន់អាស៊ីដោយមិនរាបប់បញ្ចូលប្រទេសចិន នៅក្នុងខែកញ្ញា ដោយសារតែដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក ការកើនឡើងថ្លៃប្រាក់ដុល្លារ និងការធ្លាក់ចុះចក្ខុវិស័យកំណើនក្នុងតំបន់។ នេះបើយោងទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យពីផ្សារហ៊ុននៅកូរ៉េខាងត្បូង ឥណ្ឌា តៃវ៉ាន់ ហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី និងថៃ ថា វិនិយោគិនបរទេសបានលក់ភាគហ៊ុនដែលមានតម្លៃសុទ្ធ ៨,៨៣ពាន់លានដុល្លារកាលពីខែមុន ដែលជាការលក់ប្រចាំខែដំបូងរបស់ពួកគេចាប់តាំងពីខែមិថុនាមក។
រហូតមកដល់ពេលនេះ ភាគហ៊ុនក្នុងតំបន់នេះបានប្រឈមមុខនឹងលំហូរចេញមូលធនសរុបចំនួន ៦៩,៧ពាន់លានដុល្លារនៅក្នុងត្រីមាសដំបូងក្នុងឆ្នាំនេះ ដែលកើនឡើងខ្លាំងធៀបនឹងលំហូរចេញចំនួន ៤៧,៦៣ពាន់លានដុល្លារដែលបានជួបប្រទះក្នុងឆ្នាំ២០០៨ នៅពេលដែលវិបត្តិហិរញ្ញវត្ថុពិភពលោកបានកើតឡើង។
កាលពីខែមុន ធនាគារកណ្តាលអាមេរិកបានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនចំនួន ០,៧៥ភាគរយ ដែលជាការដំឡើងលើកទី៣ជាប់គ្នា។ អ្នកវិភាគរំពឹងថា ធនាគារកណ្តាលអាមេរិកនឹងដំឡើងអត្រាការប្រាក់បន្តទៀតដើម្បីទប់ទល់នឹងការកើនឡើងសម្ពាធអតិផរណា។
លោក Mark Haefele ប្រធានផ្នែកវិនិយោគនៃក្រុមហ៊ុន UBS Global Wealth Management បានថ្លែងថា តំបន់នេះប្រឈមមុខនឹងសម្ពាធអតិផរណាដែលកំពុងកើនឡើង ការដំឡើងអត្រាការប្រាក់ និងការធ្លាក់ចុះកំណើនសេដ្ឋកិច្ច។ លោកបានបន្ថែមថា ការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិកយ៉ាងតក់ក្រហល់បានធ្វើឱ្យប៉ះពាល់ដល់រូបិយប័ណ្ណក្នុងតំបន់ និងទីផ្សារនាំចេញរបស់ខ្លួនផងដែរ។
លំហូរមូលធនចេញពីកូរ៉េខាងត្បូង និងកោះតៃវ៉ាន់ដែលពឹងផ្អែកលើបច្ចេកវិទ្យាកាលពីខែមុនបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលបីខែគឺ ១,៨ពាន់លានដុល្លារ និង ៥,៣ពាន់លានដុល្លាររៀងគ្នា។ប្រទេសឥណ្ឌា និងថៃបានឃើញលំហូរចេញដែលមានតម្លៃ ៩០៣លានដុល្លារ និង ៦៥៣លានដុល្លាររៀងគ្នា បន្ទាប់ពីមានលំហូរចូលក្នុងរយៈពេល ២ខែមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕