(ហ្សាការតា)៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីបានឱ្យដឹងនៅថ្ងៃអង្គារថា ឥណ្ឌូនេស៊ីដែលជាប្រទេសផលិតប្រេងដូងធំជាងគេក្នុងពិភពលោកអាចនឹងពន្យាពេលការលើកលែងពន្ធលើការនាំចេញប្រេងរហូតដល់ចុងឆ្នាំនេះ។

ប្រទេសឥណ្ឌូនេស៊ីបានចាប់ផ្តើមលើកលែងពន្ធលើការនាំចេញផលិតផលប្រេងដូងចាប់តាំងពីពាក់កណ្តាលខែកក្កដាមក ដើម្បីជួយកាត់បន្ថយស្តុកប្រេងដូងដែលបានកើនឡើងបន្ទាប់ពីមានការហាមឃាត់ការនាំចេញរយៈពេលបីសប្តាហ៍នៅចុងខែមេសា ដែលត្រូវបានធ្វើឡើងដើម្បីរក្សាស្ថិរភាពតម្លៃប្រេងឆាក្នុងស្រុក។

គោលនយោបាយលើកលែងការយកពន្ធបច្ចុប្បន្ននេះនឹងបញ្ចប់នៅក្រោយថ្ងៃទី៣១ ខែតុលានេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោករដ្ឋមន្ត្រី Airlangga Hartarto ខណៈថ្លែងទៅកាន់អ្នកយកព័ត៌មានថា៖ «ផែនការនេះគឺសម្រាប់ការពន្យារពេល .. រហូតដល់ចុងឆ្នាំនេះ»

ឥណ្ឌូនេស៊ីប្រមូលពន្ធលើការនាំចេញ បន្ថែមពីលើពន្ធនាំចេញដាច់ដោយឡែកមួយផ្សេងទៀត ដើម្បីប្រមូលប្រាក់សម្រាប់ឧបត្ថម្ភធនដល់កម្មវិធីជីវម៉ាស៊ូត និងកម្មវិធីដាំដើមប្រេងដូងឡើងវិញរបស់កសិករខ្នាតតូច។

ទោះជាយ៉ាងណា លោក Airlangga បានថ្លែងថា ដោយសារតម្លៃប្រេងដូងបានធ្លាក់ចុះ ហើយជីវម៉ាស៊ូតដែលផលិតចេញពីប្រេងដូងមានតម្លៃទាបជាងប្រេងម៉ាស៊ូតហ្វូស៊ីល ឥណ្ឌូនេស៊ីបច្ចុប្បន្នត្រូវការថវិកាតិចសម្រាប់កម្មវិធីជីវម៉ាស៊ូត។

លោក Airlangga បានបន្តថា រដ្ឋាភិបាលនឹងបន្តតាមដានការអនុវត្តនូវអ្វីដែលគេហៅថាគោលនយោបាយកាតព្វកិច្ចទីផ្សារក្នុងស្រុក ដែលត្រូវបានដាក់ចេញកាលពីដើមឆ្នាំនេះ ដើម្បីធានាការផ្គត់ផ្គង់ប្រេងឆាក្នុងស្រុក។

ក្រុមហ៊ុននាំចេញប្រេងដូងត្រូវបានតម្រូវឱ្យលក់ផលិតផលមួយផ្នែករបស់ខ្លួននៅក្នុងប្រទេសមុននឹងត្រូវបានអនុញ្ញាតឱ្យនាំចេញ។ បច្ចុប្បន្នក្រុមហ៊ុនត្រូវបានអនុញ្ញាតឱ្យនាំចេញប្រាំបួនដងនៃបរិមាណដែលពួកគេបានលក់ក្នុងស្រុក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕