(បាងកក)៖ ប្រធានសមាគមអ្នកនាំចេញអង្ករថៃបានឱ្យដឹងនៅថ្ងៃពុធថា ការនាំចេញអង្កររបស់ប្រទេសថៃអាចឡើងដល់ ៨លានតោននៅឆ្នាំនេះ ដោយសារទឹកជំនន់ដែលបណ្តាលមកពីព្យុះទីហ្វុង ណូរុ មានផលប៉ះពាល់តិចតួច ហើយប្រាក់បាតដែលចុះថ្លៃបានជួយដល់ការលក់ទៅក្រៅប្រទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ប្រទេសនាំចេញអង្ករធំជាងគេទីបីរបស់ពិភពលោកមួយនេះបាននាំចេញអង្ករចំនួន ៦,១១លានតោនកាលពីឆ្នាំមុន។
លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ទឹកជំនន់ដែលបណ្តាលមកពីព្យុះទីហ្វុងនៅចុងខែកញ្ញា និងដើមខែតុលាបានបង្កការខូចខាតដល់ដំណាំមួយចំនួន ប៉ុន្តែមិនបានប៉ះពាល់ដល់ការនាំចេញទេ។
លោក Chookiat បានមានប្រសាសន៍ថា៖ «យើងនៅតែអាចឈានដល់ ៧,៥លានតោន (នៃការនាំចេញ) នៅឆ្នាំនេះ ហើយក៏អាចឈានដល់ ៨លានផងដែរដោយសារតែប្រាក់បាតធ្លាក់ថ្លៃ និងពន្ធពន្ធនាំចេញរបស់ឥណ្ឌា»។
កាលពីខែកញ្ញា ប្រទេសឥណ្ឌាដែលជាប្រទេសនាំចេញធំជាងគេរបស់ពិភពលោកបានហាមឃាត់ការនាមចេញចុងអង្ករទៅបរទេស និងបានដកហូតពន្ធ ២០ភាគរយលើការនាំចេញប្រភេទអង្ករផ្សេងៗ។
បើស្ថានភាពមិនប្រែប្រួលយ៉ាងខ្លាំងទេ លោកក៏រំពឹងផងដែរថា ការនាំចេញនឹងមានចំនួន ៨ លានតោននៅឆ្នាំ២០២៣។
កាលពីខែកញ្ញា សមាគមអ្នកនាំចេញអង្ករថៃបានបង្កើនគោលដៅនាំចេញរបស់ខ្លួនដល់ ៧,៥លានតោនពី ៧លានតោនដោយសារតែទិន្នផលស្រូវខ្ពស់ និងប្រាក់បាតចុះថ្លៃ៕