(ភ្នំពេញ)៖ វិនិយោគទុនក្នុងស្រុក បន្តឈរនៅលេខរៀងទី១ ដែលបណ្តាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ គិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២២នេះ ក្នុងទុនវិនិយោគជាង ១.៧ពាន់លានដុល្លារ មានចំណែកជិត៦០% នៃទុនវិនិយោគសរុបនៅកម្ពុជា ខណៈលំហូរទុនវិនិយោគចិន ស្ថិតក្នុងលេខរៀងទី២។ នេះបើតាមតួលេខដែលកក់ត្រាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ដែលបណ្តាញព័ត៌មាន Fresh Newsទទួលបាន។
តួលេខបញ្ជាក់ថា ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២ CDC បានអនុម័តគម្រោងវិនិយោគសរុបចំនួន១៥០គម្រោង ក្រោមទុនវិនិយោគ ៣៥០០លានដុល្លារ ក្នុងនោះវិនិយោគិនកម្ពុជា បានឈានមុខគេក្នុងការបោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ជាង ១៧០០លានដុល្លារអាមេរិក មានចំណែក ៥០.៩៤% នៃការវិនិយោគសរុប កើនឡើងទេ្វដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានទឹកប្រាក់វិនិយោគជិត ៧០០លានដុល្លារ និងមានចំណែកវិនិយោគ ២០.៧៤%ប៉ុណ្ណោះ។
ប្រទេសចិនដែលធ្លាប់នាំមុខគេក្នុងការវិនិយោគនៅកម្ពុជា បានស្ថិតក្នុងលំដាប់ទី២វិញ ដែលបានមកវិនិយោគក្នុងទំហំទឹកប្រាក់ ជាង១៥០០លានដុល្លារ មានចំណែកវិនិយោគ ៤៣.៩៨%។ តាមពីក្រោយចិន គឺប្រទេសថៃ ដែលមានទុនវិនិយោគប្រមាណ ៤៤លានដុល្លារ មានចំណែកវិនិយោគ ១.២៧% ។ ចំណែកប្រទេសជប៉ុន ស្ថិតចំណាត់ថ្នាក់ទី៤ ដែលបាននាំទុនវិនយោគបានប្រមាណជិត ៤០លានដុល្លារ មានចំណែក១.១៤%នៃវិនិយោគសរុប។
បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានប្រាប់ Fresh News នៅថ្ងៃទី៦ ខែតុលានេះថា ខណៈពេលលំហូរវិនិយោគបរទេសបានថមថយ ក្នុងរយៈពេលចុងក្រោយ បន្ទាប់ពីជួបវិបត្តិផ្ទួនៗ ដែលធ្វើឱ្យពួកគេជួបបញ្ហារាំងស្ទះហិរញ្ញវត្ថុដូច្នេះហើយ គឺជាឱកាសជំរុញឱ្យវិនិយោគិនក្នុងស្រុក ដែលនៅមានកម្លាំងទុនឆ្លៀតឱកាសបោះទុន និងរៀបចំសេវាកម្ម ឬផលិតផលរបស់ខ្លួន ប្រកួតប្រជែងក្នុងទីផ្សារ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយលើកស្ទួយការវិនិយោគក្នុងស្រុក។
លោកបន្តថា «អ្នកវិនិយោគនក្នុងស្រុក ជាពិសេសអ្នកដែលមានទុនធំៗ គេមិនបង្អង់ទេ ដោយសារទុនរបស់គេ គេអាចបង្វិលបាន ស្របពេលដែលមិនមានចរន្តវិនិយោគពីក្រៅជាដុំកំភួន ហេតុដូច្នេះគាត់ឆ្លៀតឱកាសក្នុងពេលវេលានេះ ពោលគឺក្រុមហ៊ុនដែលគេមានលទ្ធភាព គឺគេបោះទុនវិនិយោគ។ ឧទាហរណ៍ដូចជាវិនិយោគទៅលើការកសាងអគារ ផ្ទះលំនៅដ្ឋានដើម្បីលក់ ឬការរៀបចំសិប្បកម្ម អាជីវកម្មផ្សេងៗ»។
លោកលើកឡើងថា វិបត្តិដែលកម្ពុជាក៏ដូចជាពិភពលោកកំពុងជួបប្រទះ អាចនឹងជាឧបសគ្គក្នុងការរារាំងការសម្រេចចិត្តរបស់ វិនិយោគិនពីក្រៅប្រទេស ឱ្យមានភាពស្ទាក់ស្ទើរ ឬតំអក់ក្នុងការមកបោះទុនវិនិយោគនៅកម្ពុជាផងដែរ បើទោះបីជាកម្ពុជាមានច្បាប់វិនិយោគ ដែលផ្តល់អំណោយផលដល់ការវិនិយោគបរទេស និងការអនុវត្តកិច្ចព្រមព្រៀងផ្សេងៗក៏ដោយ។
លោក សុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី អគ្គលេខាធិការ CDC បានថ្លែងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងបន្តខិតខំជំរុញ និងទាក់ទាញការវិនិយោគ តាមរយៈបន្តពង្រឹងយន្តការថែទាំវិនិយោគ និងការបន្តចូលរួមអនុវត្តនូវវិធានការកែទម្រង់នានា របស់រាជរដ្ឋាភិបាល ពិសេសវិធានការទាំងឡាយ ដែលសម្រួលដល់ការវិនិយោគសម្រាប់វិនិយោគិនក្នុង និងក្រៅប្រទេស។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល៩ខែនេះ ការវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានចំនួន៧គម្រោង មានទុនជាង១០៤លានដុល្លារ, វិស័យឧស្សាហកម្ម មានចំនួន១៣២ គម្រោង មានទុនជិត១៤០០លានដុល្លារ , វិស័យទេសចរណ៍មាន៣គម្រោង ដោយទទួលបានទុនជាង ១៦៤លានដុល្លារ និងហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗមាន៨ គម្រោង ទទួលបានទុនជិត១.៨ពាន់លានដុល្លារ៕