(ភ្នំពេញ)៖ លោក លីម ដឺលុច អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ បានលើកពីវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ និងណែនាំឲ្យភ្នាក់ងារសេវាកម្មពន្ធដារ ចូលរួមក្នុងការប្រើប្រាស់ប្រព័ន្ធ កម្មវិធីរបស់អគ្គនាយកដ្ឋានពន្ធដារ ឲ្យបានត្រឹមត្រូវ។
ការថ្លែងរបស់លោក លីម ដឺលុច ធ្វើឡើងក្នុងឱកាសដែលលោកតំណាងរបស់ គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ចូលរួមសិក្ខាសាលា ស្តីពី «កាតព្វកិច្ច និងសិទ្ធិរបស់អ្នកជាប់ពន្ធ និងភ្នាក់ងារសេវាកម្មពន្ធដារ បទល្មើសពន្ធដារ និងការសម្អាតប្រាក់» នៅសាលាជាតិពន្ធដារ សាលាជាតិពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ។
បន្ថែមពីនោះទៀត លោក លីម ដឺលុច ក៏បានសង្កត់ធ្ងន់លើតួនាទីរបស់ភ្នាក់ងារសេវាកម្មពន្ធដារ ក្នុងការជួយអ្នកជាប់ពន្ធឲ្យបំពេញកាតព្វកិច្ចឲ្យបានត្រឹមត្រូវ និងផ្តល់ចំណេះដឹងបន្តដល់អ្នកជាប់ពន្ធ។
កម្មវិធីសិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយចំណេះដឹងពាក់ព័ន្ធនឹងកាតព្វកិច្ចនិងសិទ្ធិរបស់អ្នកជាប់ពន្ធ កាតព្វកិច្ចនិងសិទ្ធិរបស់ភ្នាក់ងារសេវាកម្មពន្ធដារ បទល្មើសពន្ធដារ និងការសម្អាតប្រាក់ ជូនដល់អ្នកចូលរួមទាំងអស់ឱ្យទទួលបាននូវចំណេះដឹងពាក់ព័ន្ធនឹងប្រធានបទ និងអាចយកទៅប្រើប្រាស់បានក្នុងការអនុវត្តការងារប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាព។
រួមជាមួយគ្នានេះផងដែរ លោកវាគ្មិនបានធ្វើការពន្យល់ណែនាំយ៉ាងក្បោះក្បាយ និងស៊ីជម្រៅជូនអ្នកចូលរួមទាំងអស់ អំពីចំណុចគន្លឹះនៃផ្នែកនីមួយៗ ដូចជា៖
* កាតព្វកិច្ចចំនួន ០៨ និងសិទ្ធិចំនួន ០៨ របស់អ្នកជាប់ពន្ធ លក្ខណវិនិច្ឆ័យ និងលក្ខខណ្ឌក្នុងការក្លាយជាភ្នាក់ងារសេវាកម្មពន្ធដារ
* កាតព្វកិច្ច និងសិទ្ធិរបស់ភ្នាក់ងារសេវាកម្មពន្ធដារ ក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ ការពិន័យ បទល្មើស ទោសទណ្ឌរបស់ភ្នាក់ងារសេវាកម្មពន្ធដារ ព្រមទាំងបទល្មើសពន្ធដារ និងការសម្អាតប្រាក់ជាដើម៕