(ភ្នំពេញ)៖ អ្នកជំនាញទេសចរណ៍ និងអ្នកជំនួញនៅកម្ពុជា យល់ថាការសម្រេច​ដកចេញនូវវិធានការសុខាភិបាល សម្រាប់ជនបរទេស ដែលចូលមកប្រទេសកម្ពុជា គឺជាឱកាសអំណោយផលមួយទៀត សម្រាប់ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគិនពីក្រៅប្រទេសឱ្យមកកម្ពុជា ស្របពេលរាជរដ្ឋាភិបាល ​បានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗ ​ក្នុងការទាក់ទាញចរន្តភ្ញៀវទេសចរអន្តរជាតិ ឱ្យធ្វើដំណើរមកកម្សាន្តនៅកម្ពុជាប្រមាណ៧.៥លាននាក់ត្រឹមឆ្នាំ២០២៨។

ការលើកឡើងរបស់អ្នកជំនាញទេសចរណ៍ និងអ្នកជំនួញនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានសម្រេចបន្ដដកចេញវិធានការសុខាភិបាល សម្រាប់ជនបរទេសដែលចូលមកប្រទេសកម្ពុជាទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ដោយមិនតម្រូវឲ្យបង្ហាញ​សេចក្ដីប្រកាសសុខភាពរបស់អ្នកដំណើរបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពេញលេញ ពោលគឺចាប់ពីពេលនេះតទៅការចេញចូលនៅកម្ពុជា នឹងបើកទូលាយដូចធម្មតាទោះបីជាបានចាក់វ៉ាក់ ឬមិនបានវ៉ាក់សាំង ដោយគ្រាន់តែពិនិត្យកម្តៅលើអ្នកដំណើរមុននឹងចូលមកកម្ពុជាប៉ុណ្ណោះ។

លោក ធួន ស៊ីណា ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានថ្លែងថា ការដកនូវរបាំងបន្ថែមនេះ គឺជាការជួយសម្រួលយ៉ាងច្រើន សម្រាប់អ្នកធ្វើដំណើរអន្តរជាតិ និងវិស័យឯកជន បើធៀបទៅនឹងបណ្តាប្រទេសដទៃទៀត។ ការណ៍នេះ ​នឹងជួយជំរុញក៏ដូចជាលើកទឹកចិត្តដល់ភ្ញៀវទេសចរឱ្យកម្ពុជាបន្ថែមទៀត។​​

លោកបន្ថែមថា ប្រសិនបើវិបត្តិសកល​ នាពេលបច្ចុប្បន្នអាចគ្រប់គ្រងបាន ឬមិនកើតមានវិបត្តិផ្សេងទៀតនោះទេ កម្ពុជានឹងអាចឈានទៅសម្រេចបាននូវយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរ ដែលរាជរដ្ឋាបាលបានដាក់ចេញ​ យ៉ាងហោចណាស់ក៏៥០%ដែរ។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ស្របពេលដែលកម្ពុជា បានអនុវត្តកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មនានា បាន​ធ្វើឱ្យវិនិយោគបរទេសមានចំណាប់អារម្មណ៍​មកលើកម្ពុជា ហើយការសម្រេចរបស់រាជរដ្ឋាភិបាល លើការបើកចំហរនូវវិធានការសុខាភិបាលនេះ នឹងក្លាយជាចលករមួយទៀត សម្រាប់ទាក់ទាញវិនិយោគិន ក៏ដូចជាភ្ញៀវទេសចរបរទេស ឱ្យមកកាន់ប្រទេសកម្ពុជាកាន់តែច្រើន ក្នុងការមកសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា។

លោកបន្តថា ការបើកទូលាយ​ឱ្យមានការចេញចូលកម្ពុជាជាធម្មតានេះ បានសបញ្ជាក់ឱ្យឃើញថា ការដឹកនាំរបស់រាជរដ្ឋាភិបាល បានយកឈ្នះលើកូវីដ១៩ ។ ​

លោកមានប្រសាសន៍បន្ថែមថា «​យើងមើលបរិបទសកលសព្វថ្ងៃនេះ ការទប់ស្កាត់កូវីដមានវ៉ាក់សាំងចាក់ស្ទើរគ្រប់ប្រទេសហើយ ដែលបានបើកទូលាយបណ្តើរហើយនៅបរទេសនោះ ប៉ុន្តែមិនទាន់បើកទូលាយដូចកម្ពុជាទេ កម្ពុជាយើងមានលទ្ធភាពជាងគេ ដែលថ្នាក់ដឹកនាំរដ្ឋាភិបាលបានយកឈ្នះ ដោយសារការចាក់វ៉ាក់សាំង ជិត១០០% ដែលយើងរំពឹងថា ទោះបីឆ្លង​ក៏មិន​បណ្តាលឱ្យមានហានិភ័យខ្ពស់រហូតដល់ថ្នាក់បាត់បង់ជីវីតដែរ ដែលជាចំណុចមួយយើងមិនមានការបារម្ភធ្ងន់ធ្ងរទេ»

យោងតាមការព្យាករណ៍ ចុងក្រោយរបស់ក្រសួងទេសចរណ៍ ក្នុងឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិចាប់ពី ១.៥លាននាក់ទៅ២លាននាក់ ខណៈត្រឹមរយៈពេល៨ខែឆ្នាំ២០២២ ទេសចរអន្តរជាតិចូលមកកម្ពុជាមានជិត ១លាននាក់​​ កើនឡើង៧២០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។ តាមរយៈយុទ្ធស្រ្តដែលបានដាក់ចេញកាលពីពេលថ្មីៗនេះ កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរប្រមាណ​៧.៥ លាននាក់ត្រឹមឆ្នាំ ២០២៨៕