(ភ្នំពេញ)៖ លោកស្រី ជា សិរី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) បានលើកឡើងថា បច្ចុប្បន្ននេះ CBC កំពុងមានអំរែកយ៉ាងធំ និងធ្ងន់មួយ គឺការបម្រើសេវាហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាឆ្ពោះទៅចាប់យកឌីជីថលរូបីយកម្ម និងការវិភាគទិន្នន័យកម្រិតខ្ពស់។
ការលើកឡើងរបស់លោកស្រី ជា សិរី ធ្វើឡើងក្នុងកម្មវិធី អបអរសារទរខួប១០ឆ្នាំនៃការបង្កើត ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ដែលជាការិយាល័យឥណទានកម្ពុជា ដោយមានការចូលរួមពីលោកស្រី អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។
លោកស្រី ជា សិរី បានថ្លែងថា វត្តមានរបស់ CBC រយៈពេល១០ឆ្នាំមកនេះ បានរួមចំណែកជួយឲ្យវិស័យហិរញ្ញវត្ថុ និងទីផ្សារឥណទាន មានការរីកចម្រើនគួរឲ្យកត់សំគាល់ មិនតែប៉ុណ្ណោះបានជួយឲ្យប្រជាជនកម្ពុជា មានលទ្ធភាពទទួលបានឥណទានកាន់តែទូលំទូលាយ និងមានកំណើនជារៀងរាល់ឆ្នាំ អតិថិជនដែលទទួលបានឥណទានទាំងនោះ មិនត្រឹមទទួលបានឥណទានធ្វើអាជីវកម្មប៉ុណ្ណោះទេ តែមានលទ្ធភាពទិញសម្ភារៈចាំបាច់នានា ក្នុងការប្រើប្រាស់ផងដែរ។
លោកស្រីបានបញ្ជាក់ថា ក្នុងរយៈពេលដ៏ខ្លី CBC បានពង្រីកខ្លួនជាប្រព័ន្ធចែករំលែកព័ត៌មានទំនើប និងអភិវឌ្ឍន៍ពេញលេញ ក្នុងការចែករំលែកព័ត៌មានឥណទាន និងផ្ដល់សេវាកម្មបន្ថែមជាច្រើន។ បន្ថែមពីនេះ CBC មិនត្រឹមរក្សាទុកប្រវត្តិព័ត៌មានអវិជ្ជមានប៉ុណ្ណោះទេ តែថែមទាំងមានព័ត៌មានវិជ្ជមានជាច្រើន ក្នុងគោលបំណងលើកទឹកចិត្ត ការប្រើប្រាស់ឥណទានប្រកបដោយភាពទទួលខុសត្រូវរបស់អ្នកខ្ចី។
លោកស្រីបានបញ្ជាក់ថា «ទោះបីជា CBC បានវិវត្តន៍ខ្លួនបានយ៉ាងឆាប់រហ័សក៏ដោយ ក៏នៅតែបន្ដទស្សនៈវិស័យកាន់តែធំឡើងៗ ដោយសារតែ CBC មានអំរែកលើស្មាធំមួយ គឺការបម្រើសេវាហិរញ្ញវត្ថុកម្ពុជា ដែលទាមទារឲ្យយើងត្រូវសម្លឹងឆ្ពោះទៅមុខ ក្នុងការចាប់យកឌីជីថលរូបនីយកម្ម និងការវិភាគទិន្នន័យកម្រិតខ្ពស់ ដើម្បីអនុញ្ញាតឲ្យគ្រឹះស្ថានហិរញ្ញវត្ថុ អាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ»។
លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិ CBC បានថ្លែងថា ១០ឆ្នាំមកនេះ CBC បានខិតខំបង្កើតជាថ្នាល ក្នុងការគ្រប់គ្រងទិន្នន័យឥណទាននៅកម្ពុជា និងបានជួយដល់ស្ថាប័នហិរញ្ញវត្ថុ ជាសមាជិករបស់ CBC ចំនួន១៨១ស្ថាប័ន ដោយបានចាត់ទុកថា ការលើកកម្ពស់ការយល់ដឹងពីសុខភាពហិរញ្ញវត្ថុរបស់អតិថិជន ជាកត្តាអទិភាពផងដែរ។
លោកបានបបន្ដថា ដើម្បីបង្កើនការងាយស្រួល ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ CBC បានបង្កើតកម្មវិធីនានា ជាថ្នាលឌីជីថល ដើម្បីឲ្យសាធារណជនពិនិត្យសុខភាពហិរញ្ញវត្ថុរបស់ខ្លួនផងដែរ។
លោកស្រី អ៊ុក ម៉ាលី បានថ្លែងអបអរសារទរ ចំពោះការរៀបចំឡើងនៃខួប១០ឆ្នាំ នៃការបង្កើតការរិយាល័យឥណទានកម្ពុជា។ លោកស្រីថា CBC ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ ផ្ដល់ឥណទានប្រកបដោយការទទួលខុសត្រូវ ប្រសិទ្ធិភាពខ្ពស់ និងការប្រកួតប្រជែងដោយស្មើភាព ដើម្បីកាត់បន្ថយហានិភ័យដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។
ក្នុងឱកាសនោះដែរ ក៏មានការសម្ពោធជាផ្លូវការ នូវភាពជាដៃគូផ្តល់សេវាវាយតម្លៃអចលនទ្រព្យតាមប្រព័ន្ធឌីជីថល រវាង CBC ជាមួយក្រុមហ៊ុន Vtrust ដែលនឹងផ្តល់ភាពងាយស្រួលដល់សមាជិក CBC ប្រើប្រាស់ប្រព័ន្ធទិន្នន័យវាយតម្លៃអចលទ្រព្យនេះ ក្នុងការផ្តល់កម្ចី។
របាយការណ៍របស់ CBC បានបញ្ជាក់ថា មកដល់ឆ្នាំ២០២២នេះចំនួនអ្នកប្រើប្រាស់កម្ចី ៤.៦៧លាននាក់ក្នុងស្ត្រី ២.៤៨លាននាក់ ស្មើ ៥៣% និងបុរស ២.១៩លាននាក់ ស្មើ ៤៧%៕