(ភ្នំពេញ)៖ លោក អៀង សុធារ៉ា ដែលជាពាណិជ្ជករល្បីឈ្មោះមួយរូប នៅក្នុងប្រទេសកម្ពុជា បាននិយាយថា ម្ចាស់ក្រុមហ៊ុនទាំងឡាយគួរពិចារណាសរសេរពាក្យស្លោកនៅកន្លែងធ្វើការ ឲ្យបុគ្គលិកបានអាន និងឈានទៅដល់ការគោរព អនុវត្ដឲ្យបាននូវ«សីល៥» ដើម្បីឲ្យក្នុងក្រុមហ៊ុន កាន់តែមានការរីកចម្រើនក្នុងមុខជំនួញ។
ក្នុងបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News លោក អៀង សុធារ៉ា បានលើកឡើងថា «សីល» មានន័យថា ការវៀរចាកនូវអំពើអាក្រក់ទាំងឡាយទាំងពួង ដោយកាយ និងវាចា។ «សីល» ក៏មានន័យថាជាមាយាទល្អ, សេចក្ដីល្អ, សណ្ដាប់ធ្នាប់, វិន័យ និងប្រក្រតីជាដើម -ល-។
លោក អៀង សុធារ៉ា បានគូសបញ្ជាក់ថា តាមនិយមន័យសង្ខេបនេះ បើសិនជាមនុស្សណាម្នាក់រក្សាសីល មានន័យថា មនុស្សម្នាក់នោះវៀរចាកនូវអំពើអាក្រក់ដោយ «កាយ» និង «វាចា» ឬក៏មានន័យថា អ្នករក្សា សីល ធ្វើតែអំពើល្អ ប្រព្រឹត្ដតែអំពើល្អ ដោយកាយ និងវាចា ដូច្នេះអ្នកនោះ គឺជាមនុស្សមានមាយាទល្អ ប្រកបដោយសេចក្ដីល្អ, ជាមនុស្សមានសណ្ដាប់ធ្នាប់ និងប្រក្រតី។ ដើម្បីងាយយល់អំពី «សីល» លោក បានលើកជាឧទាហរណ៍នូវ «សីល៥» ដែលមនុស្សភាគច្រើនបានឮ ដែលមានន័យថា៖ (វៀរចាក) មិនសម្លាប់, មិនលួច, មិនប្រព្រឹត្តខុសក្នុងកាម, មិនកុហក, មិនសេពសុរា។ លោកថា ក្នុងក្រុមហ៊ុនមួយ បុគ្គលិកនៅក្នុងក្រុមហ៊ុនទាំងអស់ គួរមាន «សីល៥»៖
1. មិនសម្លាប់៖ ទោះបីជាគាត់មិនសប្បាយរឿងអ្វីក៏ដោយ ក៏គាត់មិនធ្វើអំពើនេះ
2. មិនលួច៖ ដោយគាត់មិនលួចពេលវេលារបស់ក្រុមហ៊ុន, លួចកេងប្រវ័ញ្ចពីក្រុមហ៊ុន និងមិន មានការស៊ីសំណូកគ្នា នៅក្នុងក្រុមហ៊ុន
3. មិនខុសក្នុងកាម៖ មិនប្រព្រឹត្តខុសក្នុងសេចក្តីស្នេហាលើបុរស-ស្ត្រី ដែលមានស្វាមីភរិយាហើយ តែ មានការស្រលាញ់រាប់អានគ្នាដោយមេត្តាចិត្ត នៅក្នុងក្រុមហ៊ុន
4. មិនកុហក៖ មិនមានអ្នកភូតកុហក ឆបោក នៅក្នុងក្រុមហ៊ុន
5. មិនសេពសុរា៖ មិនមានអ្នកផឹកស្រាស្រវឹងនៅក្នុងក្រុមហ៊ុន និងមិនមានអ្នកប្រើប្រាស់គ្រឿងញៀន ជាដើម-ល-។
លោក អៀង សុធារ៉ា បានបញ្ជាក់ថា បើសិនជាក្រុមហ៊ុនមួយ មានបុគ្គលប្រព្រឹត្ដតាម «សីល៥» នេះ បានកាន់តែច្រើន នឹងធ្វើឲ្យក្រុមហ៊ុននោះកាន់តែមានការរីកចម្រើន និងធ្វើឲ្យមនុស្សទាំងអស់នៅក្នុងក្រុមហ៊ុនសប្បាយរីករាយ និងគ្មានទោសទណ្ឌឡើយ។ ចំពោះគ្រួសារ ទាំងឪពុក-ម្ដាយ ទាំងកូន-ចៅ បើរក្សាបាននូវ «សីល៥» នឹងជួយធ្វើឲ្យគ្រួសារនោះ មានសេចក្ដីថ្លៃថ្នូរល្អ មានគេគោរពស្រលាញ់ និងទុកចិត្ដ។ ចំពោះបុគ្គល កាលណាយើងម្នាក់ៗ រៀបចំខ្លួន ឲ្យបានល្អទៅតាម «សីល៥» ក៏មានគេគោរពស្រលាញ់ និងទុកចិត្ដ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក អៀង សុធារ៉ា។
បន្ថែមពីនោះទៀត លោក អៀង សុធារ៉ា បានឲ្យដឹងថា នៅក្រុមហ៊ុននីមួយៗ គួរតែសរសេរ ឬដាក់ពាក្យ ស្លោក ឲ្យបុគ្គលិកទាំងអស់គោរពអនុវត្ដឲ្យបាននូវ «សីល៥» ដើម្បីបុគ្គលិកជៀសវាងប្រព្រឹត្ដអ្វីៗដែល មិនគប្បី តែប្រព្រឹត្ដតែអ្វីដែលជាអំពើល្អ។ ព្រោះថា បើសិនជាធ្វើបែបនេះបាន លោកជឿថា បុគ្គលនៅក្នុងសង្គម ទាំងគ្រួសារ និងសង្គម ទាំងក្រុមហ៊ុន និងស្ថាប័ននានានោះ អំពើអាក្រក់ទាំងឡាយទាំងពួង នឹងមានការថយចុះ ហើយរាជរដ្ឋាភិបាលក៏មានការសប្បាយចិត្ដ ពីព្រោះរាជរដ្ឋាភិបាលមិនចង់ឃើញប្រជាពលរដ្ឋណា មានទោសទណ្ឌ និងមានការលំបាកនោះទេ។
លោក អៀង សុធារ៉ា បានគូសបញ្ជាក់ថា «សីល៥» បើសិនជាអនុវត្ដបាន គឺមានការចំណេញច្រើន ដោយ ចំណេញជាសេដ្ឋកិច្ច, ចំណេញជាសាមគ្គីភាព, ចំណេញជាសង្គម, ចំណេញជាគ្រួសារ, ចំណេញជាស្ថាប័ន និង ចំណេញជាក្រុមហ៊ុន។ លោកបានសូមឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនទាំងអស់ ពិចារណា និងយកចិត្ដ ទុកដាក់លើការយក «សីល៥» ទៅអនុវត្ដនៅក្នុងក្រុមហ៊ុន ដើម្បីបានសេចក្ដីសុខ សេចក្ដីចម្រើន និងមាន ប្រយោជន៍ ទាំងអស់គ្នា៕