(ភ្នំពេញ)៖ សហគ្រិនវ័យក្មេងកម្ពុជា១១៦រូប នៃក្រុម BNI Super កាលពីម្សិលមិញ បានជួបជុំគ្នានៅសណ្ឋាគារលំដាប់ផ្កាយប្រាំ Hyatt Regency ដើម្បីចែករំលែកបទពិសោធការគ្រប់គ្រងអាជីវកម្មរៀងៗខ្លួន ដែលធ្វើឲ្យអាជីវកម្មរបស់ពួកគេរួចជីវិតពីការយាយីដោយវិបត្តិកូវីដ១៩ ដែលប្រទេសកម្ពុជា និងលើពិភពលោក រងផលប៉ះពាល់យ៉ាងដំណំ។
ក្នុងកម្មវិធីជួបជុំ Super Fashion Night ដែលតុបតែងខ្លួនដូចទៅនឹងវិនិយោគិនខ្មែរទសវត្ស៦០ លោក ស៊ី សុភក្ដិ នាយកប្រតិបត្តិ BNI ភ្នំពេញតំបន់២ បានគូសបញ្ជាក់ថា ក្នុងបរិបទកូវីដ អ្វីដែលធ្វើឱ្យម្ចាស់អាជីវកម្មទាំងអស់រស់រានបានគឺការបង្កើនគុណតម្លៃអាជីវកម្ម ប្រសិទ្ធភាពអាជីវកម្ម និងសេវាកម្ម ការបណ្តុះបណ្តាលសមត្ថភាពម្ចាស់អាជីវកម្មជាប្រចាំ និងការបង្កើត និងបង្កើនបណ្តាញទំនាក់ទំនងដ៏ធំទូលាយដែលម្ចាស់អាជីវកម្មគ្រប់រូបត្រូវការចាំបាច់ព្រោះថា ចំណុចទាំងនេះហើយដែលម្ចាស់អាជីវកម្ម ឬសហគ្រិនអន្តរជាតិជាពិសេសនៅអាមេរិក បានអនុវត្តដើម្បីឱ្យអាជីវកម្មអាចឈរជើងបានរាប់សិបឆ្នាំ និងពង្រីកខ្លួនកាន់តែធំដែលពេលខ្លះ ដល់កម្រិតពិភពលោកក៏មាន។
ចំណែក លោក ឈាង ស៊ីដេត ប្រធានក្រុម BNI Super បានគូសបញ្ជាក់ថា កម្មវិធីជួបជុំនាពេលនេះ គឺធ្វើឡើងដើម្បីអបអរដល់ម្ចាស់អាជីវកម្មទាំង១១៦រូប ដែលជាម្ចាស់សហគ្រាសខ្នាតតូចនិងមធ្យម ដែលទទួលបានភាពជោគជ័យលើការដឹកនាំអាជីវកម្មរបស់ខ្លួន ក្នុងរយៈពេលពេញ១ឆ្នាំមកនេះ ក្នុងបរិបទកូវីដ១៩ ដែលពោពេញដោយ ភាពស្មុគស្មាញ និងលំបាកលំបិន។
លោកបានបន្ថែមថា សហគ្រិនខ្មែរទាំងអស់ ក្នុងក្រុម BNI Super បានជំនះការលំបាក ដោយជ្រោមជ្រែងអាជីវកម្មរបស់ពួកគេកុំឱ្យក្ស័យធន តាមរយៈប្រព័ន្ធធុរកិច្ចរបស់អាមេរិក បើទោះបីជាម្ចាស់សហគ្រាសទាំងអស់ បានឆ្លងកាត់បរិការណ៍ដ៏ លំបាក និងឥទ្ធិពលពីជំងឺរាតត្បាតកូវីដ ១៩ ដែលបានវាយប្រហារកម្ពុជា និងពិភពលោកទាំងមូលក៏ដោយក្តី។
ក្នុងពេលដែលប្រទេសកម្ពុជា និងពិភពលោក ចាប់ផ្តើមផ្ទុះនូវការរីករាលដាលជំងឺកូវីដ១៩ មានការបិតប្រទេស និងជើងហោះហើរ វិស័យធុរកិច្ចមួយចំនួនធំ ជាពិសេសទេសចរណ៍ បានប៉ះពាល់យ៉ាងខ្លាំងក្លា។ ក្នុងពេលដ៏ស្មុគស្មាញនេះ សហគ្រិនមួយក្រុមនេះ បែរជាបង្កើតសាច់ប្រាក់ដើម្បីទ្រង់ទ្រង់អាជីវកម្មក្រុមបានប្រមាណជិត៦លានដុល្លារអាមេរិក (៥,៦លានដុល្លារអាមេរិក) ក្នុងរយៈពេល១ឆ្នាំ ដោយគិតចាប់ពីខែកញ្ញាឆ្នាំ២០២១-ដល់ខែកញ្ញាឆ្នាំ២០២២។
លោក ឈាង ស៊ីដេត ជាមួយភាពជោគជ័យក្នុងកម្រិតប៉ុណ្ណេះ វាបានធ្វើឱ្យសហគ្រិនខ្នាតតូច និងមធ្យមរបស់ក្រុមនេះ អាចបន្តជំនះការបិទទ្វាអាជីវកម្មក្នុងបរិបទកូវីដដែលអាចជាសញ្ញាណដ៏ប្រសើរបំផុត សម្រាប់សង្គមសេដ្ឋកិច្ចនៅកម្ពុជា។
លោកបានបន្តថា បើសហគ្រិនទាំងជាង១០០រូប បិទទ្វាអាជីវកម្មនោះ វានឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមជាតិមួយកម្រិតបន្ថែមទៀត ទៅលើការប៉ះពាល់ដែលមានស្រាប់ព្រោះថា សហគ្រាសក៏ដូចជា អាជីវកម្មខ្នាតតូច និងមធ្យមជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ហើយបន្តអាជីវកម្មនេះ គឺជាការបង្កើតការងារជូនពលរដ្ឋកម្ពុជា ពេញកម្លាំង ដែលកំពុងត្រូវការប្រាក់ចំណូលយ៉ាងចាំបាច់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារក្នុងបរិបទកូវីដ។
សូមបញ្ជាក់ថា ក្រុម BNI Super គឺជាក្រុមម្ចាស់អាជីវកម្មដែលមានសក្តានុពលខ្លាំងដែលបានបង្កើនសាច់ប្រាក់សម្រាប់សមាជិកក្នុងក្រុមរហូតដល់ជិត៦លានដុល្លារ តាមរយៈការប្រើប្រាស់ប្រព័ន្ធធុរកិច្ចរបស់សហរដ្ឋអាមេរិកក្នុងការ ពង្រឹងពង្រីកអាជីវកម្មឱ្យឈានដល់កម្រិតស្តង់ដារអន្តរជាតិដូច នៅសហរដ្ឋអាមេរិក និងពិភពលោក៕