(មូស្គូ)៖ សហភាពធុរកិច្ចធំមួយរបស់រុស្ស៊ីបានអំពាវនាវកាលពីថ្ងៃសុក្រឱ្យធនាគារកណ្តាលរុស្ស៊ី បង្កើនការទិញប្រាក់យ័នចិនសម្រាប់ធ្វើជាប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួនក្នុងគោលបំណងរក្សាស្ថិរភាពប្រាក់រូបរុស្ស៊ី ដែលងាយនឹងប្រែប្រួលតម្លៃខ្លាំង ហើយបាននិងកំពុងជួញដូរក្នុងតម្លៃខ្ពស់មួយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
សហភាពឧស្សហកម្ម និងសហគ្រិនរុស្ស៊ី (RSPP) បានឱ្យដឹងថា រុស្ស៊ីចាំបាច់ត្រូវបង្កើនការទិញប្រាក់យ័ន និងរូបិយប័ណ្ណផ្សេងៗពី «ប្រទេសជាមិត្ត» ផ្សេងទៀត ដើម្បីជួយ «រក្សាស្ថិរភាព»តម្លៃរូបិយប័ណ្ណរុស្ស៊ី។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ប្រាក់រូបបានឡើងថ្លៃដោយសារការគ្រប់គ្រងមូលធនដ៏តឹងរឹងរបស់ទីក្រុងម៉ូស្គូ និងការធ្លាក់ចុះការនាំចូល។ ក្រុមហ៊ុនអាជីវកម្មនានាក្នុងរុស្ស៊ីបានឱ្យដឹងថា ការឡើងថ្លៃរូបិយប័ណ្ណប៉ះពាល់ដល់ការប្រកួតប្រជែងខាងផ្នែកពាណិជ្ជកម្មរបស់ពួកគេ ហើយរដ្ឋាភិបាលរុស្ស៊ីចង់បានអត្រាប្តូរប្រាក់ក្នុងចន្លោះពី ៧០ ទៅ ៨០រូបក្នុងមួយដុល្លារ។
កាលពីថ្ងៃសុក្រ រូបិយប័ណ្ណរូបត្រូវបានជួញដូរក្នុងតម្លៃចន្លោះពី ៥៣,២ ទៅ ៥៨,៣៥រូបក្នុងមួយដុល្លារ៕